Advertisement
កំណើនសេដ្ឋកិច្ច

កំណើនសេដ្ឋកិច្ច ៧% ជាង២០ឆ្នាំមកនេះ តើប្រជាជនកម្ពុជាចំណេញអ្វីខ្លះ?


កំណើនសេដ្ឋកិច្ចកម្ពុជាមានការកើនឡើងជុំវិញ ៧% ជារៀងរាល់ឆ្នាំ ក្នុងរយៈពេល២០ឆ្នាំកន្លងមកហើយ។ កំណើននេះ ត្រូវបានប្រជាពលរដ្ឋ អ្នកជំនាញ អ្នកតាមដានសង្គមសេដ្ឋកិច្ច ចោទជាសំណួរថា តើការអភិវឌ្ឍប្រទេសកម្ពុជាមានការរីកចម្រើន តាមរយៈកំណើនសេដ្ឋកិច្ចល្អប្រសើរជារៀងរាល់ឆ្នាំនេះ នឹងបានជួយកាត់បន្ថយគម្លាតជីវភាព រវាងអ្នកក្រ និង អ្នកមិនក្របានកម្រិតណាខ្លះ? ចុះគម្លាតជីវភាពអ្នកទីក្រុង និង អ្នកជនបទមានកម្រិតណា? ហើយកំណើនសេដ្ឋកិច្ច​៧ភាគរយនេះ តើប្រជាជនកម្ពុជា ពិសេសប្រជាពលរដ្ឋដែលរស់នៅឯជនបទចំណេញអ្វីខ្លះពីកំណើនសេដ្ឋកិច្ច?
ភ្នំពេញប្រែក្លាយពីគំនរផះផង់កាលពី៣ទសវត្សរ៍មុន បច្ចុប្បន្នក្លាយជាបេះដូងនៃសេដ្ឋកិច្ចកម្ពុជា (រូបភាព៖ Quantum Communications)
ដោយ និង
Advertisement

ពាក់ព័ន្ធទៅនឹងសំណួរខាងលើនេះ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលជាអ្នកជំនាញរៀបចំគោលនយោបាយសេដ្ឋកិច្ចជាតិ បានធ្វើការបកស្រាយយ៉ាងខ្លីថា អ្វីៗបានមកពីកំណើនសេដ្ឋកិច្ច យើងត្រូវតែធ្វើឲ្យមានកំណើនសិន ហើយផលសេដ្ឋកិច្ចដែលបានមកពីកំណើនសេដ្ឋកិច្ច៧%នេះ មិនមែនយកលុយទាំងដុំទៅចែកជូនដល់ប្រជាពលរដ្ឋកម្ពុជានោះទេ។

ប៉ុន្តែ ផលសេដ្ឋកិច្ចដែលបានមកពីកំណើនសេដ្ឋកិច្ចនេះ ត្រូវបានបែងចែកផលលាភតាមរយៈការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍនៅក្នុងវិស័យអប់រំ សុខា​ភិបាល ដំឡើងប្រាក់ខែដល់មន្ត្រីរាជការបម្រើសេវាកម្មសាធារណៈដោយឥតគិតថ្លៃដល់ប្រជាជនជាដើម។ ឯកឧត្តម វស្សី វិស្សុត បានបន្តថា ការបែងចែកផលកំណើនសេដ្ឋកិច្ចគឺសំខាន់ត្រូវបង្កើតការងារ កាលណាមានការងារមានប្រាក់ចំណូលហើយនោះ ប្រជាជននឹងទទួលបានផលចំណេញ។ 

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រូបនេះ បានគូសបញ្ជាក់ដែរថា បើពិនិត្យទៅមើលវិសមភាពរវាងជីវភាពប្រជាជនអ្នកមាន និងអ្នកក្រនៅកម្ពុជា ធៀបនឹងប្រទេសដែលមានសេដ្ឋកិច្ចប្រហាក់ប្រហែល រួមទាំងប្រទេសមានសេដ្ឋកិច្ចខ្លាំងជាងយើងផង ដូចជាថៃជាដើមនោះ គិតត្រឹម១០ឆ្នាំចុងក្រោយនេះ កម្ពុជាមានប្រជាជនក្រីក្រភាគច្រើន បានទទួលផលបែងចែកភាគលាភ ពីកំណើនសេដ្ឋកិច្ចច្រើនជាងប្រទេសទាំងនោះទៀតផង។ នេះបើតាមរបាយការណ៍គូសបញ្ជាក់ពីធនាគារពិភពលោក។

ឯកឧត្តម វង្សី វិស្សុត បានបន្ថែមទៀតថា យន្តការនៃការបែងចែករបស់រដ្ឋតាមរយៈថវិកាជាតិ ទី១ ខាងផ្នែកពន្ធដារ រដ្ឋអត់យកពន្ធលើប្រាក់ខែ អ្នករកស៊ីតូចតាច ពន្ធភាស៊ី សេវាសាធារណៈត្រូវបានលុបអស់។ ប៉ុន្តែ ជំនួសមកវិញនូវការយកពន្ធកាន់តែច្រើនពីអ្នកវិនិយោគធំៗ ពីព្រោះអ្នករកស៊ីធំៗទាំងអស់នោះ ចំណេញច្រើនពីផលសេដ្ឋកិច្ច។ 

និយាយជារួម ការបែងចែកផលលាភទៅដល់ប្រជាជនតាមរយៈកំណើនសេដ្ឋកិច្ច ៧%នេះ គឺរដ្ឋបានចំណាយនិងវិនិយោគអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យធ្វើយ៉ាងណាឲ្យជីវភាពប្រជាពលរដ្ឋរស់នៅបានសមរម្យ។

នាពេលកន្លងមក ធនាគារពិភពលោកបានផ្តល់ជាសារដ៏សំខាន់មួយ គឺដើម្បីឲ្យកម្ពុជានៅបន្តរក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួន គឺត្រូវបង្កើនផលិតភាពការងាររបស់ខ្លួនដើម្បីឆ្លើយតបនឹងការដំឡើងប្រាក់ឈ្នួលយ៉ាងឆាប់រហ័ស និងការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនក្រីក្រ។

ឯកឧត្តម វង្សី វិស្សុត បានអះអាងថា នៅឆ្នាំ ២០១៧កន្លងទៅ តាមការឆ្លុះបញ្ចាំង និងប៉ាន់ស្មានចុងក្រោយនេះ បានបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា អាចកើនឡើងលើសពីការព្យាករបស់ស្ថាប័នអន្តរជាតិ ពោលគឺអាចកើនឡើងដល់ ៧% ខណៈដែលការព្យាករថា មានត្រឹមប្រមាណ៦,៩% ប៉ុណ្ណោះ។

ឯកឧត្តម បានគូសបញ្ជាក់ទៀតថា ក្រសួងសេដ្ឋកិច្ចបានព្យាករទៀតថា នៅឆ្នាំ២០១៨នេះ សេដ្ឋកិច្ចកម្ពុជា នឹងរក្សាបានកំណើន៧%ដដែល ខណៈដែលឆ្នាំ​២០១៩អាចនឹងកើនដល់៧,១%។ ជាមួយគ្នានេះ ទំហំផលទុនសរុបក្នុងស្រុករបស់កម្ពុជា នៅឆ្នាំ២០១៨នេះ ត្រូវបានព្យាករថា នឹងមានកំណើនរហូតដល់​​២៥​ពាន់លានដុល្លារអាមេរិក ខណៈដែលចំណូលសម្រាប់ប្រជាជនម្នាក់ នឹងកើនឡើងពី ១៤២៧ ដុល្លារអារមិកនៅឆ្នាំ២០១៧ ដល់ ១៥៦៣ ដុល្លារអាមេរិក នៅឆ្នាំ២០១៨នេះ។ 

រីឯទុនបម្រុងអន្តរជាតិមានរហូតដល់ជិត១០ពាន់លានដុល្លារអារិក ដែលអាទ្រទ្រងការនាំចូលបានរហូតដល់ជាង៦ខែ។ កំណើន​​​សេដ្ឋកិច្ច​​​លូតលាស់​​ខ្លាំងនេះ ត្រូវបានជំរុញដោយកត្តាវិស័យសំខាន់ដូចជា វិស័យឧស្សាហកម្ម ដែលក្នុងនោះមានអនុវិស័យកាត់ដេរ និងសំណង់ ជាខ្នងបង្អែកដ៏រឹងមាំ រួមជាមួយនឹងវិស័យសេវាកម្ម ដែលមានអនុវិស័យទេសចរណ៍នៅពីក្រោយ និងវិស័យកសិកម្មជាដើម។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺវិស័យឧស្សាហកម្មរបស់កម្ពុជានៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានសន្ទុះកើនឡើងខ្លាំង ខណៈដែលវិស័យកសិកម្មកាន់តែកំណើន ថយចុះគួរឲ្យកត់សម្គាល់។ ក្នុងបរិការណ៍នេះ ក៏បានប្រែក្លាយកម្ពុជាពីប្រទេសដែលធ្លាប់​ពឹងផ្អែកលើវិស័យកសិកម្មមកជាប្រទេសដែលរស់ពឹងផ្អែកលើវិស័យឧស្សាហកម្មទាំងបច្ចុប្បន្ន និងអនាគត។

ក្រៅពីនេះ ក៏មានមានកត្តាខាងក្រៅមួយចំនួនទៀត ដែលនឹងជំរុញឲ្យសេដ្ឋកិច្ចរបស់កម្ពុជានៅតែរក្សាបានកំណើនខ្ពស់ រួមមាន កត្តាលក្ខខណ្ឌសេដ្ឋកិច្ចសកលលោកកំពុងមាននិន្នាការកាន់តែមានភាពប្រសើរឡើង ដែលវានឹងជួយរុញសេដ្ឋកិច្ចរបស់កម្ពុជាឲ្យកាន់តែមានភាពខ្លាំងឡើងដែរ ដោយសារតែ កម្ពុជាយើងមានលក្ខខណ្ឌសេដ្ឋកិច្ចបើកចំហរទៅកាន់ទីផ្សារសកល។ តួយ៉ាង ទំហំពាណិជ្ជកម្មរបស់កម្ពុជា មានរហូតដល់ជាង១១០%នៃ GDP សរុបរបស់ប្រទេស។

សូមជម្រាបដែរថា បើយើងពិនិត្យទៅមើលទំហំការនាំចេញនាំចូលរបស់កម្ពុជា នៅឆ្នាំ២០១៧កន្លងទៅនេះ សម្រេចបានប្រមាណជាង២៥ពាន់លានដុល្លារ ក្នុងនោះ ការនាំចេញមានជិត១១ពាន់លានដុល្លារ ដែលមានកំណើនប្រចាំឆ្នាំជាង១៧% ហើយបើតាមការព្យាករនៅឆ្នាំ២០១៨ កំណើនការនាំចេញនេះ នឹងកើនដល់ ជាង១២ពាន់ លានដុល្លារ ឬស្មើនឹងកំណើនប្រចាំឆ្នាំជាង១៣%។ ដោយឡែក ការនាំចូលរបស់កម្ពុជានៅឆ្នាំ២០១៧វិញ មានជាង១៤ពាន់លានដុល្លារអាមេរិក ស្មើនឹងកំណើនប្រចាំឆ្នាំជាង១២% ហើយបើតាមការព្យាករនៅឆ្នាំ២០១៨នេះ កំណើនការនាំចូលនឹងកើនដល់ជិត១៦ពាន់លានដុល្លារ ស្មើនឹងកំណើនប្រចាំឆ្នាំប្រមាណជិត១២%។

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើគួរត្រៀមអ្វីខ្លះ ដើម្បីទៅព្យាបាលជំងឺនៅប្រទេសថៃ?

ព័ត៌មាន
បច្ចុប្បន្ន មានពលរដ្ឋខ្មែរជាច្រើននៅតែបន្តសម្រុកទៅព្យាបាលជំងឺនៅក្រៅប្រទេស ពីព្រោះ ពួកគេ ហាក់លែងទុកចិត្តប្រព័ន្ធសុខាភិបាលនៅកម្ពុជា។ មិនមែនតែ...

រៀនភ្លេងធ្វើឲ្យយើងចងចាំបានល្អនិងមានភាពវាងវៃ

ព័ត៌មាន
អ្នកស្រី ហ៊ុន ជាឡេង អ្នកគ្រប់គ្រងសាលាតន្ដ្រី និង សិល្បៈ Simphony ដែលជាសាលាបណ្ដុះបណ្តាលតន្ដ្រីដល់កុមារកម្ពុជាដ៏លេចធ្លោមួយនៅទីក្រុងភ្នំពេញអស...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ