សុខភាព-ថៃ

តើគួរត្រៀមអ្វីខ្លះ ដើម្បីទៅព្យាបាលជំងឺនៅប្រទេសថៃ?


បច្ចុប្បន្ន មានពលរដ្ឋខ្មែរជាច្រើននៅតែបន្តសម្រុកទៅព្យាបាលជំងឺនៅក្រៅប្រទេស ពីព្រោះ ពួកគេ ហាក់លែងទុកចិត្តប្រព័ន្ធសុខាភិបាលនៅកម្ពុជា។ មិនមែនតែពលរដ្ឋសាមញ្ញនោះទេ ដែលមិនសូវទុកចិត្តលើប្រព័ន្ធសុខាភិបាលនៅកម្ពុជានោះ សូម្បីតែព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជា ក៏គេសង្កេតឃើញថា បានធ្វើដំណើរទៅពិនិត្យ ឬព្យាបាលជំងឺនៅក្រៅប្រទេសផងដែរ។
អ្នកជំងឺអង្គុយរង់ចាំការពិនិត្យព្យាបាលនៅមន្ទីរពេទ្យជូឡាឡុងកនប្រទេសថៃ (រូបភាព៖ រ៉ឹម ភារី)
ដោយ

អ្នកមានទ្រព្យស្ដុកស្តម្ភ ច្រើនតែជ្រើសរើសប្រទេសសិង្ហបុរី ដើម្បីជាកន្លែងព្យាបាល ឬត្រួតពិនិត្យសុខភាពជាប្រចាំ។ ចំណែកពលរដ្ឋដែលមានជីវភាពបង្គួរ ពួកគេជ្រើសរើសមន្ទីរពេទ្យប្រទេសថៃ និងប្រទេស វៀតណាម ខណៈពលរដ្ឋក្រីក្រ និងមានចំណូលមធ្យម ពួកគេមិនធ្វើដំណើរទៅព្យាបាលនៅក្រៅប្រទេសឡើយ។   

តើគួរត្រៀមអ្វីខ្លះ ដើម្បីបានព្យាបាលជំងឺនៅប្រទេសថៃ? នេះជាសំណួររបស់អ្នកជំងឺនៅកម្ពុជា ដែលមានបំណងចង់ទៅព្យាបាលជំងឺនៅប្រទេសថៃ តែងតែមានចម្ងល់។ 

អ្នកជំងឺទាំងជនជាតិថៃ និងបរទេស កំពុងរង់ចាំពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យជូឡាឡុងកនក្នុងរាជធានីបាងកក (រូបថត៖ រ៉ឹម ភារី)

បើតាមបទពិសោធផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលបាននាំសាច់ញាតិ ទៅព្យាបាលជំងឺនៅប្រទេសថៃ ដែលធ្វើដំណើរតាមផ្លូវគោក ដោយឆ្លងកាត់ច្រកអន្ដរជាតិប៉ោយប៉ែត គឺត្រូវមានលិខិតឆ្លងដែន (ប្រភេទ passport អ្នកទេសចរ ដែលគេអនុញ្ញាតឲ្យចូលប្រទេសថៃរយៈពេល១៤ថ្ងៃ) ពេលទៅដល់ហើយ នគរបាលព្រំដែនកម្ពុជា នឹងបំពេញបែបបទចេញក្រៅប្រទេស ដោយបង់ប្រាក់៥០បាត ឬ១ដុល្លារក្នុងម្នាក់ ខណៈនគរ​បាលព្រំដែនថៃវិញ ពួកគេបំពេញបែបបទឲ្យចូលប្រទេសរបស់គេដោយមិនគិតប្រាក់ឡើយ។ មួយវិញទៀត អ្នកជំងឺ ក៏គួរតែដូរ​លុយបាត​(លុយថៃ) ទុកប្រើប្រាស់ពេលទៅដល់ប្រទេសថៃ ពីព្រោះ ខុសពីកម្ពុជា ប្រទេសថៃ មិនចាយលុយដុល្លារឡើយ។

តាមពិតទៅ លោកអ្នកមានជម្រើសច្រើនក្នុងការជ្រើសរើសមន្ទីរពេទ្យនៅប្រទេសថៃ ដូចជា នៅតាមបណ្តាខេត្ត និងរាជធានីបាងកក។ មន្ទីរពេទ្យនៅខេត្តសាកែវ ដែលជាខេត្តថៃជាប់ទឹកដីកម្ពុជា ក៏សម្បូរពលរដ្ឋខ្មែរទៅព្យាបាលដែរ។ រីឯពលរដ្ឋខ្លះទៀត ក៏ជ្រើសរើសយកមន្ទីរពេទ្យខេត្តសុរិនប្រទេសថៃ ពីព្រោះ នៅមិនឆ្ងាយប៉ុន្មានពីទឹកដីកម្ពុជា។ ដោយឡែក ខ្ញុំឯនេះវិញ គឺបានជ្រើសរើសយកមន្ទីរពេទ្យជូឡាឡុងកននៅក្រុងបាងកក។ 

ធ្វើដំណើរតាមរថយន្តពីខេត្តសាកែវទៅរាជធានីបាងកក ប្រហែលពី៤០០ទៅ៥០០គីឡូម៉ែត្រ ខ្ញុំបានទៅដល់រាជធានីបាងកក។ មន្ទីរពេទ្យ ជូឡាឡុងកន ដែលគេហៅថា ជាពេទ្យរបស់រដ្ឋ មានកម្ពស់ខ្ពស់ និងធំទូលាយប្រកបដោយឧបករណ៍ទំនើប ដូចជា ជណ្តើរយន្ត រទេះដឹកអ្នកជំងឺចាស់ៗ និងសម្ភារៈជាច្រើនទៀត ពោល គឺសាកសមដូចគេល្បីមែន។

សម្រាប់អ្នកពុំមានបងប្អូនដែលចេះភាសាថៃ គឺគួរតែរកអ្នកបកប្រែភាសាថៃម្នាក់ ដើម្បីនាំទៅព្យាបាល ពីព្រោះ ជនជាតិថៃ ហាក់ដូចជាមិនសូវប្រើភាសាបរទេសផ្សេងក្រៅពីភាសាកំណើតរបស់ពួកគេឡើយ។   នៅទីនេះ ក៏មានពលរដ្ឋខ្មែរ ដែលរកស៊ីផ្នែកបកប្រែ និងណែនាំអ្នកជំងឺឲ្យទទួលបានការព្យាបាលផងដែរ ដោយក្នុងមួយថ្ងៃ ពួកគេគិតត្រឹម៧០០បាត ឬប្រហែល៩ម៉ឺនរៀលនៅក្នុងមួយថ្ងៃសម្រាប់អ្នកជំងឺម្នាក់។ 

នេះជាទិដ្ឋភាពនៅកន្លែងរង់ចាំជាន់ក្រោមនៃមន្ទីរពេទ្យជូឡាឡុងកន (រូបភាព៖ រ៉ឹម ភារី)

មិនខុសពីពេទ្យនៅកម្ពុជានោះទេ ពេទ្យនៅទីនោះ ក៏បង្កើតលេខរៀងឲ្យអ្នកជំងឺឈរតម្រង់ជួររង់ចាំ ដើម្បីផ្តល់ភាពយុត្តិធម៌ដល់អ្នកជំងឺដែលជាអតិថិជនផងដែរ ពោល គឺអ្នកមកមុន បានចូលពិនិត្យជំងឺមុន ឯអ្នកមកក្រោយ ត្រូវពិនិត្យជំងឺតាមក្រោម ដោយសារតែមន្ទីរពេទ្យនេះ មានអ្នកជំងឺច្រើនមករង់ចាំព្យាបាល។ 

លោក ផូ សុផាន ដែលបានវះកាត់ច្រមុះនៅកម្ពុជាប្រហែល៣ខែមុន ប៉ុន្តែ លោកនៅតែមានអាការៈឈឺក្បាល ដែលលោកសង្ស័យថាមកពីបញ្ហាច្រមុះ ក៏បានធ្វើដំណើរទៅពិនិត្យនៅមន្ទីរពេទ្យជូឡាឡុងកននេះ ដើម្បីជម្រះមន្ទិលសង្ស័យ ខណៈអាការៈនេះ ពេទ្យកម្ពុជា ដែលលោកបានទៅពិនិត្យមន្ទីរពេទ្យ និងគ្លីនិកជាច្រើនហើយនោះ នៅតែរកមិនឃើញមូលហេតុនៃការឈឺក្បាលនេះទៀត។     

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «មន្ទីរពេទ្យជូឡា ឡុងកន បានឲ្យខ្ញុំរត់ចុះរត់ឡើង ដើម្បីធ្វើបែបបទព្យាបាល ស្រាប់តែរយៈ៣ម៉ោងហើយ ទើបគេប្រាប់ខ្ញុំថា កន្លែងគេពេញអស់ហើយ ឲ្យខ្ញុំមកខែ៥ឯនោះវិញ។     ខ្ញុំក៏ទៅរកពេទ្យឯកជននៅបាងកក ព្រោះ មកហើយកុំឲ្យខាតជើង។ ក្រោយ​មក មន្ទីរពេទ្យនោះ គេក៏យកចិត្តទុកពិនិត្យមើលដោយមិនឲ្យខ្ញុំរង់ចាំយូរនោះទេ។ នៅទីបំផុត គេបានរកឃើញមូលហេតុនៃជំងឺ គេក៏ឲ្យថ្នាំ​លេប។ ខ្ញុំប្រើពេល៥ថ្ងៃ និងចំណាយប្រាក់សរុបអស់៥០០ដុល្លារ ដើម្បីមកព្យាបាលនៅទីនេះ ប៉ុន្តែ ខ្ញុំសប្បាយចិត្ត ព្រោះ ខ្ញុំជឿថា ក្រោយលេបថ្នាំ បញ្ហាឈឺក្បាលនេះ នឹងជាសះស្បើយ»៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ៊ែមមឺរឹត ជាប់​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ឆ្នើម​ប្រចាំ​ឆ្នាំ​នៃ​​ពាន​រង្វាន់​ការ​ដឹក​ជញ្ជូន​តាម​យន្តហោះ​ ២០១៨

ព័ត៌មាន
ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ ជា​មធ្យោបាយ​ដ៏​ទំនើប​ថ្មី​មួយ​ដែល​ប្រជាជន​កម្ពុជា​ចាប់​ផ្តើម​និយម​ប្រើប្រាស់​ដើម្បី​ទៅ​ដល់​គោលដៅ​ផ្សេងៗ​របស់…

កំណើនសេដ្ឋកិច្ច ៧% ជាង២០ឆ្នាំមកនេះ តើប្រជាជនកម្ពុជាចំណេញអ្វីខ្លះ?

ព័ត៌មាន
កំណើនសេដ្ឋកិច្ចកម្ពុជាមានការកើនឡើងជុំវិញ ៧% ជារៀងរាល់ឆ្នាំ ក្នុងរយៈពេល២០ឆ្នាំកន្លងមកហើយ។ កំណើននេះ ត្រូវបានប្រជាពលរដ្ឋ អ្នកជំនាញ អ្នកតាមដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ