សហភាពអឺរ៉ុប

ការចង់យកពន្ធរបស់សហភាពអឺរ៉ុបលើការបំភាយកាបូនពីប្រទេសនាំចូល បង្កការខឹងសម្បារពីចិន និងឥណ្ឌា


សហភាពអឺរ៉ុបចង់យកពន្ធលើទំនិញដែលបំភាយកាបូន ដែលនាំចូលមកពីប្រទេសមួយចំនួនដូចជាចិន និងឥណ្ឌាជាដើម ជាហេតុធ្វើឱ្យប្រទេសពីរខឹងសម្បារ និងជជែកដេញដោលគ្នាយ៉ាងខ្លាំងនៅឯសន្និសីទអាកាសធាតុរបស់អង្គការសហប្រជាជាតិ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ខណៈដែលប្រទេសក្រីក្របារម្ភថា ពន្ធបែបនេះនឹងប៉ះពាល់ដល់ជីវភាពរស់នៅ និងកំណើនសេដ្ឋកិច្ចរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានធំៗជាច្រើន។
សហភាពអឺរ៉ុប
ដោយ

តាមរយៈពន្ធខាងលើ សហភាពអឺរ៉ុប សង្ឃឹមថា នឹងធ្វើឱ្យមានការកំណត់តម្លៃលើទំនិញ ដែលបញ្ចេញកាបូនក្នុងផលិតកម្មផលិតតាមរយៈការប្រើប្រាស់ថាមពលមួយចំនួន ដូចជាដែក ដែកថែប ស៊ីម៉ងត៍ ជី និងអាលុយមីញ៉ូម នៅតាមប្រទេសផ្សេងៗ។ គោលបំណងសំខាន់នៃគម្រោងនេះ គឺដើម្បីកាត់បន្ថយការបំភាយឧស្ម័ន និងបង្កើតទីលានប្រកួតប្រជែងស្មើភាពគ្នាមួយសម្រាប់ទំនិញដែលផលិតនៅក្នុងប្លុក អ៊ឺរ៉ុប ដែលបានបំពេញតាមស្តង់ដារបៃតងយ៉ាងតឹងរ៉ឹង។

ជុំវិញគម្រោងចង់យកពន្ធរបស់សហភាពអឺរ៉ុបនេះ បានបង្កឱ្យមានការជជែកដេញដោលគ្នាយ៉ាងខ្លាំងនៅឯសន្និសីទអាកាសធាតុ COP28 នៅទីក្រុងឌូបៃ កាលពីពេលថ្មីៗ ដោយក្រុមអ្នកបង្កើតគោលនយោបាយកំពុងដោះស្រាយធ្វើយ៉ាងណាឱ្យពិភពលោកកាន់តែបៃតងដោយមិនធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ដែលកំពុងស្ថិតក្នុងស្ថានភាពដ៏ផុយស្រួយ។

ប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនមានការព្រួយបារម្ភថា ពន្ធស្ថិតនៅក្រោមយន្តការកែតម្រូវព្រំដែនកាបូន (CBAM) តាមផែនការបស់សហភាពអឺរ៉ុបនេះ នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋរបស់ពួកគេ។

ស្នងការអឺរ៉ុបសម្រាប់សកម្មភាពអាកាសធាតុ លោក វ៉ូបកេ ហូកស្ត្រា (Wopke Hoekstra) បានប្រាប់អ្នកយកព័ត៌មាននៅឯសន្និសីទ COP28 ថា គម្រោង CBAM នេះមានគោលបំណងតែមួយគត់ គឺដើម្បីការពារការលេចធ្លាយកាបូននៅកន្លែងផ្សេងទៀតនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ហើយថា ពន្ធនេះមានសារសំខាន់សម្រាប់ការផ្តល់មូលនិធិ និងការសម្រេចបាននូវគោលដៅអាកាសធាតុរបស់សហភាពអឺរ៉ុបក្នុងការកាត់បន្ថយការបំភាយឧស្ម័នចំនួន៥៥% នៅត្រឹមឆ្នាំ២០៣០។

ការសិក្សាថ្មីមួយរបស់អង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍបានរកឃើញថា ការយកពន្ធចំនួន៤៤ដុល្លារក្នុងមួយតោននៃការបំភាយកាបូននឹងជួយកាត់បន្ថយការបំពុលពីខ្សែច្រវាក់ផ្គត់ផ្គង់បានពាក់កណ្តាល។ គេបានប៉ាន់ប្រមាណថា ប្រទេសអ្នកមាននឹងរកបាន២,៥ពាន់លានដុល្លារពីពន្ធនេះ ប៉ុន្តែប្រទេសក្រីក្រអាចនឹងខាតបង់រហូតដល់ជិត៦ពាន់លានដុល្លារ។

ប្រទេសអ្នកមានជាច្រើនរួមមានអង់គ្លេស កាណាដា និងសហរដ្ឋអាម៉េរិក បានគាំទ្រគម្រោងការណ៍របស់សហភាពអឺរ៉ុបនេះ ហើយពួកគេ ក៏កំពុងសម្លឹងធ្វើតាមបែបនេះដែរ។ មន្ត្រីសេតវិមានបាននិយាយនៅព្រឹត្តិការណ៍អាកាសធាតុ COP28 ដោយសរសើរគម្រោង CBAM នេះថា ជាការចាប់ផ្ដើមដ៏ភ្លឺស្វាងបំផុតពាក់ព័ន្ធនឹងការកាត់បន្ថយការបំភាយកាបូន។

ចំណែកឥណ្ឌា និងចិនវិញមិនបានគាំទ្រចំពោះផែនការនេះនោះទេ។ រដ្ឋាភិបាលឥណ្ឌា គឺជាអ្នកប្រឆាំងយ៉ាងខ្លាំងចំពោះគំនិតនេះ ហើយអតីតរដ្ឋមន្ត្រីក្រសួងរ៉ែ លោក អារូណា សាម៉ា (Aruna Sharma) បានជំរុញឱ្យរដ្ឋាភិបាលឥណ្ឌាបន្តប្រឆាំងនឹងការយកពន្ធនេះ ប៉ុន្តែលោក ក៏បានជំរុញឱ្យឧស្សាហកម្មត្រូវតែកាត់បន្ថយកម្រិតកាបូនសម្រាប់ទាំងការនាំចេញ និងការផលិតទំនិញក្នុងស្រុកផងដែរ។

ចំណែកមន្ត្រីចិនវិញ គឺលោក លី សួ (Li Shuo) នាយកមជ្ឈមណ្ឌលអាកាសធាតុរបស់ចិននៅវិទ្យាស្ថានគោលនយោបាយសង្គមអាស៊ី បាននិយាយថា បញ្ហានេះ គឺជាការព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងនយោបាយអាកាសធាតុអន្តរជាតិ ហើយថា វាមិនទៅណាឆ្ងាយឡើយ ហើយជីវិតក៏ត្រូវប្រឈមនឹងបញ្ហាដែរ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃមាសពិភពលោកធ្លាក់ចុះ ខណៈប្រាក់ដុល្លារកាន់តែមានភាពររឹងមាំ

ព័ត៌មាន
តម្លៃមាសបានបន្តធ្លាក់ចុះបន្ថែមទៀតនៅថ្ងៃនេះ ខណៈដែលប្រាក់ដុល្លារបានរក្សាភាពរឹងមាំរបស់ខ្លួន ដោយអ្នកវិនិយោគកំពុងទន្ទឹងរង់ចាំកិច្ចប្រជុំរបស់ធន…

បុរី ឌឹផ្លរ៉ា បើកសម្ពោធការិយាល័យដ៏ថ្មីសន្លាងសាខាបឹងកក់ ដើម្បីសម្រួលភាពងាយស្រួលដល់អតិថិជន

ព័ត៌មាន
បុរី ឌឹ ផ្លរ៉ា ដែលជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាន និងខុនដូធំមួយនៅកម្ពុជា កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០២៣ បានសម្រេច បើកសម្ពោធការិយាល័យលក់ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ