អ្នកជំនាញជំរុញឲ្យកម្ពុជាសិក្សាពីយុទ្ធសាស្ត្រក្នុងការទាក់ទាញភ្ញៀវទេសចរជនជាតិឥណ្ឌា

អ្នកជំនាញជំរុញឲ្យកម្ពុជាសិក្សាពីយុទ្ធសាស្ត្រក្នុងការទាក់ទាញភ្ញៀវទេសចរជនជាតិឥណ្ឌា


អ្នកជំនាញក្នុងវិស័យទេសចរណ៍ចាត់ទុកគម្រោងតភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា ជាអ្វីដែលពួកគេទន្ទឹងរង់ចាំជាយូរមកហើយ ដ្បិតឥណ្ឌាជាគោលដៅទេសចរណ៍ដ៏ធំមួយលើពិភពលោក។ ទោះយ៉ាងណា អ្នកជំនាញមើលឃើញថា កម្ពុជានៅខ្វះគុណសម្បត្តិច្រើនក្នុងការទទួលភ្ញៀវទេសចរឥណ្ឌា ដែលទាមទារឲ្យមានការសិក្សាបន្ថែម។
អ្នកជំនាញជំរុញឲ្យកម្ពុជាសិក្សាពីយុទ្ធសាស្ត្រក្នុងការទាក់ទាញភ្ញៀវទេសចរជនជាតិឥណ្ឌា

ទាំងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា កំពុងខិតខំជំរុញឲ្យមានការតភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌាដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរទាំងវិស័យសេដ្ឋកិច្ច ពាណិជកម្ម ការវិនិយោគ និងវិស័យទេសចរណ៍។ ជាក់ស្តែងក្នុងជំនួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីដើមខែសីហា ឯកឧត្តម Subrahmanyam Jaishankar រដ្ឋមន្រ្តីការបរទេសឥណ្ឌាបានសន្យាជួយជំរុញ និងពន្លឿនការតភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានបង្ហាញពីគម្រោងតភ្ជាប់ផ្លូវពីឥណ្ឌាមកកម្ពុជាដោយឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា និងថៃផងដែរ។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កម្ពុជាបានខិតខំធ្វើការក្នុងការជំរុញឲ្យមានការតភ្ជាប់ជើងហោះហើរត្រង់ជាមួយឥណ្ឌាតាំងពីមុនមិនទាន់​មានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ មកម្ល៉េះ។ ប៉ុន្តែការតភ្ជាប់នៅតែមិនទាន់អាចទៅរួច ដោយសារជួបឧបសគ្គមួយចំនួនពាក់ព័ន្ធទីផ្សារ នៃការធ្វើដំណើររវាងប្រទេស​ទាំងពីរ​នៅមាន​ចំនួនតិចតួច។ ពាក់ព័ន្ធលិខិតបទដ្ឋានគតិយុត្តិនៃការតភ្ជាប់ជើងហោះហើរវាងប្រទេសទាំងពីរ អ្នកនាំពាក្យរូបនេះអះអាងថា មិនមានការលំបាកនោះទេ ដោយសារប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងទ្វេភាគីជាច្រើនលើកច្រើនសាររួចមកហើយ។

ពាក់ព័ន្ធការតភ្ជាប់ជើងហោះហើរជាមួយឥណ្ឌានេះ លោក ធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាហ្វិកកម្ពុជាបានគូសបញ្ជាក់ថា លោកក្នុងនាមប្រតិបត្តិករទេសចរណ៍ម្នាក់បានខិតខំតស៊ូមតិ និងជំរុញឲ្យមានការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរជាយូរមកហើយ ព្រោះលោកយល់ថា កម្ពុជាមិនគួរដាក់ក្តីរំពឹងខ្ពស់តែលើភ្ញៀវទេសចរជនជាតិចិននោះទេ ពោលគឺត្រូវផ្តោតលើប្រទេសផ្សេងៗទៀត ជាពិសេសឥណ្ឌា ដែលជាគោលដៅទេសចរណ៍ដ៏ធំមួយលើពិភពលោកតែម្តង។

សម្រាប់លោក ធួន ស៊ីណាន កម្ពុជាគួរសិក្សាពីតម្រូវការរបស់ភ្ញៀវទេសចរឥណ្ឌាឲ្យបានច្បាស់លាស់ជាមុនសិនមុនចង់ទាក់ទាញពួកគេឲ្យមកកម្សាន្តនៅកម្ពុជា បើពុំនោះទេកម្ពុជានឹងមិនអាចរក្សាភ្ញៀវទេសចរឥណ្ឌាបាននោះទេ។ សម្រាប់អ្នកជំនាញរូបនេះ កម្ពុជា នៅខ្វះគុណសម្បត្តិច្រើនក្នុងការទទួលភ្ញៀវទេសចរជនជាតិឥណ្ឌា ដែលទាមទារឲ្យមានការសិក្សាបន្ថែម។

ជាមួយគ្នានេះលោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាបានបង្ហាញជំនឿយ៉ាងមុតមាំចំពោះការតភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌាក្នុងការជួយអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា។ លោកជំទាវជឿជាក់ថា ប្រសិនបើមានការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរមែននោះ វានឹងធ្វើឲ្យវិស័យទេសចរណ៍កម្ពុជាកាន់តែសម្បូរបែប​ និងអាចជួយស្តារវិស័យទេសចរណ៍កម្ពុជាឲ្យមានការងើបឡើងវិញលឿន។ ព្រោះឥណ្ឌាជាទីផ្សារទេសចរណ៍ដ៏ធំ​មួយលើពិភពលោក ដែលអាចជំនួសឲ្យការធ្លាក់ចុះនៃចំនួនភ្ញៀវទេចរជនជាតិចិន។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ចរន្តភ្ញៀវទេសចរ និងអ្នកវិនិយោគជនជាតិឥណ្ឌាចូលមកកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់នៅមួយរយៈចុងក្រោយ។ ជាក់ស្តែងកាលពីខែមិថុនា និងខែកក្កដា ឆ្នាំ២០២២ កន្លងទៅ កម្ពុជាទទួលបានអ្នកដំណើរឥណ្ឌាជិត៨ពាន់នាក់ក្នុង១ខែៗ ក្នុងនោះភ្ញៀវទេសចរមានជាង៥ពាន់នាក់ និងអ្នកធុរកិច្ចជាង២ពាន់នាក់ មានការកើនឡើងជិត២% បើធៀបនឹងខែឧសភា។ ធុរជន និងភ្ញៀវទេសចរជនជាតិឥណ្ឌាចូលមកកម្ពុជាភាគច្រើនតាមជើងហោះរបស់ប្រទេសថៃ សិង្ហបុរី និងម៉ាឡេស៊ី៕




អត្ថបទបន្ទាប់


គ្រឹះស្ថានហិរញ្ញវត្ថុចំនួន៤ ចុះកិច្ចព្រមព្រៀងទឹកប្រាក់កម្ចី ៣០លានដុល្លារ ជំរុញវិស័យកសិកម្មកម្ពុជា

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី ១៥ សីហា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចី ជាមួយស្ថាប័នហិរញ្ញវត្ថុ ចំនួន៣ ក្រោមគម្រោងពិពិធកម្មកសិ…

មេធំក្រុមហ៊ុន Tesla អួតក្ដែងៗថា ផលិតបានរថយន្តជាង៣លានគ្រឿងហើយ

ព័ត៌មាន
នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានប្រកាសអួតក្ដែងៗ នៅលើបណ្ដាញធ្វីតទ័ររបស់លោកកាលពីថ្ងៃអាទិត្យទី ១៤ ខែ សីហា ថា គិតមកទល់ពេលន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ