អាជីវកម្មត្បូងពេជ្រ

G7 ដាក់ទណ្ឌកម្មលើពាណិជ្ជកម្មពេជ្ររុស្ស៊ី ដែលផ្តល់ចំណូលជាង១ពាន់លានដុល្លារក្នុង១ឆ្នាំ


ការដាក់ទណ្ឌកម្មទៅលើឧស្សាហកម្ម និងពាណិជ្ជកម្មពេជ្ររបស់រុស្ស៊ីនឹងស្ថិតនៅក្នុងបញ្ជីនៃកញ្ចប់ទណ្ឌកម្មជុំទី១២ ដែលសហភាពអឺរ៉ុប បានដាក់ប្រឆាំងនឹងអាជ្ញាធរទីក្រុងម៉ូស្គូ ជុំវិញសង្រ្គាមនៅអ៊ុយក្រែន ដែលមិនដឹងថា បញ្ចប់នៅពេលណា។ ពាណិជ្ជកម្មពេជ្រនេះ ត្រូវបានគេដឹងថា អាចឱ្យទីក្រុងម៉ូស្គូ ទទួលបានផលប្រយោជន៍សេដ្ឋកិច្ចប្រមាណជាង១ពាន់លានដុល្លារ នៅក្នុងមួយឆ្នាំ។
អាជីវកម្មត្បូងពេជ្រ
ដោយ

សារព័ត៌មានបច្ចិមប្រទេសធំៗបានរាយការណ៍កាលពីថ្ងៃពុធថា ការហាមឃាត់ការធ្វើពាណិជ្ជកម្មពេជ្ររបស់រុស្ស៊ី ដោយក្រុមប្រទេស G7 ត្រូវបានកំណត់ជាសាធារណៈឲ្យបញ្ចប់នៅត្រឹមចុងខែនេះ។ ការដាក់បម្រាមលើពាណិជ្ជកម្មពេជ្ររបស់រុស្ស៊ី ត្រូវបានគេអះអាងថា គឺជាផ្នែកមួយនៃកញ្ចប់ទណ្ឌកម្មជុំទី១២ ដែលសហភាពអឺរ៉ុប បានដាក់ប្រឆាំងនឹងទីក្រុងមូស្គូ ដែលបានវាយចូលឈ្លានពានអ៊ុយក្រែនកន្លងមក។

អ្នកការទូតសហភាពអឺរ៉ុបម្នាក់បានប្រាប់អ្នកសារព័ត៌មានដោយមិនបញ្ចេញអត្តសញ្ញាណថា ឥឡូវនេះខ្លួនត្រូវការសម្រេចជាចុងក្រោយក្នុងរង្វង់ក្រុមប្រទេស G7 មុនពេលក្លាយជាយន្តការច្បាប់ ដែលមានដែនកំណើតនៅក្នុងសហគមន៍អឺរ៉ុប។ ក្រុមប្រទេស G7 ដែលរួមមាន កាណាដា បារាំង អាល្លឺម៉ង់ ជប៉ុន អ៊ីតាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក បានប្រកាសថា ពួកគេគ្រោងនឹងដាក់ទណ្ឌកម្មលើការធ្វើពាណិជ្ជកម្មពេជ្ររបស់រុស្ស៊ីដោយផ្ទាល់ និងដោយប្រយោល បន្ទាប់ពីមានការជជែកដេញដោលគ្នាយ៉ាងយូរនៅក្នុងក្រុមប្រទេសទាំងនេះ។

ពាក់ព័ន្ធនឹងផែនការនេះ ប្រទេសបែលហ្ស៊ិក កាលពីពេលកន្លងទៅ បានបញ្ឈប់កិច្ចខិតខំប្រឹងប្រែងរបស់សម្ព័ន្ធមិត្តលោកខាងលិចក្នុងការរារាំងពាណិជ្ជកម្មពេជ្ររបស់រុស្ស៊ី ដោយព្រមានថា ការសម្រេចនេះនឹងបង្កផលប៉ះពាល់ដល់ទីផ្សារ ដោយសាររុស្ស៊ី ក៏ជាប្រទេសដ៏មានសក្តានុពលនៃទីផ្សារពេជ្រពិភពលោកមួយផងដែរ។

នៅក្រោមសំណើរបស់បែលហ្ស៊ិក ក្រុមប្រទេស G7 បានណែនាំពីការដាក់ប្រព័ន្ធតាមដានពេជ្រ ដែលស្រដៀងនឹងប្រព័ន្ធទូទាត់ហិរញ្ញវត្ថុអន្តរជាតិ រវាងធនាគារ និងធនាគារ ដែលគេហៅថា SWIFT។ តាមរយៈយន្តការនេះ វានឹងរារាំងផលិតផលពេជ្រនានា ដែលមានដើមកំណើតនៅក្នុងប្រទេសរុស្ស៊ី មិនឱ្យចូលក្នុងចរន្តនៃទីផ្សារពិភពលោក។

រហូតមកដល់ពេលនេះ ការធ្វើពាណិជ្ជពេជ្ររបស់រុស្ស៊ី ត្រូវបានរារាំងដោយសហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស កាណាដា និងនូវែលសេឡង់ ប៉ុន្តែយ៉ាងណាមិញរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នៅតែអនុញ្ញាតឱ្យទិញត្បូង ដែលចម្រាញ់ចេញនៅក្នុងប្រទេសរុស្ស៊ី ហើយបានកែច្នៃក្នុងប្រទេសផ្សេង។

ទន្ទឹមនឹងនេះ រុស្ស៊ីកំពុងប្តូរទិសដៅពាណិជ្ជកម្មពេជ្ររបស់ខ្លួនទៅកាន់ទីផ្សារផ្សេងជំនួសវិញ រួមមានប្រទេសចិន ឥណ្ឌា អារ៉ាប់រួម អាមេនី និងបេឡារុស្ស។ កាលពីដើមខែតុលា ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ក្រុមប្រទេស G7 ក៏បានដាក់កម្រិតលើឧស្សាហកម្មត្បូងពេជ្ររុស្ស៊ី ទំហំចាប់ពីមួយការ៉ាត់ឡើង ដែលកែច្នៃនៅឥណ្ឌាមិនឱ្យចូលទីផ្សារ តែទោះបីជាយ៉ាងណាក៏ដោយក្រុមប្រទេស G7 មិនបានជំទាស់ចំពោះពាណិជ្ជករ ដែលទិញពេជ្រពីប្រទេសរុស្ស៊ី ដែលបានកែច្នៃ និងលក់ទៅកាន់ទីផ្សារផ្សេងទៀតនោះទេ។

គេបានដឹងថា ប្រហែលមួយភាគបីនៃពេជ្ររបស់ពិភពលោកត្រូវបានចម្រាញ់នៅក្នុងប្រទេសរុស្ស៊ីដោយក្រុមហ៊ុនរដ្ឋ Alrosa ដែលមានប្រតិបត្តិការអណ្តូងរ៉ែ នៅតំបន់ យ៉ាគូស្យា ( Yakutia) ស៊ីបេរី និងតំបន់អាកខានហ្គែលនៅចុងភាគខាងជើង នៃប្រទេសរុស្ស៊ី៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន ម៉ាណែត រំពឹងអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ផ្តល់យុត្តិធម៌ដល់ពលរដ្ឋ

ព័ត៌មាន
សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការទទួលបានការអនុម័តទាំងស្…

នៅត្រីមាសទី៣ សេដ្ឋកិច្ចអាម៉េរិក កើនជិត៥% ទោះបីមានវិបត្តិសង្គ្រាម

ព័ត៌មាន
សេដ្ឋកិច្ចអាម៉េរិក បានពង្រីកក្នុងល្បឿនដ៏រឹងមាំគួរឱ្យកត់សម្គាល់នៅក្នុងត្រីមាសទី៣ឆ្នាំនេះ បើទោះជាធនាគារកណ្តាលរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ