ល្បែងពាណិជ្ជកម្ម

តើមានកត្តារាំងស្ទះអ្វីខ្លះធ្វើឱ្យការប្រមូលចំណូលពីវិស័យល្បែងពាណិជ្ជកម្មនៅឆ្នាំ២០២៣ មិនអាចគ្រប់តាមផែនការ?


ការប្រមូលចំណូលក្នុងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា នៅតែមានកម្រិតទាប បើទោះបីជាចំនួនភ្ញៀវទេសចរអន្តរជាតិ ចូលមកកម្សាន្តនៅកម្ពុជានៅមួយរយៈពេលចុងក្រោយនេះហាក់មានការកើនឡើងយ៉ាងណាក្តី។
ល្បែងពាណិជ្ជកម្ម
ដោយ

ជាក់ស្តែង បើតាមការបញ្ជាក់របស់ថ្នាក់ដឹកនាំគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ការប្រមូលចំណូលក្នុងវិស័យនេះនៅក្នុងឆ្នាំ២០២៣ កន្លងទៅ សម្រេចបានប្រមាណ៣០លានដុល្លារ ដែលស្មើនឹងប្រមាណ៧៦% នៃច្បាប់ថវិកាដែលបានកំណត់ប៉ុណ្ណោះ ប៉ុន្តែបើធៀបនឹងការប្រមូលចំណូលក្នុងឆ្នាំ២០២២ មានការកើនឡើង២០%។ តើមានកត្តារាំងស្ទះអ្វីខ្លះធ្វើឱ្យការប្រមូលចំណូលពីវិស័យល្បែងពាណិជ្ជកម្មនៅឆ្នាំ២០២៣ មិនអាចសម្រេចបានតាមផែនការកំណត់?

ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ការប្រមូលចំណូលក្នុងវិស័យល្បែងពាណិជ្ជកម្មនៅពេញមួយឆ្នាំ២០២៣ កន្លងទៅនេះ ហាក់នៅមានកម្រិតទាបនៅឡើយ ដោយមិនទាន់បានគ្រប់តាមផែនការដែលកំណត់ដោយច្បាប់ស្តីពីការគ្រប់គ្រងថវិកានោះទេ។ ជាក់ស្តែង នៅពេញមួយឆ្នាំ២០២៣ ការប្រមូលចំណូលក្នុងវិស័យនេះសម្រេចបានប្រមាណ៣០លានដុល្លារប៉ុណ្ណោះ ដែលស្មើនឹងប្រមាណ៧៦% នៃច្បាប់ថវិកា ដែលកំណត់ឱ្យវិស័យនេះប្រមូលចំណូលឱ្យបានជាង៤០លានដុល្លារនៅក្នុងឆ្នាំ២០២៣។ ប៉ុន្តែចំនួននេះមានការកើនឡើងប្រមាណ២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

បើតាមថ្នាក់ដឹកនាំរូបនេះ កត្តាដែលធ្វើឱ្យការប្រមូលចំណូលក្នុងវិស័យល្បែងពាណិជ្ជកម្មមិនគ្រប់តាមផែនការដែលច្បាប់កំណត់ គឺដោយសារការអនុវត្តច្បាប់ក្នុងវិស័យនេះត្រូវបានរឹតបន្តឹង គួបផ្សំការរីករាលដាលនៃវិបត្តិកូវីដ-១៩ ក៏ដូចជាវិបត្តិសកលផ្សេងៗនៅតែបន្តកើតមានបានធ្វើឱ្យចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកលេងល្បែងនៅតាមកាស៊ីណូនៅមានកម្រិតទាប។

ទោះបើជាការប្រមូលចំណូលរបស់វិស័យល្បែងពាណិជ្ជកម្មនៅក្នុងឆ្នាំ២០២៣ នៅមិនទាន់បានគ្រប់តាមផែនការនៃច្បាប់ថវិការ បានកំណត់ក៏ពិតមែន ប៉ុន្តែសម្រាប់ឆ្នាំ២០២៤នេះ ឯកឧត្តម រស់ ភីរុណ ជឿជាក់ថា ការប្រមូលចំណូលក្នុងវិស័យនេះនឹងអាចសម្រេចបានគ្រប់តាមផែនការច្បាប់ថវិកាកំណត់។ ការជឿជាក់បែបនេះ ក្រោយឯកឧត្តមមើលឃើញសម្ទុះនៃកំណើនភ្ញៀវទេសចរអន្តរជាតិ ចូលមកកម្ពុជាចាប់តាំងពីចុងឆ្នាំ២០២៣ មានការកើនឡើងគួរឱ្យកត់សម្គាល់។

បើតាមថ្នាក់ដឹកនាំរូបនេះ បច្ចុប្បន្នរាជរដ្ឋាភិបាលបានផ្តល់អាជ្ញាបណ្ណ និងអនុញ្ញាតឱ្យមានដំណើរការល្បែងពាណិជ្ជកម្មនេះតែចំនួនពីរប្រភេទប៉ុណ្ណោះ រួមមាន កាស៊ីណូ និងល្បែងផ្សងសំណាង។ ដោយឡែកសម្រាប់ល្បែងលេងតាមប្រព័ន្ធអេឡិចត្រូនិក គឺរាជរដ្ឋាភិបាលពុំផ្តល់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតឲ្យដំណើរការនៅកម្ពុជានោះទេ ពោលគឺរាល់ល្បែងអនឡាញទាំងអស់ជាល្បែងខុសច្បាប់។ ហើយគិតមកទល់ពេលនេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានផ្តល់អាជ្ញាបណ្ណជូនដល់កាស៊ីណូ ចំនួន១៨១ទីតាំង តែក្នុងចំណោមទីតាំងទាំងនេះ មានកាស៊ីណូចំនួន១៤១ប៉ុណ្ណោះ ដែលបានដំណើរការ។

គួរជម្រាបថា បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅពេញមួយឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៥លាននាក់ កើនឡើងជិត១៥០% បើធៀបនឹងឆ្នាំ២០២២ និងថយចុះប្រមាណជិត២០% បើធៀបនឹងពេលមុនមានវិវបត្តិកូវីដ-១៩។ ដោយឡែកសម្រាប់ឆ្នាំ២០២៤ នេះ ក្រសួងទេសចរណ៍រំពឹងថា កម្ពុជានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៦លាននាក់ដូចទៅនឹងមុនពេលមានវិបត្តិកូវីដ-១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទំហំទុនវិនិយោគជាង១ពាន់២រយលានដុល្លារ

ព័ត៌មាន
បច្ចុប្បន្នមានក្រុមហ៊ុនជាង២៣០ក្រុមហ៊ុនមកពី១០ប្រទេស កំពុងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាមួយទុនវិនិយោគជាង១ពាន់២រយលានុ…

វៀតណាម កំណត់គោលដៅនាំចេញវាយនភណ្ឌ និងសម្លៀកបំពាក់ដល់ទៅ៤៤ពាន់លានដុល្លារក្នុងឆ្នាំ២០២៤

ព័ត៌មាន
សមាគមវាយនភណ្ឌ និងសម្លៀកបំពាក់វៀតណាម (VITAS) និយាយថា កាលពីឆ្នាំ២០២៣ កន្លងទៅ ការនាំចេញផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់របស់ខ្លួនមានទំហំប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ