វិស័យ​កាត់ដេរ

ពាក់​កណ្ដាល​ដើម​ឆ្នាំ​ក្រោយ​វិស័យ​កាត់ដេរ​នៅ​តែ​ល្អ តែ​បន្ទាប់​ពី​នោះ​​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ?


ការវិវត្ត​នៃ​បរិយាកាស​នយោបាយ​នៅ​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឲ្យ​វិស័យ​កាត់​ដេរ​កម្ពុជា បាន​ដើរ​មក​ដល់​ចំណុច​មួយ​​ដែល​អ្នក​តាមដាន​គ្រប់​គ្នា បាន​និង​កំពុង​ដាក់​ការ​ចាប់​អារម្មណ៍​ខ្លាំង ខណៈ​ដែល​ភាគី​ម្ខាង​ជំរុញ​ឲ្យ​មាន​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​​លើ​ទំនិញ​កម្ពុជា ដែល​ភាគ​ច្រើន​ជា​សម្លៀក​បំពាក់​និង​ស្បែក​ជើង នាំ​ចូល​ទៅ​ទីផ្សារ​អឺរ៉ុប។ រីឯ​​ម្ខាងទៀត​ឆ្លើយ​បក​វិញ​ថា ការ​រំពឹង​នេះ គឺ​គ្រាន់តែ​ជា​ការ​ស្រមើ​ស្រមៃ​ប៉ុណ្ណោះ ពោល​គឺ វា​នឹង​មិន​អាច​ទៅ​រួច​ទេ។
វិស័យ​កាត់ដេរ​កម្ពុជា ផ្ដល់​ការងារ​ដោយ​ផ្ទាល់​ដល់​ប្រជាជន​ប្រមាណជាង ៦០​ម៉ឺ​ន​នាក់។
ដោយ

យ៉ាងណា​ក៏​ដោយ ត្បិត​ថា ភ្លៀង​មិន​ទាន់​ឃើញ​ធ្លាក់​ចុះ​មក​ក្ដី តែ​ផ្ទៃ​មេឃ​នៅតែ​មាន​ដុំ​ពពក​ខ្មៅ។

លោក​ឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​លើក​ឡើងថា ដ្បិត​ថា សន្ទុះ​នៃ​កំណើន​របស់​វិស័យ​កាត់ដេរ​កម្ពុជា​នៅ​ឆ្នាំ​២០១៧​នេះ បាន​មាន​ការ​ថមថយ​ជាង​មុន​បន្តិច​ក្ដី ប៉ុន្ដែ កំណើន​នៃ​វិស័យ​ស្នូល​របស់​កម្ពុជា​មួយ​នេះ នៅ​តែ​អាច​រក្សា​បាន​ប្រមាណ​៨% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ ពោល​គិត​ជា​ទឹក​ប្រាក់​នាំ​ចេញ​សរុប​មាន​ប្រមាណ ៧,៦​ពាន់​លាន​ដុល្លារ​អាមេរិក។

ជាមួយ​គ្នា​នេះ​ដែរ តាម​ការ​ព្យាករ​របស់​របាយការណ៍​ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​កន្លង​ទៅ នៅ​ឆ្នាំ​២០១៧​នេះ វិស័យ​កាត់​ដេរ​កម្ពុជា ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា នឹង​អាច​រួម​ចំណែក​ប្រមាណ ១,៤% នៃ​កំណើន​របស់​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) ៧% នៅ​ឆ្នាំ​នេះ។

ប្រធាន​សមាគម​រោងចក្រ​កាត់​ដេរ​រូប​នេះ បាន​បន្ថែម​ទៀត​ថា បើ​ពិនិត្យ​ទៅ​មើល​នៅ​ពាក់​​កណ្ដាល​ដើម​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ពោល​គឺ​នៅ​ចន្លោះ ៣ ទៅ ៥​ខែ​ដើម ឆ្នាំ​២០១៨ ការ​បញ្ជា​ទិញ​ក្នុង​វិស័យ​កាត់​ដេរ គឺ​មាន​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់ ខណៈ​ដែល​ម្ចាស់​រោងចក្រ​ដែល​មាន​ការ​បញ្ជា​ទិញ គឺ​បាន​និង​កំពុង​មាន​ប្រតិបត្តិការងារ​ផលិតកម្ម​ពេញ​ដៃ​ពេញ​ជើង​តែ​ម្ដង។ 

យ៉ាង​ណា​ក៏​ដោយ​ចុះ លោក​បាន​គូស​បញ្ជាក់​ថា នៅ​ពាក់​កណ្ដាល​នៃ​ចុង​ឆ្នាំ​២០១៨​ខាង​មុខ លោក​នៅ​មិន​ទាន់​ដឹង​ថា នឹង​មាន​ការ​ប្រែប្រួល​យ៉ាង​ណា​នៅ​ឡើយ​ទេ ដោយ​គ្រាន់​តែ​ដឹង​ថា ពាក់​កណ្ដាល​នៃ​ដើម​ឆ្នាំ​២០១៨​ខាង​មុខ កំណើន​វិស័យ​កាត់​ដេរ គឺ​នៅ​តែ​រក្សា​បាន​នូវ​ភាព​ល្អ​ប្រសើរ។

ជាមួយ​គ្នា​នេះ​ដែរ ចំនួន​រោងចក្រ​ថ្មីៗ​ត្រូវ​បាន​បង្កើត​ឡើង​ជា​បន្ត​បន្ទាប់ ខណៈ​ដែល​រោងចក្រ​កាត់ដេរ​មួយ​ចំនួន​ក៏​ត្រូវ​បាន​បិទ​ទៅ​វិញ​ខ្លះៗ​ដែរ ដែល​ចំនួន​នេះ​មាន​ប្រហាក់​ប្រហែល​គ្នា​ដែរ។ ប៉ុន្ដែ រោង​ដែល​បើក​ថ្មី​ក្រោយ​នេះ ហាក់​មាន​ការ​ពង្រីក​ទ្រង់ទ្រាយ​ធំ​ជាង​មុន ពោល​គឺ​កាល​ពី​មុន​មាន​កម្មករ​សរុប​តែ​ប្រមាណ ៨០០​នាក់​ប៉ុណ្ណោះ តែ​រោងចក្រ​បង្កើត​ថ្មី​ក្រោយៗ​នេះ មាន​រហូត​ដល់​១៥០០ ទៅ ២០០០​នាក់។ នេះ​បើ​តាម​អះអាង​ពី​លោក​ឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ ដែល​មាន​ចំណុះ​ដោយ​រោងចក្រ​កាត់​ដេរ​ចំនួន​៦០០​រោងចក្រ និង​ផ្តល់​ការងារ​ដល់​កម្មករ​ខ្មែរ​ប្រមាណ ៧០​ម៉ឺន​នាក់។

ជុំវិញ​នឹង​បញ្ហា​ដែល​លើក​ឡើង​ថា នឹង​មាន​ការ​ដក ឬ​ព្យួរ​នូវ​ការ​អនុគ្រោះ​ពន្ធ​ក្នុង​ការ​នាំចូល​ផលិតផល​ទៅ​កាន់​ទីផ្សារ​សភាព​អឺរ៉ុប លោក​ឧកញ៉ា​ដែល​មាន​បទ​ពិសោធន៍​ច្រើន​អាណត្តិ​ជាប្រធាន​សមាគម​រោងចក្រ​កាត់​ដេរ​រូប​នេះ បាន​អះអាង​ថា លោក​មិន​ជឿ​ថា នឹង​មាន​បញ្ហា​នេះ​កើត​ឡើង​នោះ​ទេ ព្រោះ​ថា មុន​នឹង​ឈាន​ដល់​ការ​សម្រេច​បែប​នេះ សហភាព​អឺរ៉ុប​ត្រូវ​ធ្វើការ​សិក្សា​ជាក់​ស្ដែង និង​លម្អិត​បំផុត។ 

លោក​ឧកញ៉ា វ៉ាន់ ស៊ូអៀង បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា “ខ្ញុំ​ដូច​ជា...អត់​ជឿ​ថា គេ​ហ៊ាន​ដក​ទេ ពី​ព្រោះ​បើ​ដក គេ​ត្រូវ​ការ​ចុះ​មក​ត្រួត​ពិនិត្យ​ជាក់​ស្ដែង​​សិន! គេ​មាន​គណៈកម្មការ​អធិការកិច្ច​មក​ជាក់​ស្ដែង​និង​មើល​ច្បាស់​ថា បើ​ដក​ទៅ មាន​​បញ្ហា​អី? ដក​ទៅ​មាន​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​ដែរ​ឬ​ទេ?”។

លោក​ឧកញ៉ា​បាន​បន្ថែម​ទៀត​ថា ការ​អនុគ្រោះ​ពន្ធ​នេះ គឺ​ប្រទេស​ជា​អ្នក​បញ្ជា​ទិញ​ទៅ​វិញ​ទេ ដែល​ចំណេញ អ្នក​ផលិត​មិន​សូវ​ជា​ចំណេញ​នោះ​ទេ ព្រោះ​អ្នក​បញ្ជា​ទិញ​ខ្លួន​ឯង​ទេ ដែល​ជា​អ្នក​ត្រូវ​បង់​ពន្ធ​នាំ​ចូល។ ដូច្នេះ បើ​គិត​ពី​ការ​ខាត​បង់ ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​នៅ​អាមេរិក និង​អឺរ៉ុប​ទៅ​វិញ​ទេ ដែល​ត្រូវ​រង​ការ​ខាត​បង់ មិន​មែន​មាន​តែ​កម្ពុជា​យើង​ទេ ដែល​ត្រូវ​ខាត​បង់។ ដូច្នេះ រដ្ឋាភិបាល​របស់​ប្រទេស​ទាំង​នោះ ពួកគេ​ក៏​មាន​ការ​ពិចារណា​យ៉ាង​ល្អិត​ល្អន់​ដែរ។ 

ទោះ​ជា​យ៉ាង​ណា បច្ចុប្បន្ន ក្រៅ​ពី​ទីផ្សារ​នាំ​ចេញ​ទៅ​អឺរ៉ុប និង​អាមេរិក សមាគម​រោងចក្រ​កាត់​ដេរ​ក៏​បាន​និង​កំពុង​ជំរុញ​ដល់​ក្រសួង​ពាណិជ្ជកម្ម ឲ្យ​ជួយ​ចរចា​ជាមួយ​នឹង​ទីផ្សារ​ប្រទេស​រុស្ស៊ី​ផង​ដែរ ដើម្បី​អាច​ទទួល​បាន​ការ​លើកលែង​គ្រោះ​ពន្ធ​នាំ​ចូល និង​សង្ឃឹម​ថា នឹង​មាន​លទ្ធផល​ជា​ផ្លែ​ផ្កា​នា​ពេល​ឆាប់ៗ​ខាង​មុខ។

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ដែល​ទើប​តែ​បាន​សរសើរ​របាយការណ៍​មួយ​អំពី​ទំហំ​នៃ​ការ​នាំចេញ​របស់​កម្ពុជា​ទៅ​កាន់​អឺរ៉ុប ផ្ញើ​ជូន​ប្រមុខ​រដ្ឋាភិបាល​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ធ្វើការ​វាយ​តម្លៃ​នោះ បាន​លើក​ឡើង​ដែរ​ថា បច្ចុប្បន្ន ការ​បញ្ជា​ទិញ​ផលិតផល​ដើម្បី​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​នៅ​ឆ្នាំ​២០១៨ ត្រូវ​បាន​កក់​រួច​រាល់​ហើយ ពោល​​​គឺ​​ក្រុមហ៊ុន​បញ្ជា​ទិញ​បាន​សម្រេច​កក់​ប្រាក់​សម្រាប់​ការ​បញ្ជា​ទិញ​ផលិតផល​របស់​កម្ពុជា​រួច​ហើយ ដូច្នេះ នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ កម្ពុជា​​នឹង​​មិន​​មាន​​ការ​​បារម្ភ​ពី​ការ​នាំចេញ​ទៅ​​អឺរ៉ុប​​នេះ​ទេ។ 

ឯកឧត្តម​បាន​គូស​បញ្ជាក់​ដែរ​ថា វិស័យ​កាត់​ដេរ​កម្ពុជា​ត្រួវ​ការ​ជំរុញ​បន្ថែម​លើ​ការ​បង្កើត​ថ្មី​ថែម​ទៀត ដូចជា​ការ​បង្កើត​ឲ្យ​មាន​ជា​ការ​ច្នៃ​ម៉ូដ​សម្លៀក​បំពាក់​ដែល​ជា​របស់​ខ្មែរ (Fashion Design) និង​ការ​បង្កើន​ការ​ផលិត​ផលិតផល​ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់​ថែម​ទៀត ទើប​អាច​ធានា​បាន​នូវ​ការ​ប្រកួត​ប្រជែង​នៅ​ពេល​អនាគត។ 

សូម​បញ្ជាក់​ដែរ​ថា ថ្មីៗ​នេះ វិស័យ​កាត់​ដេរ ក៏​ដូចជា​ការ​លើកលែង​ពន្ធ​នាំចូល​ទៅ​ទីផ្សារ​អឺរ៉ុប​នេះ បាន​កំពុង​ក្លាយ​ជា​ប្រធាន​បទក្ដៅ​មួយ ដែល​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ដែល​កំពុង​នៅ​ក្រៅ​ប្រទេស បាន​និង​កំពុង​រក​វិធី​សាស្ត្រ​ស្នើ​ទៅ​កាន់​រដ្ឋាភិបាល​អឺរ៉ុប ដើម្បី​ព្យួរ ឬ​ដក​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​នេះ ដើម្បី​ដាក់​សម្ពាធ​មក​លើ​រាជ​រដ្ឋាភិបាល​កម្ពុជា។ ទោះ​យ៉ាង​ណា ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ហាក់​មិន​សូវ​ជា​ខ្វាយ​ខ្វល់​ខ្លាំង​នោះ​ទេ ដោយ​បាន​ពន្លយ​វាយ​បក​មក​វិញ​ថា វា​ជា​រឿង​មួយ​ដែល​មិន​អាច​ទៅ​រួច​ឡើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រូបថតទាំង​នេះ​បង្ហាញ​ពី​ភាព​អស្ចារ្យ​នៃ​ទន្លេ​មេគង្គ ដែល​អ្នក​គួរតែទស្សនា!

ព័ត៌មាន
រាត្រី​កាល​ចូល​មក​ដល់ ថាមពលអគ្គិសនី​ចាប់​ផ្តើម​បំភ្លឺ​ភូមិ​នេសាទ​ដ៏​ល្បីល្បាញ​មួយ​កន្លែង ដែល​បណ្តែត​ខ្លួន​ក្នុង​ទីងងឹត លើ​ផ្លូវ​ទឹក គូឡ…

Emerald Hub ជួយអ្នកជំនួញថ្មីថ្មោងនៅកម្ពុជា ឲ្យចំណាយតិចក្នុងការជួលការិយាល័យ

ព័ត៌មាន
និន្នាការថ្មីរបស់យុវជនខ្មែរនាពេលបច្ចុប្បន្ន ពួកគេតែងតែចូលចិត្តចងក្រងគ្នាជាក្រុម ដើម្បីបង្កើតមុខជំនួញ។ ការកើនឡើងនៃនិន្នាការថ្មីនេះហើយ បានធ្វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ