Advertisement
សុខភាពសាធារណៈ

យូនីសែហ្វ៖ អំបិលភាគច្រើន​ពុំមានផ្ទុកជាតិអ៊ីយ៉ូដជួយដល់បញ្ញាកុមារទេ!


តើ​លោក​អ្នក​នៅ​ចាំ​វីដេអូខ្លី​ដែល​ផ្សព្វ​ផ្សាយ​ជំរុញ​ឲ្យ​ប្រើប្រាស់​អំបិល​អ៊ីយ៉ូដ​ដើម្បី​ជួយ​ឲ្យ​បញ្ញា​ឆ្លាត​វៃ​ដែរ​ឬ​ទេ? អំបិលអ៊ីយ៉ូដ ត្រូវ​បាន​គ្រូពេទ្យ​ណែនាំ​ឲ្យ​ក្រុម​គ្រួសារ​ខ្មែរ​ប្រើ​ប្រាស់​នៅ​ក្នុង​អាហារ​បរិភោគ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ របាយការណ៍​សិក្សា​ថ្មី​បំផុត​មួយ​រក​ឃើញ​ថា អំបិល​ដែល​ត្រូវ​បាន​ចែកចាយ​និង​លក់ដូរ​នៅ​លើ​ទីផ្សារ​ស្រុក​ខ្មែរ ពុំ​មាន​ជាតិ​អ៊ីយ៉ូដ​គ្រប់​គ្រាន់​នោះ​ឡើយ។
កសិករ​ប្រមូល​អំបិល​នៅ​ខេត្ត​កំពត។ ការសិក្សា​ចុង​ក្រោយ​បង្ហាញថា អំបិល​នៅ​កម្ពុជា​ពុំ​ទាន់​មាន​ជាតិ​អ៊ីយ៉ូដ​ត្រឹមត្រូវទេ។ រូបភាព៖ ហេង ភារម្យ
ដោយ
អំពី សុខភាព 146
Advertisement

ថ្មីៗនេះ អង្គការ យូនីសែហ្វ (UNICEF) បាន​ផ្សាយ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ដឹកនាំ​ការ​ស្រាវជ្រាវ​មួយ ដោយ​បាន​តេស្ត​សាកល្បង​ទៅ​លើអំបិល ១០​មុខ ដែល​លក់​នៅ​លើ​ទីផ្សារ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ 

លទ្ធផល​នៃ​ការ​តេស្ត​ទៅ​លើ​អំបិល​ទាំង​១០​មុខ​នោះ បាន​បង្ហាញ​ថា មាន​តែ​អំបិល​មួយ​មុខ​តែ​ប៉ុណ្ណោះ ត្រូវ​បាន​រក​ឃើញ​ថា មាន​ផ្ទុក​ជាតិ​អ៊ីយ៉ូដ​គ្រប់​គ្រាន់។

ការសិក្សា​នោះ​បញ្ជាក់​បន្ថែម​ថា នេះ​គឺ​ជា​កង្វល់​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​សុខភាព​សាធារណៈ បន្ទាប់​ពី​ការ​ស្រាវជ្រាវ​ថ្មី​នេះ​បង្ហាញ​ថា អំបិល​ភាគ​ច្រើន​បំផុត​ដែល​ចរាចរ​លើ​ទីផ្សារ​កម្ពុជា បែរ​ជា​ពុំ​មាន​ជាតិ​អ៊ីយ៉ូដ​នោះ។

ការសិក្សា​ដដែល​នេះ ក៏​បាន​ធ្វើ​តេស្ត​ទៅ​លើ​ទឹក​នោម​របស់​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​ធម្មតា​ទូទៅ​ផង​ដែរ ដើម្បី​រក​មើល​កម្រិត​ជាតិ​អ៊ីយ៉ូដ​នៅ​ក្នុង​ខ្លួន​មនុស្ស​ស្រី។ លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​បង្ហាញ​ថា ស្ត្រី​មាន​ផ្ទៃ​ពោះ ​និង​ស្ត្រី​មិន​មាន​ផ្ទៃ​ពោះ សរុប​ប្រហែល ៣០​ភាគ​រយ មាន​កម្រិត​ជាតិ​អ៊ីយ៉ូដ​ទាប​ជាង ៥០​មីក្រូ​ក្រាម​ក្នុង​មួយ​លីត្រ ដែល​នេះ​គឺ​ជា​កម្រិត​អប្បបរមា។

ចុះ​បើ​អំបិល​គ្មាន​ផ្ទុក​ជាតិ​អ៊ីយ៉ូដ​ តើ​ប៉ះពាល់​អ្វី​ដល់​សុខភាព​សាធារណៈ? 

អង្គការ​យូនីសែហ្វ បាន​ពន្យល់​ថា ទារក​ដែល​កើត​ពីម្ដាយ​ខ្វះ​ជាតិ​អ៊ីយ៉ូដ ប្រឈម​មុខ​នឹង​បញ្ញា​ខ្សោយ​ក្រោយ​កើត​មក ឬ​មាន​កម្រិត​បញ្ញា (IQ) ទាប​ជាង​កម្រិត ១៣​ពិន្ទុ។ ផល​វិបាក​សម្រាប់​ក្មេង​ដែល​កើត​មក​ដោយ​ខ្វះ​ជាតិ​អ៊ីយ៉ូដ​នេះ មិន​មែន​មាន​រយៈពេល​ខ្លី​នោះ​ទេ ពោល​គឺ​មាន​រយៈ​ពេល​ពេញ​មួយ​ជីវិត​តែ​ម្ដង។

ចុះ​បើ​អំបិល​ភាគ​ច្រើន​ដែល​ចរាចរ​លើ​ទីផ្សារ​កម្ពុជា​គ្មាន​ផ្ទុក​ជាតិ​អ៊ីយ៉ូដ​អ៊ីចឹង តើ​គួរ​ដោះស្រាយ​ដូច​ម្ដេច? អង្គការ​យូនីសែហ្វ មិន​មែន​បាន​ត្រឹមតែ​រក​ឃើញ​ទេ ប៉ុន្តែ នៅ​ថែម​ផ្ដល់​ជា​មតិ​សម្រាប់​កែ​លម្អ​ទៀត​ផង។ 

អង្គការ​នេះ​ប្រាប់​ថា គេ​ត្រូវការ​យុទ្ធសាស្ត្រ​ថ្មី​ដើម្បី​ទប់​ស្កាត់​វិបត្តិ​សុខភាព​សាធារណៈ ហើយ​កែ​លម្អ​បញ្ហា​អំបិល​គ្មាន​ជាតិ​អ៊ីយ៉ូដ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

យូនីសែហ្វ បាន​ណែនាំ​នូវ​ឧបករណ៍​មួយ​ហៅ​ថា “Nimbler” ជា​បច្ចេក​វិទ្យា​ដ៏​សាមញ្ញ​មួយ ដែល​ជួយ​បន្ថែម​ជាតិ​អ៊ីយ៉ូដ​ទៅ​ក្នុង​ផលិតផល​អំបិល​សម្រេច។ យូនីសែហ្វ ប្រាប់​ថា ឧបករណ៍ “Nimbler” នេះ ទើប​តែ​មាន​នៅ​ស្រុក​ខ្មែរ​យើង ៦​គ្រឿង​ប៉ុណ្ណោះ បន្ទាប់​ពី​មាន​ជំនួយ​ឧបត្ថម្ភ​ពី​អង្គការ​នេះ​ដោយ​ផ្ទាល់ និង​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ ហៅថា USAID Cambodia។

Advertisement

ចុះ​ឧបករណ៍​នេះ​សម្រាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទូទៅ​ប្រើប្រាស់​មែន​ទេ? ស្ថាបនិក​មួយ​ដែល​បាន​បង្កើត​ឧបករណ៍​នេះ គឺ​លោក Lorenzo Locatteli-Rossi បាន​ប្រាប់​ថា ឧបករណ៍ Nimbler គឺ​ជា​ម៉ាស៊ីន​បញ្ចូល​ជាតិ​អ៊ីយ៉ូដ ដែល​ត្រូវ​បាន​គេ​ផលិត​ឡើង​តម្រូវ​ទៅ​តាម​អ្នក​ផលិត​អំបិល​ខ្នាត​តូច​និង​មធ្យម។ 

ឧបករណ៍​នេះ​អាច​ដំណើរការ​បាន​ទាំង​នៅ​តំបន់​មាន ឬ​ក៏​គ្មាន​ភ្លើង​អគ្គិសនី ហើយ​វា​ពិត​ជា​សក្ដិសម​ល្អ​ណាស់​សម្រាប់​អ្នក​អាជីវករ​លក់​អំបិល​ជា​ច្រើន​នៅ​តាម​តំបន់​ជនបទ ក្នុង​ប្រទេស​កម្ពុជា។

ចុះ​បើ​ការ​សិក្សា​នេះ​រក​ឃើញ​បែប​នេះ​ហើយ ប៉ុន្តែ បែរ​ជា​មិន​មាន​ការ​កែ​លម្អ​នោះ តើ​នឹង​មាន​អ្វី​កើត​ឡើង? អង្គការ យូនីសែហ្វ បញ្ជាក់​ថា បញ្ហា​នេះ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​គោលដៅ​ជាតិ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ចង់​កែ​លម្អ​លទ្ធផល​នៃ​ការ​សិក្សា​របស់​ប្រជាជន។ ការ​ពិត​ទៅ រដ្ឋាភិបាល​កម្ពុជា​មាន​ការ​ប្ដេជ្ញា​ចិត្ត​តាំង​ពី​យូរ​មក​ហើយ ដើម្បី​លុប​បំបាត់​កង្វះ​ខាត​អំបិល​អ៊ីយ៉ូដ នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ការ​​ប្ដេជ្ញា​​ចិត្ត​​របស់​​រដ្ឋាភិបាល​នេះ កើត​មាន​តាំង​ពី​ដើម​ទសវត្ស​រ៍​២០០០​មក​ម៉្លេះ៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧកញ៉ា​ពីរ​រូប​ដែល​នាំ​ចូល​រថយន្ត​ទំនើបៗ​បំផុត​​​​​មក​កម្ពុជា

ព័ត៌មាន
ប្រទេស​កម្ពុជា ថ្វីត្បិត​តែ​មិនមែន​​ជា​ប្រទេស​អ្នក​មាន ប៉ុន្តែ បើ​និយាយ​រឿង​រថយន្ត អ្នកមានៗ​នៅស្រុកខ្មែរ​ជិះ​រថយន្ត​ទំនើបៗ​បំផុត និង​ថ្...

នៅ​វៀតណាម មន្ត្រី​ពុករលួយ​អាច​រួច​ពី​ទោសស្លាប់​បាន ប៉ុន្តែ ...

ព័ត៌មាន
នៅ​វៀតណាម មន្ត្រី​ដែល​គេ​រក​ឃើញថា​ ប្រើ​អំណាច​ខុស​ដើម្បី​កិបកេងទ្រព្យ​សម្បត្តិ​រដ្ឋ​ក្នុង​ទឹកប្រាក់ ២ម៉ឺន ២ពាន់​ដុល្លារ ឬ​ទទួលសំណូក​ពី...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ