ពិព័រណ៍ឆ្នាំនេះក៏ស្វាគមន៍សហគ្រាសធុនតូច និងមធ្យមថ្មីមួយក្រុម ដែលបានចូលរួមតាមរយៈកម្មវិធីផ្សារភ្ជាប់ទីផ្សារ ដោយទទួលបានការគាំទ្រពីសហគ្រិនខ្មែរ ដើម្បីបំពេញតាមស្តង់ដារអនុលោមភាព និងគុណភាពរបស់ផ្សារអុីអន។ នេះជាឆ្នាំទីប្រាំមួយហើយចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០២១ នូវភាពជាដៃគូជាបន្តបន្ទាប់រវាងសហគ្រិនខ្មែរ និងផ្សារអុីអន ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការគាំទ្រសហគ្រាសធុនតូច និងមធ្យម និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងទីផ្សារក្នុងស្រុកតាមរយៈការផ្សព្វផ្សាយទំនិញក្នុងស្រុក។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជានាយកប្រតិបត្តិ នៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖ សហគ្រិនខ្មែរគាំទ្រសហគ្រាសធុនតូច និងមធ្យមមិនត្រឹមតែលើការកសាងសមត្ថភាព និងការផ្តល់ហិរញ្ញប្បទានឥតសំណងនោះទេ។ កម្មវិធីទាំងនោះបានភ្ជាប់អាជីវកម្មទៅបណ្តាញចែកចាយជាមួយផ្សារទំនើប និងប្រតិបត្តិករទីផ្សារធំៗ។ ពិព័រណ៍ផលិតផលក្នុងស្រុកជាមួយផ្សារអុីអននេះ បង្ហាញពីការប្ដេជ្ញាចិត្ដរបស់រដ្ឋាភិបាលក្នុងការគាំទ្រ និងពង្រឹងសហគ្រាសធុនតូច និងមធ្យម។
ជាមួយគ្នានេះ លោក ស៊ិន ពិសី អគ្គនាយកក្រុមហ៊ុន អុីអន (ខេមបូឌា) បានមានប្រសាសន៌ថា៖ ពិព័រណ៍ផលិតផលក្នុងស្រុកមានតួនាទីសំខាន់ក្នុងការពង្រឹងផលិតកម្មក្នុងស្រុក តាមរយៈការលើកទឹកចិត្ត អ្នកប្រើប្រាស់ឱ្យបន្តគាំទ្រអាជីវកម្មក្នុងស្រុក។ ជាមួយនឹងការកើនឡើងនៃតម្រូវការទំនិញក្នុងស្រុកប្រកបដោយគុណភាព ជាក់ស្ដែងពីមួយឆ្នាំទៅមួយឆ្នាំសន្ទុះនៃការគាំទ្រផលិតផលខ្មែរកាន់តែកើនឡើងយ៉ាងខ្លំាងក្លា។ លោកបានបន្តទៀតថា ផ្សារទំនើបអុីអនមានមោទនភាពក្នុងការចូលរួមជាចំណែកក្នុងការគាំទ្រ ក៏ដូចជាការផ្តល់នូវទីតាំងមួយដែលមានការតាំងលក់ផលិតផលក្នុងស្រុកជាច្រើន ដើម្បីឲ្យអតិថិជនគ្រប់រូបបានស្គាល់ និងប្រើប្រាស់កាន់តែទូលំទូលាយ។ មិនត្រឹមតែប៉ុណ្ណោះ ពិព័រណ៍នេះឆ្លុះបញ្ចាំងពីភាពរឹងមាំ ភាពច្នៃប្រឌិត និងភាពរីកចម្រើននៃផលិតផលក្នុងស្រុក ក្នុងទីផ្សារទំនើប។
លោក គីមូរ៉ា អេអ៊ីស៊ុគេ អគ្គនាយកអធិការរបស់ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) មានប្រសាសន៍ថា៖ អ៊ីអន ម៉ល (ខេមបូឌា) ប្តេជ្ញាចិត្តគាំទ្រសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដោយបង្កើតឱកាសអាជីវកម្មបន្ថែមតាមរយៈកម្មវិធីដូចជាពិព័រណ៍ផលិតផលក្នុងស្រុកនេះ។ កម្មវិធីនេះជួយផ្សារភ្ជាប់ទីផ្សារកម្ពុជាជាមួយអតិថិជនកាន់តែច្រើន លើកកម្ពស់ផលិតផលក្នុងស្រុក និងគាំទ្រដល់ការរីកចម្រើនប្រកបដោយចីរភាពរបស់អាជីវកម្មក្នុងស្រុក។ ជាមួយនឹងនេះ វាក៏ជួយបង្កើនបទពិសោធន៍នៃការទិញទំនិញ ដោយផ្តល់ជូនអតិថិជននូវជម្រើសផលិតផលដែលមានគុណភាព និងសម្បូរបែបកាន់តែច្រើន។
សូមសាធារណជនអាចមកទស្សនាពិព័រណ៍ផលិតផលក្នុងស្រុក និងស្វែងរកផលិតផលកម្ពុជាដែលមានគុណភាពខ្ពស់ជាច្រើនប្រភេទ ចាប់ពីបន្លែស្រស់ៗ ផលិតផលទឹកដោះគោ និងអង្ករ រហូតដល់វត្ថុអនុស្សាវរីយ៍ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។ អ្នកចូលរួមក៏អាចរីករាយជាមួយការបញ្ចុះតម្លៃផ្តាច់មុខ និងមានឱកាសឈ្នះរង្វាន់គួរឱ្យរំភើប ដោយគ្រាន់តែចំណាយលើការទិញទំនិញចាប់ពី ១៥ ដុល្លារ ឬច្រើន ជាងនេះ។