អត្ថបទក្រុមហ៊ុន

ឌីជីថលូបនីយកម្មមានសារសំខាន់សម្រាប់ការបន្តសកម្មភាពអាជីវកម្មនៅកម្ពុជាអំឡុងវិបត្ដិកូវីដ-១៩


សហគ្រាសមីក្រូ ធុនតូច និងធុនមធ្យម (MSME) ជិតពាក់កណ្ដាលនៅក្នុងព្រះរាជាណាចក្រកម្ពុជាប្រើប្រាស់មុខងារឌីជីថលសម្រាប់សកម្មភាពអាជីវកម្មរបស់ពួកគេ ខណៈក្រុមហ៊ុនមានសកម្មភាពអាជីវកម្មតាមអនឡាញរបស់កម្ពុជាភាគច្រើន មើលឃើញមុខងារទាំងនេះថាមានគុណតម្លៃដ៏សំខាន់ក្នុងដំណើរការអាជីវកម្មរបស់ពួកគេក្នុងអំឡុងវិបត្ដិកូវីដ-១៩។ នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយក្រុមហ៊ុន Meta។
ឌីជីថលូបនីយកម្មមានសារសំខាន់សម្រាប់ការបន្តសកម្មភាពអាជីវកម្មនៅកម្ពុជាអំឡុងវិបត្ដិកូវីដ-១៩
ដោយ

របាយការណ៍​​ក្រោម​ចំណង​ជើង​ថា «​សហគ្រាសមីក្រូ ធុនតូច និង​​​ធុន​មធ្យម និង​ការ​ប្រើ​ប្រាស់​មុខងារ​​​ឌីជីថលក្នុង​​​អំឡុង​ពេល​​​រាត​ត្បាត​ជំងឺ​កូវីដ-១៩​» ត្រូវបាន​ដាក់បង្ហាញ​​ជាសាធារណៈ​ក្នុង​ព្រឹត្ដិការណ៍​មួយ​ដែលមាន​ចូល​រួម​ជា​អធិបតីភាព​​​ដោយ​​​អ្នក​តំណាង​មក​ពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​កម្ពុជា​។ មន្ដ្រី​រាជ​រដ្ឋាភិបាល​មក​ពី​ក្រសួងព័ត៌មាន​ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត និង​នវានុវត្តន៍ និង​ក្រសួង​មហាផ្ទៃ​ ក៏​ដូច​ជា​តំណាង​​​មក​ពីស្ថានប័ន​រដ្ឋ​​ និង​វិស័យ​ឯកជន​ ក៏មាន​វត្ដមាននៅក្នុង​ព្រឹត្តិការណ៍​នេះ​​ផង​ដែរ។

ការ​សិក្សា​នេះ​​បាន​រក​ឃើញ​ថា ជាងពាក់​កណ្តាល (៧៣%) នៃ​សហគ្រាស​ MSME ដែល​មាន​​សកម្មភាព​​អាជីវកម្ម​អន​ឡាញ​​ដែល​ត្រូវ​បានអង្កេត​ បាន​រាយ​ការណ៍​ថា មុខងារ​ឌីជីថល​មាន​សារៈ​សំខាន់​ ឬ​សារៈ​ប្រយោជន៍​ក្នុង​ការ​បន្ដ​ដំណើរការ​អាជីវកម្មក្នុនង​​អំឡុងពេល​​វិបត្ដិជំងឺ​​កូវីដ​-១៩ នេះ​ ដោយ​មានការ​កើនឡើង​ការ​សកម្មភាព​ប្រើប្រាស់​ចេញពី​គេហដ្ឋាន។ MSMEs ដែលមាន​សកម្មភាពអាជីវកម្ម​អនឡាញ​ដែល​ត្រូវ​បានអង្កេត​បានរាយការណ៍ថា កម្មវិធី​ផ្សេងៗ​របស់ Facebook (៦៧​ភាគរយ) និង​ជា​ពិសេស​​កម្មវិធី Facebook (៦៦​ភាគរយ) បានជួយ​ពួក​គេ​ឱ្យ​សម្រប​ខ្លួន​ទៅនឹង​បរិស្ថាន​ជំងឺ​កូវីដ-១៩។ ដោយ​បច្ចុប្បន្ន​​​មនុស្ស​កាន់តែច្រើនលេង​អ៊ីនធឺណិត​ជាង​ពេល​មុន របៀប​រស់នៅ​ថ្មី​របស់អ្នក​ប្រើប្រាស់​កំពុង​លេច​ចេញឡើង ពោល​គឺ​ជា​ទម្លាប់​ទិញ​ថ្មី​ របៀប​ស្វែង​រក​ថ្មី និង​ការ​រំពឹង​ទុក​ថ្មី។

របាយការណ៍នេះ​ដែល​អាចរក​បាន​ទាំង​នៅ​លើអនឡាញ និង​ជា​របាយការណ៍​បោះពុម្ព​ ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា សហគ្រាស​មីក្រូ ធុន​តូច និង​​ធុន​មធ្យម​នៅ​កម្ពុជា​ បាន​បង្កើន​ការ​ប្រើ​ប្រាស់​មុខងារ​ឌីជីថល​ប្រហែល ១០​ភាគរយ​ ដើម្បី​ប្រតិបត្ដិការ​អាជីវកម្មរបស់ខ្លួន​​​ក្នុង​អំឡុងពេល​​​រីករាល​ដាល​​ជំងឺ​កូវីដ-១៩ ដោយ​ ៣៦​ភាគរយនៃ​ក្រុមហ៊ុន​អាជីវកម្មដែល​ត្រូវ​បាន​ស្ទង់មតិ​ ​​បាន​រាយការណ៍​ពី​ការ​ប្រើ​ប្រាស់​មុខងារ​ឌីជីថល​សម្រាប់​អាជីវកម្ម​មុន​សម័យ​កូវីដ បើធៀបនឹង​ ៤៥​ភាគរយ​​ក្នុង​រយៈពេល​មួយឆ្នាំកន្លង​មក​នេះ។ 

លោក ហេង ភក្ដី នាយក​​ផ្នែក​គោលនយោបាយ​សាធារណៈ​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ Facebook បាន​ថ្លែងថា​៖ «​យើង​បន្ត​ផ្តោត​ការ​យកចិត្ត​ទុក​ដាក់​លើ​ការពន្លឿន​ការ​ស្ទុះ​ងើបឡើងវិញ​នៅ​កម្ពុជា តាម​រយៈ​ការ​ធ្វើ​កិច្ចការ​ដែល​ប្រសើរ​បំផុត​ដែល​យើងអាច​ធ្វើ​បាន ដោយផ្តល់លទ្ធភាព​ទទួលបាននិងការ​តភ្ជាប់ ការ​ចែករំលែក​ព័ត៌មាន​ស៊ីជម្រៅ​ដើម្បី​ជួយ​សហគមន៍ និង​អាជីវកម្ម​ឱ្យ​​ដំណើរការ​អាជីវកម្ម​តាម​គន្លង​ប្រក្រតីភាព​ថ្មី។ ​លទ្ធផល​​នៃការ​ស្ទង់​មតិ​នេះ​បាន​បង្ហាញ​ពីការ​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រើ​ប្រាស់​មុខងារ​ឌីជីថល​ ជាពិសេស Facebook និង​មុខងារ​សារ​​​ឆ្លើយ​ឆ្លង​ដោយ​ផ្ទាល់​ (direct messaging) ដើម្បី​ប្រតិបត្ដិការ​អាជីវកម្ម​នៅ​កម្ពុជា​។ កត្តា​នេះបាន​បង្កើត​ទាំង​​ឱកាស​ និង​ឧបសគ្គ​ ក៏ដូចជា​ជួយ​យើង​​ឱ្យ​សម្រេច​ចិត្ត​ថា តើ​គួរ​ផ្សារ​ភ្ជាប់​​ទំនាក់​ទំនង​ជាមួយ MSME ដោយ​របៀបណា​។ យើង​ត្រូវ​ជួយ​ពួកគេ​ឱ្យ​ស្វែង​រក​លទ្ធភាព​បន្ថែម​ទៀត​អំពី​ពាណិជ្ជកម្ម​លើ​បណ្ដាញ​សង្គម​ និង​ផ្ដល់​ការ​អប់រំ​អំពី​វិធី​​សាស្ដ្រ​ប្រសើរ​បំផុត​ក្នុង​ការ​ប្រើ​ប្រាស់​មុខងារ​ឌីជីថល​​​ដើម្បី​ធ្វើ​ឱ្យ​​​អាជីវកម្ម​របស់​ពួកគេ​មាន​ភាព​ប្រសើរ​ឡើង​»។

ការ​ស្ទង់មតិ​លើ​សហគ្រាស​មីក្រូ ធុន​តូច និងធុន​មធ្យម​នេះ ត្រូវបាន​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន DAI និង​ក្រុមហ៊ុន Ipsos ចាប់​ពីថ្ងៃទី​​១៤ ខែ​មិថុនា រហូត​ដល់​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២១​ ទៅ​លើ​​ម្ចាស់​អាជីវកម្ម​ និង​អ្នកគ្រប់គ្រង​ជាន់​ខ្ពស់​របស់​សហគ្រាស​​មីក្រូ​ (មាន​និយោជិត​ម្នាក់) ​ធុនតូច (មាន​និយោជិត​ពី ២-៩នាក់) និង​ធុន​មធ្យម (មាន​និយោជិត​ពី ១០-២៤៩នាក់) នៅ​កម្ពុជា សរុប​មាន​ចំនួន ៩៩៧​នាក់​។ ការ​ស្ទង់មតិ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​សិក្សា​ទូលំទូលាយ​មួយ​​ទៅ​លើ​សហគ្រាស​​​មីក្រូ ធុន​តូច និង​ធុន​មធ្យម (MSMEs) ​ដោយ​ប្រើ​ប្រាស់​​ទិន្នន័យ​ស្ទង់មតិ​ថ្មី​ដែល​បាន​មក​ពី​ថ្នាក់​ដឹក​នាំ​អាជីវកម្ម​ទូទាំង​​ពិភព​លោក​ក្នុង​តំបន់​អាមេរិក​ខាង​ត្បូង អាស៊ី​ខាង​ត្បូង និង​អាស៊ី​អាគ្នេយ៍​។

អ្នកនាង អាំ វាសនា ដែលជា​សហគ្រិន​មួយរូប​​បាន​ថ្លែង​ថា​៖ «​បណ្ដាញ​ទំនាក់​ទំនង​សង្គម ជាពិសេស Facebook បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​សម្រាប់​អាជីវកម្ម​​ក្នុង​អំឡុង​ពេល​​​រាត​ត្បាត​ជំងឺ​កូវីដ​-១៩​។ អំឡុង​ពេល​ពិបាក​បំផុត​​ក្នុង​​វិបត្ដិ​នេះ យើង​បាន​ប្រែក្លាយ​​អាជីវកម្ម​ទាំងអស់​របស់​យើ​ងទៅជា​អនឡាញ ហើយ​សូម្បីតែពេលនេះ ជា​ពេល​ដែល​អត្រា​ឆ្លង​ជំងឺកូវីដ​-១៩ បាន​ធ្លាក់​ចុះ​ទៅ​ហើយក្តី ក៏យើង​នៅតែ​បន្ដ​ប្រើ​ប្រាស់​ Facebook និង​មុខងារ​ឌីជីថល​ផ្សេងៗទៀត​ធ្វើជា​មធ្យោបាយ​​​ចម្បង​ ដើម្បី​ទាក់ទងនិង​​​ផ្សារ​ភ្ជាប់​ជាមួយ​អតិថិជន​​របស់​យើង​ផង​ដែរ»។

ភាព​ប្រសើរ​ឡើង​នៃការ​ត​ភ្ជាប់​​ទំនាក់ទំនង និង​ការកើនឡើង​ឱកាស​បណ្ដុះបណ្ដាល​ ត្រូវ​បាន​ចាត់ទុក​ថា​ជា​​កត្ដាសំខាន់​សម្រាប់​ក្រុមហ៊ុន​នានា​ ​​ដែល​មាន​បំណងធ្វើ​ឱ្យ​​អាជីវកម្មរបស់ខ្លួនទៅ​ជា​សកម្មភាព​អនឡាញ​បន្ថែម​ទៀត ដោយ ៦៤ភាគរយ​នៃ​​​សហគ្រាស​មីក្រូ ធុនតូច និងធុន​​​មធ្យម​​​ដែល​ត្រូវបាន​ស្ទង់​មតិ បាន​រាយការណ៍​ពីចំណាប់អារម្មណ៍​ចង់​សិក្សា​បន្ថែម​អំពី​ការប្រើប្រាស់​​​មុខងារ​ឌីជីថល​ដើម្បី​ស្វែង​រក​​អតិថិថជន​ថ្មីៗ​។

ឯកឧត្តម គង់ ម៉ារី អនុរដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​បាន​មាន​ប្រសាសន៍ថា​៖ «ឌីជីថលូបនីយកម្ម​សហគ្រាសគឺជា​សសរស្តម្ភ​មួយ​ក្នុង​ចំណោមសសរស្តម្ភ​ចម្បង​ចំនួន​៣ ដែល​ដាក់​ចេញ​​នៅក្នុង “ក្របខ័ណ្ឌគោលនយោបាយ​សេដ្ឋកិច្ច និងសង្គម​ឌីជីថល​កម្ពុជា​ឆ្នាំ​២០២១-២០៣៥។ ក្នុង​ន័យ​នេះ ក្រសួង​ដែល​មាន​តួនាទីនាំ​មុខ​គេ​ក្នុងការ​សម្របស​ម្រួល​ការងារ​នេះ បាន​និ​ងកំពុង​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ក្នុងការ​ជួយ​ដល់​ក្រុមហ៊ុនអាជីវកម្ម​​ដើម្បី​ឱ្យ​ពួកគេ​មាន​លទ្ធភាព​សម្រប​​ខ្លួនទៅនឹងបច្ចេក​វិទ្យា​ឌីជីថល​ និង​ប្រើប្រាស់​បច្ចេក​វិទ្យា​ឌីជីថល​​នេះ​ដើម្បី​លើកកម្ពស់​ប្រតិបត្តិការ​ និង​ពង្រីកទីផ្សារ​របស់​ខ្លួន។ ឌីជីថលូបនីយកម្ម​របស់ក្រុមហ៊ុន​អាជីវកម្ម​គឺជា​គន្លឹះ​សំខាន់​ក្នុង​ការគាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ពន្លឿន​​កំណើន​សេដ្ឋកិច្ច និង​កសាង​ភាពធន់​របស់​ប្រទេស​យើង​នៅ​ក្រោយ​ពេលការ​រាត​ត្បាត​ជំងឺ។ ក្រសួង​នឹង​បន្ត​ធ្វើការងារ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រុមហ៊ុន Meta និង​កម្មវិធី​របស់​ក្រុមហ៊ុន​នេះ និង​ភាគី​ពាក់​ព័ន្ធ​ផ្សេងទៀត ដើម្បី​គាំទ្រ​ដល់​បេសកកម្ម​ដ៏​​សំខាន់​នេះ ដើម្បី​សម្រេច​បាន​ពេញលេញ​នូវ​ការ​ផ្លាស់ប្តូរ​ទៅជា​ឌីជីថល​របស់​កម្ពុជា​នៅ​ឆ្នាំខាង​មុខ»​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសឡាវជួបគ្រោះរញ្ជួយដី ២ដងផ្ទួនៗគ្នា ក្នុងកម្រិត ៥,៨ រ៉ិចទ័រ

ព័ត៌មាន
មជ្ឈមណ្ឌលទិន្នន័យគ្រោះរញ្ជួយដីជាតិឡាវបានប្រកាសថាប្រទេសឡាវក្បែរខាងកម្ពុជាយើង បានជួបនឹងគ្រោះធម្មជាតិរញ្ជួយដីពីរលើកជាប់គ្នា នៅម៉ោង ៤ព្រឹក ថ្ងៃ…

តើបច្ចេកវិទ្យាឌីជីថលជួយអ្វីខ្លះដល់សាលារៀនក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩

ព័ត៌មាន
កាលពីមុន វិទ្យាល័យ ហ៊ុន សែន សេរីភាព មិនធ្លាប់បានប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសោះឡើយ រហូតដល់ពេលផ្ទុះឡើងជំងឺរាតត្បាតកូវីដ-១៩ ដែលនាំឲ្យសា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ