Advertisement
ធនាគារ-​មីក្រូ​ហិរញ្ញ​វត្ថុ

គ្រឹះស្ថាន​ធនាគារ​និង​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា នឹង​ជួប​ព្យុះ​ភ្លៀង​ប៉ុន្មាន​ដង​ក្នុង​ឆ្នាំ​២០១៧​នេះ?


អាណាព្យាបាល​លើ​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូ​ហិរញ្ញ​វត្ថុ ចេញ​វិធានការ​តឹង​រ៉ឹង​ដាក់​សំពាធ​ទៀត​ហើយ! ក្នុង​ឆ្នាំ​២០១៧ អាច​ចាត់​ទុក​ថា​ជា​ឆ្នាំ​ដែល​ស៊យ ឬ​រងគ្រោះ​ជាង​គេ​សម្រាប់​វិស័យ​ធនាគារ​និង​ហិរញ្ញ​វត្ថុ​កម្ពុជា​មែន​ទេ? ចាប់​តាំង​ពី​ដើម​ឆ្នាំ​រហូត​មក​ដល់​ពេល​នេះ គ្រឹះស្ថាន​ធនាគារ​និង​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា កើត​មាន​រឿង​រ៉ាវ​ក្តៅ​គគុក​មិន​ដាច់ មិន​ចេះ​ចប់​មិន​ចេះ​ហើយ។
ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ នៅ​កម្ពុជា រីកដុះ​ដាល​ដូ​ចផ្សិត​មួយ​ទសវត្ស​ចុង​ក្រោយ​នេះ ប៉ុន្តែ អ្នក​សេដ្ឋកិច្ច​ មើល​ឃើញថា អត្រា​ការប្រាក់​នៃ​កម្ចី​នៅ​តែ​ខ្ពស់។ រូបភាព៖ ហេង ភារម្យ
ដោយ
Advertisement

បើ​គិត​រាប់​ចាប់​តាំងពី​រឿងរ៉ាវ​ដំបូង​គេ គឺ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​យ៉ាង​ក្តៅ​គគុក​ យ៉ាង​ដាច់​ខាត ឲ្យ​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​ទាំង​ឡាយ​ណា ដែល​មាន​ស្លាក​សញ្ញា ឡូហ្គូ ដូចនឹង​ស្លាក​សញ្ញា​ឡូហ្គូ​របស់​រដ្ឋ ត្រូវ​តែ​ផ្លាស់​ប្តូរ​ចេញ​ជា​បន្ទាន់ហើយ​ឲ្យ​សរសេរ​​នៅ​តាម​គ្រប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញ​វត្ថុ ថា គ្រឹះស្ថាន​ធនាគារ​និង​មីក្រូ​ហិរញ្ញ​វត្ថុ ជា​របស់​ឯកជន មិន​មែន​ជា​របស់​រដ្ឋ​នោះ​ទេ។ 

បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូ​ហិរញ្ញ​វត្ថុ​ខាត​បង់​លើ​ការ​ផ្លាស់​ប្តូរ និង​ចំណាយ​រដ្ឋបាល​ផ្សេងៗ ថែមទាំង​ឈឺ​ក្បាល​មិន​តិច​ឡើយ។

រឿង​ក្តៅ​គគុក​ទី​២ អាច​ថា​ជា​រឿង​ដែល​រងគ្រោះ​ជាង​គេ​សម្រាប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញ​វត្ថុ​តូចៗ ដែល​ស្ទើរ​តែ​មិន​អាច​ឈរ​ជើង​បាន​នៅ​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​កម្ពុជា គឺ​ប្រកាស​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ដាក់​កំហិត​បន្ទាប​អត្រា​ការ​ប្រាក់​កម្ចី​មក​នៅ​ត្រឹម ១៨​ភាគរយ​ក្នុង​១​ឆ្នាំ (ប្រហាក់​ប្រហែល​ទៅ​នឹង​ធនាគារ​ពាណិជ្ជ) ដែល​បញ្ហា​នោះ​ច្បាស់​ណាស់​វា​នឹង​ធ្វើ​ឲ្យ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​មួយ​ចំនួន​ស្ទើរ​តែ មិន​អាច​ឈរ​ជើង​ប្រកួត​ប្រជែង​ជាមួយ​នឹង​ធនាគារ​ធំៗ​បាន​ទេ។

Advertisement

រឿង​ទី​៣ បន្ទាប់​ពី​រង​សម្ពាធ​ដ៏​ធ្ងន់ធ្ងរ​ពី​ការ​ទម្លាក់​ពិដាន​អត្រា​ការ​ប្រាក់ ត្រឹម ១៨​ភាគរយ ដែល​កំណត់​ដោយ​រដ្ឋាភិបាល​កម្ពុជា ភ្លាមៗ​នោះ​ដែរ​ក៏​ស្រាប់​តែ​លេច​ចេញ​រឿង​រ៉ាវ​ក្តៅ​មួយ​ទៀត គឺ​គ្រឹះស្ថាន​ធនាគារ និង មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​ទាំង​អស់​កំពុង​ជួប​គ្រោះ​ប្រឈម​នឹង​ការ​ប្រកាស​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ស្តីពី​ការ​ណែនាំ​អនុវត្ត​បន្ថែម​ចំពោះ​អាករ​លើ​តម្លៃ​បន្ថែម (VAT) ដែល​ក្នុង​នោះ មាន​សេវា​កម្ម​ហិរញ្ញ​វត្ថុ​មូលដ្ឋាន​ដែល​តម្រូវ​ឲ្យ​ជាប់​អាករ​បន្ថែម​១០%។

ក្រុម​អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ដែល​ប្រតិបតិ្តការ​អាជីវកម្ម​ក្នុង​វិស័យ​នេះ​បាន​មើល​ឃើញ​យ៉ាង​ច្បាស់​ថា នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​វិស័យ​មួយ​នេះ ដែល​បច្ចុប្បន្ន ពួកគេ ​មិន​ទាំង​បាន​រើ​បម្រាស់​រួច​ពី​ការ​ទម្លាក់​ពិដាន​អត្រា​ការប្រាក់ ១៨% នៅ​ឡើយ​ផង។

ចំណែក​ឯ​រឿង​ទី​៤ ចុង​ក្រោយ​ថ្មីៗ​នេះ ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​ជា​អាណាព្យាបាល​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​ទាំង​អស់ បាន​ចេញ​វិធានការ​តឹងរ៉ឹង​មួយ​ទៀត​គឺ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ដល់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ដោយ​អនុលោម​តាម​ច្បាប់ និង​បទប្បញ្ញត្តិ​ជា​ធរមាន និង​ក្នុង​គោលដៅ​ពង្រឹង​កិច្ច​គាំពារ​អតិថិជន ត្រូវ​បាន​ធនាគារជាតិ​នៃ​កម្ពុជា សម្រេច៖ 

ទី១ ផាក​ពិន័យ​ជា​ទឹក​ប្រាក់​ចំនួន ៤០០​លាន​រៀល (ស្មើ​នឹង​ប្រមាណ ១០​ម៉ឺន​ដុល្លារ​អាមេរិក) ចំពោះ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ណា​ដែល​មិន​អនុលោម​តាម​ច្បាប់​និង​បទប្បញ្ញត្តិ ជា​ពិសេស ប្រកាស​ស្តីពី​តម្លាភាព​ក្នុង​ការ​ផ្តល់​សេវា​ឥណទាន​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ។

ទី២ បាន​បង្កើត​ប្រព័ន្ធ​ទូរស័ព្ទ hotline ចំនួន​៤​ខែ្ស ដើម្បី​ទទួល​ព័ត៌មាន​ពី​អតិថិជន​ដែល​មាន​បញ្ហា​ជាមួយ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ និង ទី​៣ បន្ត​ពង្រឹង​ការ​ចុះ​ត្រួត​ពិនិត្យ​ដល់​ទីកន្លែង​ចំពោះ​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូ​ហិរញ្ញ​វត្ថុ​ដែល​ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា។

ធនាគារជាតិ​នៃ​កម្ពុជា ក៏​នឹង​ចាត់​វិធានការ​តឹងរ៉ឹង​ ដូចមាន​ចែង​ក្នុង​ជំពូក​ទី​១៨, ១៩ និង ២០ នៃ​ច្បាប់​ស្តីពី​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញ​វត្ថុ ចំពោះ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញ​វត្ថុ​ណាដែល​ប្រព្រឹត្ត​ល្មើស។

Advertisement

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល ធនាគារជាតិ​នៃ​កម្ពុជា​ក៏​បាន​រំឭក​ជា​ថ្មី​ថា ​គ្រឹះស្ថាន​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញ​វត្ថុ និង​ប្រតិបត្តិករ​ឥណទាន​ជនបទ​ទាំង​អស់ គឺ​ជា​គ្រឹះស្ថាន​ឯកជន​រក​ផល​ចំណេញ ហើយគ្រឹះស្ថាន​ទាំង​នោះ​មិន​មែន​ជា​របស់​រដ្ឋ​ទេ។ ដូច្នេះ រាល់​ការ​ឃោសនា​បោក​ប្រាស់​ដែល​ថា នឹង​មាន​ការ​លុប​បំណុល​របស់​អតិថិជន​នោះ មិនមែន​ជា​ការ​ពិត​ទេ ហើយ​នឹង​ត្រូវ​ទទួល​ទោស​តាម​ច្បាប់​ជា​ធរមាន។

សូម​រង់​ចាំ​មើល​បន្ត​ទៅ​ទៀត ថា​តើ​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​នឹង​ជួប​រឿង​រ៉ាវ​ព្យុះភ្លៀង​អ្វី​ខ្លះ​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ សូម​រង់ចាំ​អាន សារព័ត៌មាន​អេឡិចត្រូនិក ខេមបូណូមីស ជា​បន្ត​បន្ទាប់​ទៀត!

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បង្ក្រាប​ក្រុម​ពេស្យា​នៅ​ហូជីមិញ ពាក់ព័ន្ធ​នឹង​តារា​ម៉ូដែល​និង​តួកុន!

ព័ត៌មាន
នគរបាល​ក្រុង​ហូជីមិញ​បានចាប់​ខ្លួន​ស្ត្រី​វៀតណាម​ ៣នាក់ ពី​បទ​«គួកជេ»​សេវា​បម្រើ​ផ្លូវ​ភេទ ដែលពាក់ព័ន្ធ​សុទ្ធ​តែ​តារាបង្ហាញ​ម៉ូដ និ...

ឧកញ៉ា​មហា​សេដ្ឋី​​ដែល​មាន​សកម្មភាព​មុខ​ជំនួញ​លេច​ធ្លោ​ខ្លាំង​​ក្នុង​ឆ្នាំ​២០១៧!

ព័ត៌មាន
សារព័ត៌មាន​អេឡិចត្រូនិក ខេមបូណូមីស ដែល​ផ្តោត​សំខាន់​ទៅ​លើ​ព័ត៌មាន​សេដ្ឋកិច្ច ពាណិជ្ជ​កម្ម អ្នក​ជំនួញ​ជោគជ័យ ធុរជន​ល្បីៗ ស៊ី​ជម្រៅ​ន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ