ធុរជន​ល្បីៗ

ឧកញ៉ា​មហា​សេដ្ឋី​​ដែល​មាន​សកម្មភាព​មុខ​ជំនួញ​លេច​ធ្លោ​ខ្លាំង​​ក្នុង​ឆ្នាំ​២០១៧!


សារព័ត៌មាន​អេឡិចត្រូនិក ខេមបូណូមីស ដែល​ផ្តោត​សំខាន់​ទៅ​លើ​ព័ត៌មាន​សេដ្ឋកិច្ច ពាណិជ្ជ​កម្ម អ្នក​ជំនួញ​ជោគជ័យ ធុរជន​ល្បីៗ ស៊ី​ជម្រៅ​នៅ​កម្ពុជា​បាន​ធ្វើការ​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្នក​ជំនួញ​ធំៗ​​ដែល​មាន​សកម្មភាព​រក​ស៊ី​ខ្លាំង​ក្លា​នៅ​កម្ពុជា ដើម្បី​ចែក​ជូន​ប្រិយមិត្ត​អ្នក​អាន។
លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន WorldBridge Group។ រូបថត៖ ហេង ភារម្យ
ដោយ

នៅ​ក្នុង​ឆ្នាំ​នេះ អ្វី​ដែល ខេមបូណូមីស បាន​កត់​សម្គាល់ និង​ធ្វើការ​ស្រាវជ្រាវ​ជាក់​ស្តែង តាមរយៈ​សកម្មភាព​ពាណិជ្ជ​កម្ម​និង​ការ​ចាប់​ដៃគូ​វិនិយោគ​ជាមួយ​វិនិយោគិន​បរទេស និង​ពាណិជ្ជករ​នៅ​ក្នុង​ស្រុក និង​បានរក​ឃើញ​ថា មាន​ឧកញ៉ា​ល្បី​ល្បាញ​មួយ​រូប ដែល​មាន​ឈ្មោះ​ថា សៀ ឫទ្ធី ហាក់​បី​ដូចជា​លេច​ធ្លោ​ជាង​គេ ក្នុង​ចំណោម​អ្នក​ជំនួញ​ធំៗ​ជា​ច្រើន​ទៀត។

គ្រាន់​តែ​ក្នុង​រយៈពេល ៨​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៧​នេះ គិត​ទៅ​មិន​ដល់​មួយ​ឆ្នាំ​ផង លោក​ឧកញ៉ា សៀ ឫទ្ធី បាន​បង្កើត​គម្រោង​វិនិយោគ​ថ្មីៗ និង​ចាប់​ដៃគូ​វិនិយោគ ជាមួយនឹង​វិនិយោគិន​ក្នុង​ស្រុក​និង​បរទេស មិន​តិច​ជាង​១០ ឡើយ។

បើ​ក្រឡេក​មក​មើល​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​ជា​ច្រើន​បាន​សម្លឹង​និង​ចាប់​អាម្មរណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​សកម្មភាព​ដំណើរការ​ពាណិជ្ជ​កម្ម ក៏​ដូចជា​ការ​វិនិយោគ​ដ៏​លេច​ធ្លោ​របស់​​លោក​​ឧកញ៉ា សៀ ឫទ្ធី ដែល​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន WorldBridge Group និង​ជា​ពាណិជ្ជករ​ខ្មែរ​ដ៏​លេច​ធ្លោ​​មួយ​​រូប​ក្នុងចំណោម​មហា​សេដ្ឋី​ល្បីៗ​ជា​ច្រើន​នៅ​កម្ពុជា។

ក្រុមហ៊ុន​ World Bridge Group របស់​ឧកញ៉ា​ សៀ ឫទ្ធី។ (រូបភាព៖ ហេង ភារម្យ)

នៅ​ពេល​បច្ចុប្បន្ន​នេះ លោក​ឧកញ៉ា សៀ ឫទ្ធី គឺ​ជា​ម្ចាស់​ក្រុមហ៊ុន​និង​ដឹកនាំ​ក្រុមហ៊ុន​ល្បីៗ ប្រមាណ​ជាង ៣០​ក្រុមហ៊ុន ដែល​ភាគ​ច្រើន​សុទ្ធ​តែ​ក្រុមហ៊ុន​មាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​និង​ទទួល​បាន​ភាព​ជោគជ័យ​​គួរ​ឲ្យ​កត់​សម្គាល់។ 

ជាង ៣០​ក្រុមហ៊ុន​ខាង​លើ​នេះ នៅ​មិន​ទាន់​បាន​រាប់​បញ្ចូល​ក្រុមហ៊ុន​ថ្មីៗ​ដែល​លោក​ទើប​តែ​បាន​បង្កើត​និង​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​បរទេស និង​ក្នុង​ស្រុក​មួយ​ចំនួន នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ​នៅ​ឡើយ​ទេ។

ប្រការ​ដែល​ចេះតែ​ធ្វើ​ឲ្យ​លោក​ឧកញ៉ា សៀ ឫទ្ធី ជោគជ័យ​បើក​ក្រុមហ៊ុន​មួយ​ហើយ​មួយ​ទៀត មិន​ចេះ​ដាច់​នោះ​ គឺ​លោក​តែងតែ​មាន​ផែនការ​ច្បាស់​លាស់​មួយ​ដើម្បី​អភិវឌ្ឍ​ក្រុមហ៊ុន។ ផែនការ​របស់​លោក​គឺ​ជា​ផែនការ​​វិនិយោគ​បែប​សហប្រតិបត្តិការ​គ្នា​រវាង​ដៃគូ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក ដើម្បី​ឲ្យ​មាន​ស្តង់ដារ​អន្តរជាតិ។

ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ ការ​រកស៊ី​សំខាន់​គឺ​ធ្វើ​យ៉ាង​ណា​រក្សា​កេរ្តិ៍​ឈ្មោះ​ឲ្យ​បាន​ល្អ។ ឧកញ៉ា សៀ ឫទ្ធី ថា ការ​រក​ស៊ី នរណា​ក៏​ចង់​បាន​ចំណេញ​ដែរ ប៉ុន្តែ យើង​ត្រូវ​ចំណេញ​ឲ្យ​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​សង្គម មាន​​តម្លាភាព បាន​ន័យ​ថា យើង​មាន​ភាព​ស្មោះត្រង់​ជាមួយ​ដៃគូ​អាជីវកម្ម​របស់​យើង។

បន្ទាប់​ពី​ការងារ​ជំនួញ​ដ៏​មមា​ញឹក លោក​ឧកញ៉ា សៀ ឫទ្ធី បាន​ចូលរួម​ចំណែក​យ៉ាង​សស្រាក់​សស្រាំ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​និង​ប្រទេស​ជាតិ​ផងដែរ។ ហើយ​លោក​ឧកញ៉ា​តែងតែ​ចំណាយ​ពេល​វេលា ផ្តល់​នូវ​គន្លឹះ​អាជីវកម្ម ពាណិជ្ជកម្ម​សំខាន់ៗ ដល់​សហគ្រិន អាជីវករ ជំនាន់​ក្រោយៗ តាមរយៈ​ការ​ចូលរួម​ជា​វាគ្មិន​ក្នុង​សិក្ខា​សាលា វេទិកា​ពាណិជ្ជកម្ម​សាធារណៈ និង​បាឋកថា ជាដើម។

ហើយ​អ្វី​ដែល​លោក​ឧកញ៉ា សៀ ឫទ្ធី បាន​ផ្តល់​ជា​អនុសាសន៍​គំនិត​អាជីវកម្ម​ផ្សេងៗ នៅ​ក្នុង​ការ​ប្រកប​មុខ​ជំនួញ​ផ្សេងៗ គ្រាន់​តែ​ជា​គំនិត​យោបល់​និង​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន ដែល​ជា​លក្ខណៈ​បុគ្គល យល់​ឃើញ​ជាក់​​ស្តែង​តែ​ប៉ុណ្ណោះ ដោយ​មិន​មាន​ចេតនា​ណា​មួយ បន្តុះ​បង្អាប់ ធ្វើ​ឲ្យ​ខាត​បង់​ប្រយោជន៍​សាធារណជន​នោះ​ឡើយ។

ងាក​មក​មើល​គម្រោង​ថ្មីៗ ធំៗ របស់​លោក​ឧកញ៉ា សៀ ឫទ្ធី ក្នុង​ឆ្នាំ​២០១៧​នេះ​វិញ​ម្ដង តើ​មាន​អ្វី​ខ្លះ?

ឧកញ៉ា សៀ ឫទ្ធី ចុះ​ហត្ថលេខា​ព្រមព្រៀង​សហការ​ជាមួយ​វិនិយោគិន​ចិន​ នា​ថ្ងៃ​ទី២ ខែ​សីហា ឆ្នាំ​២០១៧ ដើម្បី​បើក​ក្រុមហ៊ុន​ថ្មី​ដ៏​ធំ​មួយ​។ (រូបភាព៖ ហេង ភារម្យ)

នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ លោក​ឧកញ៉ា សៀ ឫទ្ធី កំពុង​តែ​ដំណើរការ​យ៉ាង​សកម្ម​​​នូវ​គម្រោង​វិនិយោគ​មួយ​ចំនួន មាន​ដូចជា៖

  1. គម្រោង​អភិវឌ្ឍន៍​សាងសង់​លំនៅដ្ឋាន​សាធារណៈ​លើក​ដំបូង​នៅ​កម្ពុជា ដែល​មាន​តម្លៃ​សមរម្យ។ ហើយ​គម្រោង​នេះ​ដែរ គ្រោង​នឹង​ចាប់​ផ្តើម​ចុះ​កិច្ច​សន្យា​ទិញ​-លក់ ជាមួយ​ប្រជាពលរដ្ឋ ដែល​ជា​មន្រ្តី​រាជការ ទាហាន គ្រូ​បង្រៀន មន្រ្តី​ចូល​និវត្តន៍ ដែល​បាន​ចុះ​ឈ្មោះ​រួច​ហើយ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ។
  2. បើក​សម្ពោធ​ដំណើរការ​អាជីវកម្ម​ជា​ផ្លូវការ នូវ​តំបន់​សេដ្ឋកិច្ច​ពិសេស​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ឈ្មោះ​ថា  ឃើរី វើលប្រ៊ីដ (Kerry Worldbridge)។
  3. ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​រួម​គ្នា ជាមួយ​ក្រុមហ៊ុន BAVARIA មក​ពី​ប្រទេស​អាល្លឺម៉ង់ លើ​ផ្នែក​បច្ចេកវិទ្យា​ទំនើប​ផុត​លេខ។
  4. ចុះ​កិច្ច​ព្រមព្រៀង​លើ​អនុស្សរណៈ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន កាំម៉ាស់ មក​ពី​ប្រទេស​រុស្សី ដើម្បី​នាំ​ចូល​ឡាន​កាំម៉ាស់ និង​ដំឡើង​ឡាន​កាំម៉ាស់​នៅ​​ប្រទេស​កម្ពុជា។
  5. ចុះ​កិច្ច​ព្រមព្រៀង​លើ​អនុស្សរណៈ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​សាងសង់​ដ៏​ធំ មក​ពី​ប្រទេស​ចិន ដែល​មាន​ឈ្មោះ​ថា Sino Great Wall Engineering។
  6. ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​លើ​ផ្នែក​ច្បាប់​និង​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​ច្បាប់ សុក ស៊ី​ផាន់ណា និង​ក្រុមហ៊ុន លី ហួរ គ្រុប (លើ​គម្រោង​លំនៅដ្ឋាន)។
  7. ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ ជាមួយ​ក្រុមហ៊ុន​អចលន​ទ្រព្យ​ក្នុង​ស្រុក​ធំ​មួយ ដែល​មាន​ឈ្មោះ​ថា KFA (លើ​គម្រោង​លំនៅដ្ឋាន)។
  8. វិនិយោគ​រួម​គ្នា​ជាមួយ​វិនិយោគិន​មក​​ពី​ប្រទេស​សិង្ហ​បុរី លើ​គម្រោង​លំនៅដ្ឋាន​ប្រណីត ដែល​មាន​ឈ្មោះ​ថា ឌឹ ផាម ដែល​មាន​តម្លៃ​ជាង ១០០​លាន​ដុល្លារ​អាមេរិក។
  9. វិនិយោគ​រួម​គ្នា​ជាមួយ​វិនិយោគិន ហុងកុង Star World សាងសង់​អគារ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ ដែល​មាន​ឈ្មោះ​ថា Kowloon Bay ដែល​មាន​កម្ពស់ ៥៩​ជាន់។
  10. វិនិយោគ​រួម​គ្នា​ជាមួយ​វិនិយោគិន​មក​ពី​សិង្ហ​បុរី លើ​គម្រោង​អគារ​ពាណិជ្ជកម្ម​និង​លំនៅដ្ឋានរួម The Peak កម្ពស់ ៥៥​ជាន់។ 

នៅ​មាន​ច្រើន​ទៀត ប៉ុន្តែ សារព័ត៌មាន ខេមបូណូមីស សូម​លើក​យក​តែ​គម្រោង​ថ្មីៗ ធំៗ  និង​កិច្ច​សហការ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ​និង​ក្នុង​ស្រុក​ចំនួន​តែ​១០ របស់​លោក​ឧកញ៉ា សៀ ឫទ្ធី ដែល​បាន​កើត​ឡើង​និង​កំពុង​មាន​សកម្មភាព​វិនិយោគ នៅ​ក្នុង​រយៈពេល ៨​ខែ​ដើម​ដំបូង​នៃ​ឆ្នាំ​២០១៧​នេះ​តែ​ប៉ុណ្ណោះ។ 

ក្រុម​ការងារ​យើង​នឹង​បន្ត​បេសក​កម្ម​នេះ ស្វែងរក​និង​ស្រាវជ្រាវ​អ្នក​ជំនួញ​ល្បីៗ​ដទៃ​ទៀត ដែល​មាន​សកម្មភាព​សេដ្ឋកិច្ច​ខ្លាំង​ក្លា​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ​ជូន​ប្រិយមិត្ត​​អ្នក​​អាន​​ទាំង​​អស់​គ្នា!

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គ្រឹះស្ថាន​ធនាគារ​និង​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា នឹង​ជួប​ព្យុះ​ភ្លៀង​ប៉ុន្មាន​ដង​ក្នុង​ឆ្នាំ​២០១៧​នេះ?

ព័ត៌មាន
អាណាព្យាបាល​លើ​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូ​ហិរញ្ញ​វត្ថុ ចេញ​វិធានការ​តឹង​រ៉ឹង​ដាក់​សំពាធ​ទៀត​ហើយ! ក្នុង​ឆ្នាំ​២០១៧ អាច​ចាត់​ទុក​ថា​…

ទម្លាប់​ប្រចាំ​ថ្ងៃ​សាមញ្ញៗ​១០​យ៉ាង​ដែល​ជួយ​ឲ្យ​អ្នក​រីករាយ​ជាង​មុន!

ព័ត៌មាន
មិន​ថា​អ្នក​មាន អ្នកក្រ បុគ្គលិក សេដ្ឋី មន្រ្តី ស្តេច ឬ​នរណា​ក៏​ដោយ​ តែង​ចង់​សប្បាយ​រីករាយ​ចិត្ត​ដូចៗ​គ្នា។ អ្នក​ខ្លះ​គាត់​គិត​ថា ពេល​មាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ