អចលនទ្រព្យ

ឧកញ៉ា​អចលនទ្រព្យ​វ័យ​ក្មេង នួន រិទ្ធី៖ ភាព​មាន​បាន​មិនមែន​ទេវតា​ប្រទាន​ទេ !


«ការ​បើក​អាជីវកម្ម​ដំបូង សំខាន់​បំផុត​នោះ គឺ​ទី​១ យើង​ត្រូវ​មាន​បទ​ពិសោធន៍ ជំនាញ​ច្បាស់​លាស់ និង​ទី២ យើង​ត្រូវ​មាន​បណ្តាញ។ ពោល​គឺ នៅ​ពេល​ដែល​យើង​បាន​កសាង​បណ្តាញ​ទំនាក់​ទំនង​ច្បាស់​លាស់ គួប​​ផ្សំ​នឹង​បទ​ពិសោធន៍ នោះ​អ្វីៗ​នឹង​ធ្វើ​ឲ្យ​យើង​​មាន​ភាព​ជឿជាក់លើ​ខ្លួន​ឯង ហើយ​អ្នក​ដទៃ​ក៏​មាន​ការ​ជឿ​ទុក​ចិត្ត​មក​លើ​យើង​ដែរ។ នោះ​ហើយ​ជា​ចំណុច​គោលដៅ​ដំបូង​ឈាន​ទៅ​រក​ជោគ​ជ័យ»។
ឧកញ៉ា នួន រិទ្ធី ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ KFA។ រូបភាព៖ ហេង ភារម្យ
ដោយ

ខាងលើ​នេះ គឺ​ជា​ពាក្យពេចន៍​ចេញ​បេះដូង​របស់​ឧកញ៉ា​វ័យ​ក្មេង នួន រិទ្ធី ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​សារព័ត៌មាន​អេឡិចត្រូនិច ខេមបូណូមិស។ 

បច្ចុប្បន្ន លោក​ឧកញ៉ា វ័យ​៣៨​ឆ្នាំ​រូប​នេះ បាន​ក្លាយ​ជា​ម្ចាស់​ក្រុមហ៊ុន​បម្រើ​សេវាកម្ម​អចលន​ទ្រព្យ​លើ​ការ​វាយ​តម្លៃ ទិញ លក់ ជួល គ្រប់គ្រង​អចលន​វត្ថុ និង​សាងសង់​សំណង់​គ្រប់​ប្រភេទ​ដ៏​លេច​ធ្លោ​មួយ​នៅ​កម្ពុជា ដែល​មាន​ឈ្មោះ​ថា ក្រុមហ៊ុន​ ខ្មែរ ហ្វោនដេសិន អឹព្រេហ្សល (KFA)។ ក្រៅពី​រក​ស៊ី​នៅ​ក្នុង​វិស័យ​សំណង់ និង​អចលន​ទ្រព្យ លោក​ឧកញ៉ា​ចិត្ត​មុត​រូប​នេះ​ក៏​មាន​អាជីវកម្ម​ស្ថានីយ​ប្រេង​ឥន្ទនៈ ក្រុមហ៊ុន​សាង​សង់ អាជីវកម្ម​លក់​ថ្ម និង​អាជីវកម្ម​ផ្សេងៗ​ទៀត។

ភាព​មាន​បាន​មិន​មែន​ទេវតា​ប្រទាន​ទេ!

ផ្តើម​ចេញ​ពី​ភាព​មាន​បាន​នៅ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ លោក​ឧកញ៉ា នួន រិទ្ធី បាន​ពោល​ពាក្យ​យ៉ាង​ខ្លី​ថា អី្វ​កើត​ឡើង​ពី​ការ​តស៊ូ​អត់​ធ្មត់ សព្វ​គ្រប់​បែប​យ៉ាង រួមជាមួយ​នឹង​ភាព​ស្មោះត្រង់ ហើយ ​វា​មិន​មែន​កើត​ឡើង​ដោយសារ​ព្រេង​វាសនា ឬ​ចៃដន្យ ដេក​រង់ចាំ​ទេវតា​ផ្តល់​សំណាង​នោះ​ទេ។ 

លោក​ឧកញ៉ា នួន រិទ្ធី រាប់​ចាត់​ទុក​ថា​ជា​ឧកញ៉ា​វ័យ​ក្មេង​ម្នាក់​ដែល​មាន​ចិត្ត​មុះមុត តស៊ូ​ព្យាយាម និង​ចេះ​រៀបចំ​ពី​ផែនការ​រស់នៅ​ដើម្បី​ត្រួសត្រាយ​វិថី​ជីវិត និង​ការងារ​អាជីវកម្ម​ឲ្យ​ទទួល​បាន​នូវ​ភាព​ជោគជ័យ។

លោក​ឧកញ៉ា នួន រិទ្ធី បាន​និយាយ​ថា ទម្រាំ​ក្លាយ​ជា​ម្ចាស់​ក្រុមហ៊ុន​ដោយ​ខ្លួន​ឯង លោក​ក៏​ធ្លាប់​បម្រើ​ការងារ​ឲ្យ​គេ​ចាប់​ពី​បុគ្គលិក​ធម្មតា​បន្ត​បន្ទាប់ ប្រធាន​ផ្នែក រហូត​ដល់​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ដែល​មាន​ភាគហ៊ុន​នៅ​ក្នុង​នោះ​ផង​ដែរ។

អគារ​ Apartment របស់​ក្រុមហ៊ុន KFA នៅ​ភ្នំពេញ។ (រូបភាព៖ ហេង ភារម្យ)

តាម​ពិត​ទៅ លោក​ឧកញ៉ា នួន រិទ្ធី មិនមែន​កើត​នៅ​ក្នុង​ត្រកូល​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​នោះ​ទេ។ លោក​កើត​នៅ​ក្នុង​ត្រកូល​គ្រួសារ​ក្រីក្រ​មួយ ដែល​មាន​ឪពុក​ជា​មន្ត្រី​រាជការ​តូចតាច ម្តាយ​ជា​អ្នក​លក់​ដូរ​បន្តិច​បន្តួច​ដើម្បី​ចិញ្ចឹម​កូន​បី​នាក់។

លោក​មាន​ស្រុក​កំណើត​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ សង្កាត់​ទួល​ស្វាយព្រៃ១ ខណ្ឌ​ចម្ការ​មន។ កាល​ពី​វ័យ​ជំទង់ លោក​សិក្សា​បណ្តើរ​ឆ្លៀត​ពេល​ដើរ​លក់​កាសែត​បណ្តើរ​ដើម្បី​បាន​លុយ​កាក់​ខ្លះ​ទំនុក​បម្រុង​ការ​សិក្សា​ផ្ទាល់​ខ្លួន។ ដោយសារ​តែ​ភាព​វ័យ​ឆ្លាត និង​តស៊ូ​ក្នុង​ការ​សិក្សា​ជា​បន្ត​បន្ទាប់​រហូត​ប្រលង​ជាប់​បាក់ឌុប និង​បន្ត​សិក្សា​នៅ​សាកល​វិទ្យាល័យ។

លោក​ទទួល​បាន​បរិញ្ញាបត្រ​ផ្នែក​វិស្វកម្ម​សំណង់ និង​សញ្ញាបត្រ​ជាន់​ខ្ពស់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម។ លោក​បាន​រៀប​អាពាហ៍​ពិពាហ៍​ក្នុង​ឆ្នាំ​២០០៥ មាន​កូន​៤​នាក់ ប្រុស​ពីរ ស្រី​ពីរ។

ខេមបូណូមិស សូម​មិន​រៀបរាប់​លម្អិត​ពី​ជីវ​ប្រវត្តិ​លោក​នោះ​ទេ ដោយ​លើក​យក​តែ​ចំណុច​សំខាន់ៗ​ក្នុង​ដំណើរ​ជីវិត និង​ធាតុ​ផ្សំ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​លោក​ទទួល​បាន​ជោគជ័យ​តែ​ប៉ុណ្ណោះ។

ចំណុច​សំខាន់ៗ​៤ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​រឹងមាំ​ជោគជ័យ

ដើម្បី​ឲ្យ​ក្រុមហ៊ុន​មួយ​ដំណើរ​បាន​ដោយ​រលូន​ជោគជ័យ​យូរ​អង្វែង លោក​ឧកញ៉ា នួន រិទ្ធី បាន​បា្រប់​ឲ្យ​ដឹង​ថា ទី១ យើង​ត្រូវ​មាន​ធនធាន​មនុស្ស​ល្អ ទី​២ ហិរញ្ញ​វត្ថុ​សមរម្យ ទី៣ ត្រូវ​មាន​ភាព​ជា​អ្នក​គ្រប់គ្រង​ដឹកនាំ និង ទី៤ ទីផ្សារ បាន​ន័យ​ថា យើង​ត្រូវ​យល់​ដឹង​និង​ចេះ​កំណត់​គោលដៅ​ទីផ្សារ​ឲ្យ​បាន​ល្អ។ ដូច្នេះ ទាំង​បួន​នេះ យើង​ត្រូវតែ​យល់​ដឹង​ឲ្យ​ច្បាស់​ទើប​ធ្វើ​ឲ្យ​ដំណើរការ​អាជីវកម្ម​របស់​យើង​រឹងមាំ​យូរ​អង្វែង។

លោក​ឧកញ៉ា​បាន​សង្កត់​ធ្ងន់​ថា រឹតតែ​មិន​អាច​រីក​ចម្រើន​ធំធាត់​បាន​នោះ​ទេ បើ​សិន​ជា​មិន​មាន​ការ​ខិតខំ​ប្រឹង​ប្រែង​ធ្វើការ​ដោយ​ស្មោះ​ស្ម័គ្រ ពី​សំណាក់​បុគ្គលិក​ជំនាញ​របស់​លោក​នោះ។ ដូច្នេះ ពួកគេ​គឺ​ជា​សរសៃ​ឈាម​នៃ​ក្រុមហ៊ុន ដែល​ធ្វើ​ឲ្យ​ដំណើរ​អាជីវកម្ម​រីក​លូត​លាស់​ទៅ​មុខ​ជានិច្ច។

ក្រុមហ៊ុន KFA បម្រើ​សេវា​ផ្នែក​អចលនទ្រព្យ​លក់ ទិញ​ ជួល និងវាយ​តម្លៃ​អចលនវត្ថុ។ (រូបភាព​៖ ហេង ភារម្យ)

ពិសេស​ជាង​នេះ​ទៅ​ទៀត លោក​ថា អ្វី​ដែល​មិន​អាច​ប្រកែក​បាន​នោះ​គឺ​ស្ថិរភាព​នយោបាយ សុខ​សន្តិភាព​របស់​ប្រទេស​កម្ពុជា ពិតជា​ផ្តល់​ឱកាស​ដ៏​ល្អ​ដល់​រូប​លោក ក្នុង​ការ​ចាប់​យក​ឱកាស​វិនិយោគ​នៅ​ទីនេះ។ យើង​ត្រូវ​ដើរ​ឲ្យ​ទាន់​សភាពការណ៍​ប្រទេស​ជាតិ និង​ក្តាប់​យក​ឱកាស​វិនិយោគ​ឲ្យ​ណែន ទើប​ធ្វើ​ឲ្យ​យើង​ជោគជ័យ​បាន។ 

លោក​ឧកញ៉ា​បាន​រំលេច​ពី​ការងារ​អាជីវកម្ម​នៅ​ក្នុង​សេវាកម្ម​អចលន​ទ្រព្យ​ថា វា​ពិត​ជា​ខុស​ពី​អាជីវកម្ម​លក់​ផលិតផល។ អាជីវកម្ម​អចលន​ទ្រព្យ​យើង​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​ធនធាន​មនុស្ស ពីព្រោះ​ធនធាន​មនុស្ស​គឺ​ជា​ទ្រព្យ​សកម្ម​របស់​ក្រុមហ៊ុន ជា​សរសៃ​ឈាម​និង​បេះដូង​របស់​ក្រុមហ៊ុន ដូច្នេះ​អាជីវកម្ម​មួយ​នេះ​ត្រូវការ​ធនធាន​មនុស្ស​ច្រើន។

លោក​ឧកញ៉ា​តែង​ចាត់​ទុក​បុគ្គលិក​របស់​ខ្ញុំ​ជា​ដៃ​សហការ​គ្នា​ដ៏​ល្អ មិន​មែន​ថៅកែ​និង​កម្មករ យើង​ប្រើ​ចំណេះ​ជំនាញ​ក្នុង​ដឹកនាំ​បំពេញ​ចំណុច​ចន្លោះ​ប្រហោង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ហើយ​លោក​តែងតែ​ចាត់​ទុក​ខ្លួន​ឯង ជា​បុគ្គលិក​សកម្ម​ដែល​បម្រើ​ការងារ​ឲ្យ​អតិថិជន​គ្រប់​កាលៈទេសៈ​ទាំង​អស់។

អ្វីទៅ​ជា​សេវាកម្ម​ល្អ​បំផុត​សម្រាប់​អាជីវកម្ម​អចលន​ទ្រព្យ

ការ​បើក​អាជីវកម្ម​បម្រើ​សេវាកម្ម​អចលន​ទ្រព្យ លោក​គិត​ថា មិន​ចាំបាច់​មាន​ដើមទុន​អី​ធំ​ដុំ​នោះ​ទេ ដើមទុន​សំខាន់​គឺ​ខ្លួន​យើង មាន​បទ​ពិសោធន៍​ច្បាស់​លាស់​នៅ​ក្នុង​វិស័យ​នេះ។ យើង​រក​ស៊ី​វិស័យ​អចលន​ទ្រព្យ​យើង​ត្រូវ​មាន​ជំនាញ​នេះ ឬ​ជំនាញ​ប្រហាក់​ប្រហែល។ ដូចខ្ញុំ​ចឹង​សិក្សា​ជំនាញ​វិស្វកម្ម​សំណង់ ហើយ​បាន​ចូល​បម្រើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​អចលន​ទ្រព្យ​ដ៏​ល្បី​ល្បាញ​មួយ​កាល​ពី​អំឡុង​ឆ្នាំ​២០០៨-​២០០៩  ក្រុមហ៊ុន​ប៊ុណ្ណា រៀលធី​គ្រុប។ 

ក្រុមហ៊ុន​នេះ​គឺ​ជា​ថ្នាល​បណ្តុះ​បណ្តាល​ជា​សាលារៀន​សម្រាប់​លោក។ ដោយសារ​ចំណង់​ចំណូលចិត្ត គួបផ្សំ​ជាមួយ​នឹង​បទ​ពិសោធន៍​ប្រមាណ​១០​ឆ្នាំ​ទើប​ធ្វើ​ឲ្យ​លោក​មាន​ទុន​គ្រប់​គ្រាន់​ដើម្បី​បើក​អាជីវកម្ម​បម្រើ​សេវាកម្ម​អចលន​ទ្រព្យ​នោះ​ឡើង។ 

វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ក្នុង​ពេល​មួយ​ទសវត្ស​ចុង​ក្រោយ​នេះ រីកលូតលាស់​យ៉ាង​ខ្លាំង​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។ (រូបភាព៖ ហេង ភារម្យ​)

លោក​ឧកញ៉ា​បាន​ផ្តល់​ជា​ដំបូន្មាន​ទៅ​ដល់​បង​ប្អូន​ដែល​មាន​បំណង​ចង់​បើក​​អាជីកម្ម​ក្រុមហ៊ុន​បម្រើ​សេវាកម្ម​អចលន​ទ្រព្យ​នេះ​ថា យើង​ត្រូវ​សិក្សា​ស្វែងយល់​នៅ​ក្នុង​អាជីវកម្ម​ឲ្យ​បាន​ច្បាស់​លាស់​ជាមុន​សិន ធ្វើ​ការងារ​ដោយ​ឯករាជ្យ​ម្នាក់​ឯង​សិន បាន​ន័យ​ថា ទិញ​លក់​ជួល​អចលន​ទ្រព្យ តិចៗ​សិន និង​ចូលរួម​ជាមួយ​ដៃគូ​ណា​ដែល​គេ​មាន​ជំនាញ​ក្នុង​វិស័យ​នេះ រហូត​ដល់​យើង​មាន​បទ​ពិសោធន៍​គ្រប់​គ្រាន់​ហើយ ទើប​យើង​ឈាន​ទៅ​រក​បើក​ក្រុមហ៊ុន​តែ​ម្តង។ ពីព្រោះ​យើង​ដឹង​ស្រាប់​ហើយ តែ​បើក​ក្រុមហ៊ុន​គឺ​មាន​បន្ទុក​ច្រើន​ណាស់។ 

សេវា​កម្ម​ល្អ​បំផុត​នៅ​ក្នុង​ជំនួញ​អចលន​ទ្រព្យ គឺ​ធ្វើយ៉ាង​ណា​ផ្តល់​សេវា​កម្ម​ដល់​អតិថិជន​ឲ្យ​រហ័ស។ យើង​ប្រៀប​ដូច​ជា​ចុងភៅ​អ៊ីចឹង ចុងភៅ​ត្រូវ​តែ​ផ្តល់​អាហារ​រហ័ស​ទាន់​ចិត្ត​ដល់​អតិថិជន​ដែល​ជា​អ្នក​ហូប។ យើង​ត្រូវ​ត្រៀម​រៀបចំ​ឯកសារ លក់ ទិញ ជួល​ឲ្យ​បាន​ល្អ រួច​ជា​ស្រេច​សម្រាប់​ផ្តល់​សេវាកម្ម​ដល់​អតិថិជន ថា​តើ​គាត់​ចង់​បាន​អចលន​ទ្រព្យ​ប្រភេទ​អ្វី​ខ្លះ? ចំណុច​ទាំង​អស់​នេះ​ហើយ ដែល​លោក​គិត​ថា សេវា​កម្ម​អចលន​ទ្រព្យ​ល្អ​បំផុត។

ឧកញ៉ា នួន រិទ្ធី ចូលរួមចំណែកអ្វីខ្លះដល់សង្គម

ក្រៅ​ពី​ការងារ​អាជីវកម្ម​ប្រចាំ​ថ្ងៃ​ផ្ទាល់​ខ្លួន​ដ៏​មមា​ញឹក លោក​ឧកញ៉ា នួន រិទ្ធី ក៏​​មិន​ភ្លេច​ដែរ​ពី​ការងារ​សង្គម ការងារ​មនុស្ស​ធម៌។ លោក​បាន​ចូលរួម​ចំណែក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​កិច្ចការ​សង្គម តាមរយៈ​ការងារ​មនុស្ស​ធម៌ ដោយ​លោក​បាន​ជួយ​វិនិយោគ អភិវឌ្ឍន៍ ភូមិ ឃុំ ស្រុក មួយចំនួន ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ទាំង​អស់។ ការងារ​អភិវឌ្ឍន៍​សង្គម មនុស្ស​ធម៌​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​លោក​ទទួល​បាន​អនុក្រឹត្យ មាន​ងារ​ជា ឧកញ៉ា នៅ​ក្នុង​ឆ្នាំ​២០១៤ គឺ​ជា​ងារ​មួយ​ដ៏​ល្អ​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​លោក​បន្ត បញ្ចេញ​ស្នាដៃ​បម្រើ​ប្រទេស​ជាតិ​របស់​ខ្លួន​ឲ្យ​កាន់​តែ​ថ្កុំថ្កើន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក​ចង់ទារ​លុយ​ថ្លៃ​ប្រព័ន្ធការពារ​មីស៊ីល​នៅ​កូរ៉េ​ខាងត្បូង...?

ព័ត៌មាន
ខណៈ​ដែល​ភាពតានតឹង​នៅ​ឧបទ្វីប​កូរ៉េ​កំពុងបន្ត អាមេរិក​ស្រាប់តែ​បង្ហើប​ពី​លក្ខខណ្ឌ​សម្រាប់​ការ​ដំឡើង​ប្រព័ន្ធ​ការពារ​មីស៊ីល (THAAD) នៅ​…

វៀតណាម​គ្រោង​ហាមប្រាម​គ្រឿង​ស្រវឹង​នៅ​ក្នុង​ខារ៉ាអូខេ

ព័ត៌មាន
ច្រៀង​បាន ប៉ុន្តែ​ហាមផឹក! អាជ្ញាធរ​ប្រទេស​វៀតណាម​កំពុង​ពិចារណា​ហាមឃាត់​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​នៅ​ក្នុង​ក្លិប​ខារ៉ាអូខេ។
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ