ផលិតផលមានគីមី

ម្ចាស់សហគ្រាស នឹងត្រូវមានទោសព្រហ្មទណ្ឌ បើរកឃើញថា ផលិតផលខ្លួនសម្លាប់អ្នកប្រើប្រាស់


មន្ត្រីជាន់ខ្ពស់នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានឲ្យដឹងកាលពីពេលថ្មីៗនេះថា គ្រប់ម្ចាស់សហគ្រាសផលិតទាំងអស់ ដែលមានផលិតផលផលិតផល មានផ្ទុកសារជាតិជាតិពុល ដែលបណ្ដាលឲ្យអ្នកប្រើប្រាស់រងគ្រោះថ្នាក់ ឬស្លាប់បាត់បង់ជីវិតនោះ អាចនឹងត្រូវប្រឈមមុខនឹងទោសព្រហ្មទណ្ឌ ទោះបីជាមានចេតនា ឬគ្មានចេតនាក៏ដោយ។ ហើយខាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម នឹងបង្កើតក្រុមការងារមួយ ដើម្បីធ្វើការជុំវិញរឿងនេះ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម (រូបថត៖ រ៉ឹម ភារី)
ដោយ

ឯកឧត្តម ទេសរដ្ឋ​មន្ត្រី ចម ប្រសិទ្ធិ រដ្ឋ​មន្ត្រី ក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម បាន​បញ្ជាក់​ឲ្យដឹង​ថ្មីៗនេះ​ថា ជាគោលការណ៍​ក្នុងការ​ការពារ​អ្នកប្រើ​ប្រាស់ ខាងក្រសួង ក៏បាន​និងកំពុង​រៀបចំ​ឲ្យមាន​ក្រុម​ការងារ​មួយ ដើម្បី​ជួយស្វែង​រកយុតិ្តធម៌​ផ្នែក​ច្បាប់ ដល់អ្នក​ប្រើប្រាស់​ទាំងអស់​ឡាយ ដែល​ទទួលរង​ផល​ប៉ះពាល់ ដូចជា​ការពុល ឬប្រតិកម្ម ដោយសារ​ការប្រើប្រាស់​ផលិត​ផល ដែល​មិនមាន​ស្ដង់ដារ ឬមាន​ផ្ទុកសារ​ធាតុគីមី​ធ្ងន់ធ្ងរ​។ 

បើតាម ឯកឧត្តម ចម ប្រសិទ្ធ ប្រសិន​បើរក​ឃើញថា ការពុលនោះ ពិតជា​មានទាក់ទង​នឹងផលិត​ផលនោះ​មែន នោះ​ម្ចាស់​អាជីវកម្ម​នឹងត្រូវ​ប្រឈមមុខ​នឹងផ្លូវ​ច្បាប់ ឬស្មើ​នឹងទោស​ព្រហ្មទណ្ឌ ទោះបីជា​ម្ចាស់​អាជីវកម្ម​នោះមាន​ចេតនា ឬអ​ចេតនា​ក៏ដោយ។

ឯកឧត្តម បន្ថែម​ទៀតថា ក្រុមការងារ​ដែលក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម​នោះ នឹងដើរ​តួជា​តំណាង​ជនរង​គ្រោះ ដែល​ជាអ្នក​ប្រើប្រាស់ ដើម្បី​ធ្វើការប្ដឹង​តទល់​នឹងម្ចាស់​អាជីវកម្ម​ផលិត​តែម្ដង ព្រោះ​នៅបណ្ដា​ប្រទេស​មួយចំនួន ក៏មាន​តំណាង​សមាគម​អ្នកប្រើប្រាស់​នេះដែរ។ ការរឹត​បន្ដឹង​បែបនេះ ឯកឧត្តម​ ចម ប្រសិទ្ធ រំពឹងថា នឹងធ្វើឲ្យ​អ្នក​ផលិត​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ក្នុង​ការផលិត​របស់ខ្លួន ពិសេសការ​ពង្រឹង​ខ្លួនទៅជា​ការផលិតមាន​អនាម័យ និងតាម​​ស្ដង់ដារ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានលើក​ឡើងថា ស្ដង់ដារ គឺផ្ដោត​សំខាន់​ទៅលើ​សង្វាក់ផលិតកម្ម​ដែលមាន​អនាម័យ​ខ្ពស់ និងមិន​មានប្រើប្រាស់​នូវសារធាតុ​គីមីខ្លាំង​ ដែលធ្វើឲ្យ​ប៉ះពាល់​ដល់សុខភាព​មនុស្ស។ បើគិត​មកទល់​ពេលនេះ កម្ពុជា​បានសម្រេច​អនុម័តស្ដង់ដារ​គុណភាព​ផលិត​ផល មាន​ជាង ៦០០ស្ដង់ដារ​ហើយ ដែលក្នុងនោះ មានភាគ​ច្រើនជា​ផលិតផល​ម្ហូប​អាហារ។

បើតាម​ឯកឧត្តម រដ្ឋមន្ត្រី​រូបនេះ ដើម្បី​រក្សាបាន​នូវស្ដង់ដារ​ផលិត​ម្ហូបហារ​នេះ ពាណិជ្ជករ និងកសិករ ត្រូវតែ​ធ្វើជាដៃ​ដ៏ល្អ ឬដូចជា​ដៃគូជីវិត​នឹងគ្នា​យ៉ាងដូច្នោះ​ដែរ ដើម្បី​អាចផលិត​បាននូវ​ផលិតផល ដែលមានស្ដង់​ដារគុណភាព​ខ្ពស់។ 

បន្ថែមពីនេះ ឯកឧត្តម ក៏បាន​ក្រើនរំឭក​ផងដែរ ដល់អ្នក​ដែលមិន​ទាន់មាន​ស្ដង់ដារ​ផលិត ត្រូវចាប់​ផ្ដើមគិតគូ​រពីឥឡូវ​តទៅ បើសិន​ជាចង់ឈរ​ជើងនៅលើ​ទីផ្សារបាន​យូរ​អង្វែង ព្រោះអ្នក​ប្រើប្រាស់​កាន់តែមាន​ចំណេះដឹង និងស្វែងរក​ផលិតផល​ដែលមាន​គុណភាព។

ឯកឧត្តម ចម ប្រសិទ្ធ មានប្រសាសន៍​យ៉ាងដូច្នេះ​ថា «អ្នកផលិត​មិនព្រម​កែប្រែការ​ផលិត​របស់ខ្លួន​ឲ្យ​ មាន​អនាម័យ មានស្ដង់ដារ អ្នកនោះ​នឹងគ្មាន​អនាគត​ទេ។ ហើយ​ក៏កុំបន្តោស​គេ ដែលមិន​ព្រមជួយ​ខ្លួន ព្រោះខ្លួនឯង​មិនបាន​ជួយខ្លួន​ផង។ ការជួយ​ខ្លួនឯង​នេះ ផ្ដើម​ដំបូង​ឡើង គឺមាន​ឆន្ទៈក្នុងការ​យក​ប្រព័ន្ធផលិត​មួយ​ដែលស្អាត ហើយចាប់​ផ្ដើមកែប្រែ​សង្វាក់​ផលិតកម្ម​របស់ខ្លួន​ឲ្យមាន​អនាម័យ និងទិញ​វត្ថុធាតុ​ដើម​ដែល​មាន​អនាម័យ និងគុណ​ភាព នោះផលិតផល​ដែលយើង​ផលិត​បាន​មក គឺមាន​គុណភាព ​និងអនាម័យ និងអាច​ឈានទៅ​រកស្ដង់ដារ​បានហើយ។ ផលិតផល​ហ្នឹងហើយ ដែលធ្វើឲ្យ​យើងដណ្ដើម​ទីផ្សារ​បានទៅ​ថ្ងៃក្រោយ​ទៀត»។

ជាមួយគ្នានេះ លោក លាង ឡេង នាយក​គ្រប់គ្រង​សហគ្រាស លាង ឡេង បានលើក​ឡើងថា​ ការបង្កើត​ឡើងនូវស្ដង់ដារ​សម្រាប់​ផលិតផល គឺពិតជា​ជួយច្រើន​ណាស់ ដល់​ការកសាង​នូវម៉ាក​សញ្ញាផលិតផល ដែលជា​ទំនុកចិត្ត​របស់អ្នក​ប្រើប្រាស់។ មិនតែ​ប៉ុណ្ណោះ វាក៏ជួយ​ឲ្យផលិតផល​ងាយក្នុងការ​នាំចេញ​ទៅលក់​នៅក្រៅ​ប្រទេស​ផងដែរ។

សូមជម្រាបដែរថា ដើម្បី​បង្កើន​ផលិតភាព និងគុណភាព​ផលិតផល​ក្នុងស្រុក កន្លងមក ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក៏បានណែនាំ​ម្ចាស់សហគ្រាស​ឲ្យអនុវត្តស្ដង់ដារ​ផលិត​សម្រាប់​ផលិតផល​របស់​ខ្លួន​ផងដែរ ដើម្បីជៀស​វាងការផ្ដល់​ការប៉ះពាល់​ដល់សុខភាព​អ្នកប្រើប្រាស់ ដូចជា គេហកិច្ច​ល្អ៥យ៉ាង ឬហៅថា ស៥ , គោលការណ៍​ខាយហ្សិន, ស្ដង់ដារ GMP, ហាសាប (HACCP) និង​ ISO 22000 ជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើ​ការ​រស់នៅ​ខុនដូ មាន​អត្ថ​ប្រយោជន៍​អ្វី​ខ្លះ?

ព័ត៌មាន
បច្ចុប្បន្ន អគារ​ខុនដូ​បាន​រីកដុះ​ដាល​ដូច​ផ្សិត​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ និង​នៅ​តាម​បណ្ដា​ខេត្ត​សក្ដានុពល​ទេសចរណ៍​មួយ​ចំនួន​របស់​កម្ព…

ធនាគារ ANZ Royal នឹងត្រូវ​បាត់ឈ្មោះ​លែងមាន​នៅកម្ពុជា​ក្នងពេល​ឆាប់ៗ​នេះ បន្ទាប់​ពីបាន​លក់ភាគ​ហ៊ុន ៥៥% ទៅឲ្យ​ធនាគារ​ជប៉ុន ក្នុង​តម្លៃ​ជាង ៨០​លានដុល្លារ

ព័ត៌មាន
ក្រោយពីមានប្រតិបត្តិការរបស់ខ្លួនបានរយៈពេលជាង១ទសវត្សរ៍ នៅកម្ពុជា ធនាគារ ANZ Royal បានសម្រេចលក់ភាគហ៊ុនរបស់ខ្លួន ៥៥% ដែលជាភាគហ៊ុនរបស់ធន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ