ការផលិតសូត្រ​ខ្មែរ

កម្ពុជាត្រូវការដាំដើមមន ៤ម៉ឺនហិកតា ដើម្បីអាចផលិតសូត្របាន ៤០០ តោនក្នុងមួយឆ្នាំ តាមតម្រូវការ


យ៉ាងហោចណាស់ កម្ពុជាត្រូវការការដាំដុះដើមមនសម្រាប់ចិញ្ចឹមដង្កូវនាងប្រមាណ ៤ម៉ឺនហិកតា ទើបអាចផលិតបានសូត្រ ៤០០ តោនក្នុងមួយឆ្នាំៗបាន ខណៈដែលបច្ចុប្បន្ន ទើបមានការដាំដុះប្រមាណ ១០០ ហិកតាប៉ុណ្ណោះ។ នេះបើតាមការអះអាងពី អ្នកជំនាញក្នុងវិស័យផលិតសូត្រកម្ពុជា។
កម្ពុជាត្រូវការដាំដើមមន ៤ម៉ឺនហិកតា ដើម្បីអាចផលិតសូត្របាន ៤០០ តោនក្នុងមួយឆ្នាំ តាមតម្រូវការ
ដោយ

ថ្លែងក្នុង ពិធី​សម្ពោធ​ដាក់​ឲ្យប្រើប្រាស់​ជាផ្លូវការ​អគារ​មជ្ឈមណ្ឌល​សូត្រខ្មែរ នៃសាកលវិទ្យាល័យ​ភូមិន្ទ ភ្នំពេញ​នាពេល​ថ្មីៗនេះ ឯកឧត្តម បណ្ឌិត​ ម៉ី​កល្យាណ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃសាកលវិទ្យា​ល័យ​​ភូមិន្ទភ្នំពេញ បាន​លើកឡើងថា កម្ពុជា​មានការផលិតសូត្រ​តាំងពី​២ពាន់ឆ្នាំមុនមែន តែ​ការផលិត​របស់យើង​នាពេលកន្លងមក គឺជាលក្ខណៈបុរាណ​នៅឡើយ។ ដូច្នេះហើយ ទើប​​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ បានសហការជាមួយ​ដៃគូពាក់ព័ន្ធ បង្កើតជា​មជ្ឈមណ្ឌល​សិក្សាស្រាវជ្រាវ បែប​វិទ្យាសាស្ត្រនេះឡើង ដើម្បីជំរុញ​ដល់​សមត្ថភាពផលិត​សូត្រ​នៅកម្ពុជា។

តាមឯកឧត្តម បណ្ឌិត ម៉ី កល្យាណ បច្ចុប្បន្ន​តម្រូវការសូត្រ​មានច្រើន ប៉ុន្ដែ ការផលិត​ក្នុងស្រុក​របស់យើង​នៅមាន​តិចតួចណាស់ ពោលគឺ បច្ចុប្បន្ន​ទើបតែមានការដាំដុះដើមមន ប្រមាណ ១០០​ហិកតាទេ ខណៈដែល​កម្ពុជា​ត្រូវការ​ដាំដើមមនដល់ទៅ ៤ម៉ឺនហិកតាឯណោះ ដើម្បីអាច​ផលិតសូត្រ​បាន​៤០០ តោន​ដែលជាតម្រូវការ​ប្រចាំឆ្នាំ។

តែយ៉ាងណា ឯកឧត្តមគូសបញ្ជាក់ថា អ្វីៗ ត្រូវការ​ចាប់ផ្ដើម​ពីជំហានទី​មួយទៅ។ បច្ចុប្បន្ន​ ការដាំដុះដើមមន និងការចិញ្ចឹមដង្កូវនាង​គឺកំពុង​មាន​នៅទីតាំង ៧​កន្លែង នៅខេត្ត​កំពង់ស្ពឺ កំពង់ឆ្នាំ និង​មណ្ឌលគីរី ហើយក៏នឹង​ពង្រីកបន្ថែម​ទៅកាន់​ខេត្តផ្សេងៗទៀត​ផងដែរ។

ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ បាន​បញ្ជាក់ដែរថា ការស្រាវជ្រាវ និងផលិត​សូត្រ​ដោយមាន​ការពិសោធន៍​បែបវិទ្យាសាស្ត្រនេះ គឺមិនត្រឹមតែជាការ​រក្សានូវ​កេរ្ដ៍ដំណែល​ផលិត​បែបវប្បធម៌​ប៉ុណ្ណោះទេ ប៉ុន្ដែ វាក៏ជា​ការជួយដល់​សេដ្ឋកិច្ចជាតិដែរ ដូច្នេះ ហើយលោកសង្ឃឹមថា ប្រជាពលរដ្ឋ​នឹងជួយរួមចំណែក​​ដាំដុះដើមមន និងចិញ្ចឹមដង្កូវនាង ដើម្បី​ជាការរកចំណូល​សម្រាប់​គ្រួសារផង និងជួយដល់​វិស័យ​ផលិតសូត្រ​ខ្មែរផងដែរ។ 

អគារមជ្ឈមណ្ឌល​ផលិតសូត្រខ្មែរ ទើបបើកសម្ពោធ​ដាក់ឲ្យដំណើរការ នៅក្នុង​សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ

បន្ថែមពីនេះទៀត មជ្ឈមណ្ឌល​ផលិតសូត្រខ្មែរ ក៏មាន​គោលដៅ ធ្វើការស្រាវជ្រាវ​ពីដើមមន ដង្កូវនាង និងសរសៃសូត្រ ដើម្បីផលិត​នូវផលិតផល​នានា ដូចជា​សាប៊ូ គ្រឿងសម្អាង និងអាហារបំប៉នជាដើម។

ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាន​លើកឡើងដែរថា វិស័យ​សូត្រ​នេះមានសារៈសំខាន់ណាស់ និងផ្តល់ប្រយោជន៍​ជាច្រើនចំពោះ​ប្រជាកសិករ​ ដូចជា៖ ទី១ ផ្តល់ការងារ​និងប្រាក់ចំណូលបន្ថែមដល់កសិករ។ ទី២ផ្តល់លទ្ធភាព​ឲ្យចាស់ជរា ស្ត្រី និងជនពិការ​អាចចូល​រួមបាន។ ទី៣ កាត់បន្ថយ​ចំណាកស្រុក។ ទី៤ មិនប៉ះពាល់​ដល់​បរិស្ថាន និងទី៥ គឺអភិរក្ស ​និងលើកស្ទួយ​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរយើង។  

សរសៃសូត្រ​ដែលបាន​ផលិតចេញ ដាក់តាំងបង្ហាញ

ឯកឧត្តម រដ្ឋមន្ត្រី បន្ថែមទៀតថា មជ្ឈមណ្ឌល​ស្រាវជ្រាវ​សូត្រខ្មែរ ដែលទើប​បើកដំណើរការ​នាពេលថ្មីៗនេះ មាន បច្ចេកទេស និងការបង្កាត់ពូជដង្កូវនាង ដែលស័ក្ដិសម​នឹង​បរិយាកាស ដែលវា​នឹងជួយបង្កើន​ផលិតផល​កាន់តែប្រសើរ និងគុណភាពក៏កាន់តែ​ខ្ពស់​ឡើងផងដែរ។

គួរបញ្ជាក់ថា អគារមជ្ឈមណ្ឌល​សូត្រ​ខ្មែរដែលទើបបើកសម្ពោធ​ដាក់ឲ្យប្រើប្រាស់នេះ ត្រូវបានសាងសង់​ឡើងក្រោម​ជំនួយ​ឥតសំណង​របស់ប្រជាជន និងរាជរដ្ឋាភិបាល​ជប៉ុន តាមរយៈ​ស្ថានទូតជប៉ុន​ប្រចាំកម្ពុជា ដោយជប៉ុន បាន​ផ្ដល់ទឹកប្រាក់​លើ​គម្រោងនេះ ចំនួនប្រមាណ ៩ម៉ឺនដុល្លារអាមេរិក។ ក្រៅពីជំនួយថវិកាពីប្រទេស ជប៉ុន ក៏មាន​ការជួយឧបត្ថម្ភ​ជាសម្ភារបរិក្ខា និងសម្ភារ​ស្រាវជ្រាវ​មួយចំនួន ទៀត ពី​អង្គការ​ UNDP ផងដែរ ដែលស្មើនឹង​ទឹកប្រាក់​ប្រមាណ ជាង ១ម៉ឺន ៦ពាន់​ដុល្លារអាមេរិក។ 

ដើមមន​ដែលដាំដុះ​សម្រាប់​ការចិញ្ចឹម​ដង្កូវនាង ដើម្បីផលិតសរសៃសូត្រ

ឯកឧត្ដម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតនៃប្រទេស​ជប៉ុនប្រចាំកម្ពុជា បានគូសបញ្ជាក់ដែរថា ជំនួយអភិវឌ្ឍ​របស់ជប៉ុន​លើ​ការផលិតសូត្រ​ខ្មែរនេះ មានគោលបំណង​ឲ្យកម្ពុជា​ផលិតដង្កូវនាង ដែលគ្មានជំងឺ ហើយផ្គត់ផ្គង់​ទៅដល់​កសិករ​ប្រមាណ ៥០ គ្រួសារ ព្រមទាំងផ្ទេរ​បច្ចេកទេស ទៅដល់កសិករ​ទាំងនេះ ដើម្បីឲ្យ​ពួកគាត់​អាចចិញ្ចឹម​ដង្កូវនាង​ប្រកបដោយ​ស្ថិរភាព និងអាចង្កើន​ប្រាក់ចំណូល​ទាំងកសិករ និងភាគីពាក់ព័ន្ធ​នៃឧស្សាហកម្ម​សូត្រ។

ដើមមន​ សម្រាប់​ចិញ្ចឹមដង្កូវនាង ដើម្បីផលិត​ជាសរសៃសូត្រ

តាមអ្នកជំនាញ បានបញ្ជាក់ថា កន្លង​មក​កម្ពុជា​បាន​បញ្ជាទិញ​ផលិតផលសូត្រនេះ ពីប្រទេសជិតខាង ដូចជា វៀតណាម ថៃ និងចិន​ជាដើម។ ក្នុងពិភពលោក ប្រទេសចិន ត្រូវបាន គេដឹងថា គឺជាអ្នកផលិត​សូត្រ​ធំជាងគេ ដែលមាន​រហូតដល់​៨០% នៃការផលិតសរុប​នៅទូទាំងពិភពលោក។ ទោះយ៉ាងណា និន្នាការ​ផលិត​សូត្រ​នៅទូទាំងពិភពលោក រួមទាំង​ប្រទេសចិនផង កំពុង​បង្ហាញពី​ការ​ធ្លាក់ចុះ ដែលបាន​ញ៉ាំងឲ្យតម្លៃ​សូត្រ​កំពុង​ងើបឡើងខ្ពស់​ជាលំដាប់។ អ្នកជំនាញ បញ្ជាក់ទៀត​ថា ការផលិតសូត្រនេះ គឺមានទីផ្សារ​ តួយ៉ាងគ្រាន់តែ​ចាប់ផ្ដើម​ការស្រាវជ្រាវ​ និងផលិតសូត្រ​ជាលើដំបូង​របស់​មជ្ឈមណ្ឌល​ផលិតសូត្រ​កម្ពុជា ឃើញថា មានអ្នកបញ្ជាទិញ​ខ្លះហើយ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពិសេស​ណាស់! ឈ្នះ iPhone XS Max ដោយ​គ្រាន់​តែ​ចូលរួម​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ!

ព័ត៌មាន
ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ ដែល​នាំ​មក​ជូន​លោក​អ្នក​ដោយ បុរី ប៉េង ហួត នឹង​ប្រារព្ធ​ឡើង​ក្នុង​គម្រោង​បុរី ប៉េង ហួត ដឹស្តាផ្លាទីនីម (បឹ…

កាហ្វេ Starbucks និង Amazon កំពុងវាយ​សង្គ្រុបទីផ្សារគ្នាកាន់តែខ្លាំង នៅប្រទេសថៃ

ព័ត៌មាន
ដោយសារតែសន្ទុះកំណើននៃការពេញនិយមនៃអ្នកទទួលទានកាហ្វេនៅក្នុងប្រទេសថៃ បាននិងកំពុងបង្កើតឡើងនូវសមរភូមិក្ដៅ ក្នុងការប្រជែងតំណែងកំពូលក្នុងទីផ្ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ