ភាពក្រីក្រ​ធ្វើ​ឲ្យ​ក្មេង​ស្រី​ជំទង់​រូប​នេះ​បាត់​ឱកាស​រៀនសូត្រ!

«ខ្ញុំចង់ទៅរៀនវិញ តែខ្ញុំមិនអាចទៅបាន!»


ក្នុង​វ័យ​១៧​ឆ្នាំ ផន គន្ធា គួរតែ​កំពុង​រៀបចំ​ខ្លួន​ប្រាណ សម្លៀក​បំពាក់​ឯកសណ្ឋាន​សាលា និង​សម្ភារៈ​សិក្សា​សម្រាប់​បវេសនកាល​ដែល​ខិត​ជិត​ចូល​មក​ដល់។ ផ្ទុយ​ទៅ​វិញ នាង​សឹងតែ​ជា​មេផ្ទះ​រែក​អម្រែក​ទទួល​ខុសត្រូវ​ក្នុង​គ្រួសារ។
ផន គន្ធា អាយុ ១៧​ឆ្នាំ បោះបង់​ការសិក្សា​ដើម្បី​មើល​ប្អូន​តូចៗ​ជំនួស​ម្ដាយ ព្រោះ​ឪពុក​ស្លាប់​ចោល និង​ម្ដាយ​រវល់​ធ្វើការរោងចក្រ។
ដោយ

កាល​ពី​ឆ្នាំ​កន្លង​ទៅ ក្រោយ​ពី​បាន​ចូលរៀន​ថ្នាក់​ទី៧ បាន​៤​ខែ ការ​សិក្សា​របស់​ គន្ធា ត្រូវ​បាន​កាត់ផ្តាច់​មួយ​រំពេច។ គន្ធា បាន​ឈប់រៀន​ដើម្បី​រក​កម្រៃ និង​នៅ​ផ្ទះ​មើល​ថែ​ប្អូន​តូចៗ​ចំនួន​៥​នាក់។ ឪពុក​នាង​បាន​ស្លាប់​ចោល​កាល​ពី​បី​ឆ្នាំ​មុន រីឯ​ម្តាយ​ត្រូវ​ទៅ​ស៊ី​ឈ្នួល​ធ្វើ​កម្មករ​រោងចក្រ​នៅ​ជិត​ទីក្រុង​ភ្នំពេញ។ 

ពីរ​ឬ​បី​ខែ​ម្តង ទើប​ម្តាយ​បាន​ឆ្លៀត​ទៅ​ផ្ទះ​ទៅ​មើល​កូនៗ រួច​ទុក​លុយ​ប្រហែល​៥​ម៉ឺន​រៀល​ឲ្យ​កូន​ស្រី​ច្បង គឺ ផន គន្ធា សម្រាប់​ទិញ​អាហារ​ទំនុក​បម្រុង​គ្រួសារ​ដែល​មាន​សមាជិក​៦​នាក់ អាយុ​១៧​ឆ្នាំ​ចុះ​ក្រោម។

ប៉ុន្តែ ដើម្បី​ជួយ​បង្គ្រប់​តម្រូវការ​ចាយ​វាយ ពេល​ទំនេរ​ពី​ធ្វើ​អាហារ​សម្រាប់​ប្អូនៗ គន្ធា ត្រូវ​ឆ្លៀត​ទៅ​ច្រូត​ស្មៅ​គោ​យក​ទៅ​លក់ អាច​បាន​កម្រៃ​ប្រហែល ៦០០០ ឬ ៧០០០​រៀល ក្នុង​មួយ​ថ្ងៃ ឬ​ស៊ី​ឈ្នួល​គេ​ដើម្បី​យក​កម្រៃ​ទាំង​នោះ​មក​ទ្រទ្រង់​គ្រួសារ។

ប្អូន​ប្រុស​របស់​នាង ឈ្មោះ ផន សុភ័ក្ត្រ អាយុ ១៦​ឆ្នាំ មាន​សំណាង​ជាង​នាង​បន្តិច ដោយ​នៅ​មាន​ឱកាស​ទៅ​រៀន​នៅ​ឡើយ។ ពេល​ចូល​បវេសនកាល​ខាង​មុខ​នេះ សុភ័ក្ត្រ នឹង​ចូល​រៀន​ថ្នាក់​ទី៧ នៅ​អនុវិទ្យាល័យ​រ៉ូតារី ដែល​ស្ថិត​នៅ​ចម្ងាយ ៩​គីឡូម៉ែត្រ ពី​ខ្ទម​របស់​គ្រួសារ​មួយ​នេះ ក្នុង​ភូមិ​សង្កែ​ជ្រុំ ឃុំ​រស្មី​សាមគ្គី ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ។ 

បើ​គ្មាន​កង់​អំណោយ​​ទេ​ សុភ័ក្ត្រ ប្រហែល​ជា​ត្រូវ​បោះបង់​ចោល​ការ​សិក្សា​ដូច​បង​ស្រី​របស់​ខ្លួន​ដែរ ដោយសារ​តែ​សាលារៀន​នៅ​ឆ្ងាយ​ពី​ផ្ទះ។

ថ្ងៃ​ប្រគល់​កង់​ (១៧ កញ្ញា ២០១៧) សុភ័ក្ត្រ អត់​នៅ​ផ្ទះ​ទេ ដោយ​ជាប់​រវល់​ទៅ​ស៊ី​ឈ្នួល​ធ្វើ​ស្មៅ​ឲ្យ​អ្នក​ដទៃ។ គន្ធា ជា​អ្នក​ទទួល​កង់ សៀវភៅ​សរសេរ និង​ប៊ិច ជំនួស​ឲ្យ​ប្អូន​ប្រុស​របស់​ខ្លួន។

គន្ធា និយាយ​​ថា កាល​នៅ​ថ្នាក់​ទី៦ នាង​ជា​សិស្ស​រៀន​បាន​ចំណាត់​ថ្នាក់​គ្រាន់​បើ​ដែរ​ក្នុង​ថ្នាក់ ដោយ​ធ្លាប់​ទទួល​បាន​លេខ​៩ ឬ​លេខ​១០ ជា​រៀង​រាល់​ខែ។ នៅ​ពេល​សួរ​ថា តើ​នាង​នឹក​សាលារៀន​ទេ? គន្ធា ឆ្លើយ​ទាំងកែវ​ភ្នែក​រលីង​រលោង​ថា៖ «ខ្ញុំ​ចង់​ទៅ​រៀន​ណាស់ ប៉ុន្តែ ខ្ញុំ​មិន​អាច​ទៅ​បាន ដោយ​គ្មាន​អ្នក​ណា​មើល​ប្អូនៗ។»

ដោយសារ​ភាព​ក្រីក្រ​តោក​យ៉ាក​បែប​នេះ ក្មេង​ស្រី​ម្នាក់​ត្រូវ​បាត់​ឱកាស​ទទួល​បាន​ការ​អប់រំ។ សម្រាប់​នាង គឺ​នៅ​សល់​ត្រឹម​តែ​ក្តី​ប្រាថ្នាថា​ ចង់​ចូល​រៀន​វិញ​តែ​ប៉ុណ្ណោះ!!!

សូម​ជួយ​ចែករំលែក​បន្ត និង​ចូលរួម​ជួយ​ដល់​អ្នក​គ្មាន​ឱកាស​តាម​អ្វី​ដែល​យើង​ដែល​ជា​អ្នក​មាន​ឱកាស​ អាច​ធ្វើ​ទៅបាន។ អាន​អត្ថបទ​ដើម​ទាំងស្រុង រួម​ទាំង​វីដេអូ​នៃ​កិច្ច​សម្ភាស​ជាមួយ​យុវតី ផន គន្ធា នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក Bou Saroeun




អត្ថបទបន្ទាប់


អាមេរិក​មិន​មាន​ផែនការ​ដក​ភីសខ័រ​(Peace Corps) ចេញ​ពី​កម្ពុជា​ទេ

ព័ត៌មាន
ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ខ្លួន​មិន​មាន​ផែនការ​ដក​ភីសខ័រ (peace corps) ចេញ​ពី​ប្រទេស​កម្ពុជា​នោះ​ទេ។​

ជន​បរទេស​អាច​កាន់កាប់​កម្មសិទ្ធិ​លើ​អចលនទ្រព្យ​ត្រឹម ៣០%​ប៉ុណ្ណោះ​នៅ​វៀតណាម

ព័ត៌មាន
វិនិយោគិន​បរទេស​នឹង​ត្រូវ​រឹតត្បិត​លើ​ការ​កាន់​កាប់​​កម្មសិទ្ធិ​លើ​គម្រោង​អចលនទ្រព្យ​ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​គ្រោង​នឹង​បង្ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ