ទំនាក់​ទំនង​កម្ពុជា-​ចិន

តើ​ក្រុម​អ្នក​ជំនួញ​ល្បីៗ​និយាយ​អ្វី​ខ្លះ ពី​ដំណើរ​ទស្សន​កិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ចិន​នៅ​កម្ពុជា?


ក្រុម​អ្នក​ជំនួញ​និង​អ្នកជំនាញ​សេដ្ឋកិច្ច​ល្បីៗ​នៅ​កម្ពុជា បាន​បង្ហាញ​នូវ​ទស្សនៈ​វិជ្ជមាន​ជុំវិញ​វត្តមាន​របស់​នាយក​រដ្ឋមន្ត្រី លោក លី ខឺឈាង ជា​មន្ត្រី​លំដាប់​កំពូល​មួយ​រូប​របស់​ប្រទេស​មហា​អំណាច​ពិភព​លោក គឺ​ប្រទេស​ចិន ដែល​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៨​នេះ។
លោក លី ខឺឈាង នាយក​រដ្ឋមន្ត្រី​ចិន។ រូបភាព៖ Wikipedia
ដោយ

ការ​ទស្សនកិច្ច​ផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី​ចិន លោក លី ខឺឈាង នៅ​កម្ពុជា គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​បញ្ចប់​នូវ​កិច្ច​ប្រជុំ​មេគង្គ​ឡានឆាង នៅថ្ងៃ​ទី១០ ខែ​មករា ខណៈ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ និង​ជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​សហប្រតិបត្តិការ​កំពូល​មេគង្គ-​ឡានឆាងលើកទី២។ 

ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​ចិន​រូប​នេះ ក៏​បាន​និង​កំពុង​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ពី​សំណាក់​អ្នក​ជំនួញ​ធំៗ​នៅ​ក្នុង​ស្រុក​ផង​ដែរ ខណៈ​ដែល​ពួកគេ​បាន​អះអាង​ថា ការ​មក​ដល់​នៃ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​ចិន​រូប​នេះ គឺ​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​កម្ពុជា ក្នុង​ការ​ទាញ​យក​ប្រយោជន៍​ពី​មហាមិត្ត​ចិន ពិសេស គឺ​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម​តែ​ម្ដង។

ឯកឧត្តម បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់​ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ បាន​លើក​ឡើង​ថា ការ​មក​ដល់​របស់​លោក​នាយក​រដ្ឋមន្ត្រី​ចិន​នៅ​កម្ពុជា គឺ​ជា​កិត្តិយស​មួយ​សម្រាប់​កម្ពុជា ហើយ​ក៏​ជា​ឱកាស​សម្រាប់​ការ​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនង​ទ្វេ​ភាគី​ទាំង​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ខណៈ​ដែល​បច្ចុប្បន្ន​ប្រទេស​ចិន គឺ​ជា​ប្រទេស​មួយ​មាន​ការ​វិនិយោគ និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​កម្ពុជា​ខ្លាំង​ជាង​គេ។ 

ឯកឧត្តម​បាន​គូស​បញ្ជាក់​ទៀត​ថា ជា​ធម្មតា ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់​ដឹកនាំ​កំពូលៗ​បែប​នេះ មិន​ដែល​មក​ដោយ​ដៃ​ទទេរ​នោះ​ទេ ពោល​គឺ ពួកគេ​រមែង​ពាំនាំ​នូវ​ឱកាស​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ជាច្រើន​ផង​ដែរ។ 

យ៉ាង​ណា​ក៏​ដោយ ឯកឧត្តម ម៉ី កល្យាណ ក៏​បាន​គូស​បញ្ជាក់​ដែរ អ្នក​ជំនួញ​ក៏​ដូចជា​វិនិយោគិន​ក្នុង​ស្រុក និង​រាជ​រដ្ឋាភិបាល ត្រូវតែ​មាន​ភាព​វៃឆ្លាត​និង​គិតគូរ​ឲ្យ​បាន​វែង​ឆ្ងាយ ក្នុង​ការ​ទាញ​យក​ប្រយោជន៍​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ចិន​លើក​នេះ ព្រោះ គ្មាន​វិនិយោគិន​ណា ឬ​រដ្ឋាភិបាល​ណា គិត​ពី​ប្រយោជន៍​ប្រទេស​ដទៃ ច្រើន​ជាង​ប្រយោជន៍​ប្រទេស​ជាតិ​ខ្លួន​ឯង​នោះ​ទេ។ 

ដូច្នេះ វិនិយោគិន ក៏​ដូចជា​រាជ​រដ្ឋាភិបាល ត្រូវ​បន្ត​យក​ចិត្ត​ទុកដាក់​ថែម​ទៀត​ក្នុង​ការ​ពង្រីក​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​អន្តរជាតិ មិនមែន​មាន​តែ​ចិន​មួយ​នោះ​ទេ ដើម្បី​ទាញ​ប្រយោជន៍​មក​ធ្វើការ​ពង្រីក​ការ​អភិវឌ្ឍ​គ្រប់​វិស័យ​នៅ​កម្ពុជា។ 

លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន World Bridge Group បាន​លើក​ឡើង​ដែរ​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទំនាក់​ទំនង​រវាង​កម្ពុជា​ជាមួយ​អន្តរជាតិ បាន​បង្ហាញ​នូវ​ភាព​ល្អ​ប្រសើរ​ច្រើន​ទាំង​ផ្នែក​នយោបាយ ការទូត និង​សេដ្ឋកិច្ច ពាណិជ្ជកម្ម ពិសេស គឺ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​មហាមិត្ត​ចិន​តែ​ម្ដង ខណៈ​ដែល​ការ​វិនិយោគ​ធំៗ​ជា​ច្រើន គឺ​​​ហូរ​ចូល​មក​ពី​ប្រទេស​ចិន។ 

លោក​ឧកញ៉ា សៀ ឫទ្ធី អគ្គនាយក​ក្រុមហ៊ុន WorldBridge Group

យ៉ាង​ណា​មិញ ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ចិន​មក​កាន់​កម្ពុជា​នៅ​ក្នុង​សប្តាហ៍​នេះ លោក​ឧកញ៉ា សៀ ឫទ្ធី បាន​គូស​បញ្ជាក់​ថា គឺ​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​កម្ពុជា ពិសេស អ្នក​វិនិយោគ​ក្នុង​ស្រុក​ក្នុង​ការ​ពង្រឹង​បន្ថែម​នូវ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ឲ្យ​កាន់​តែ​ស្អិត​ល្មួត​ថែម​ទៀត។

លោក​ឧកញ៉ា​បាន​បន្ថែម​ទៀត​ថា បើ​គ្មាន​ទំនាក់​ទំនង​ល្អ​រវាង​រាជ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​នោះ​ទេ នោះ​ក៏​គ្មាន​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់​ដឹកនាំ​កំពូលៗ​របស់​ចិន មក​ជាន់​ទឹក​ដី​កម្ពុជា​នោះ​ដែរ។ មិនតែ​ប៉ុណ្ណោះ ការ​គាំទ្រ​ពី​រាជ​រដ្ឋាភិបាល​នេះ​ហើយ ដែល​ជា​ស្ពាន​ចម្លង​ដ៏​រឹងមាំ និង​កក់​ក្ដៅ​បំផុត​មួយ សម្រាប់​វិនិយោគិន​ក្នុង​ស្រុក ហ៊ាន​វិនិយោគ​នៅ​ក្រៅ​ប្រទេស ហើយ​ប្រទេស​កម្ពុជា​និង​ចិន បាន​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នេះ បាន​យ៉ាង​ល្អ​បំផុត។

ឯកឧត្តម សុក ស៊ីផាន់ណា ទីប្រឹក្សា​រាជ​រដ្ឋាភិបាល បាន​បញ្ជាក់​ដែរ​ថា ការ​ដែល​កម្ពុជា​បាន​ធ្វើ​ម្ចាស់​ផ្ទះ និង​ដឹកនាំ​កិច្ច​ប្រជុំ​កំពូល​ដែល​មាន​ថ្នាក់​ដឹក​នាំ​ប្រទេស​ផ្សេងៗ​ចូលរួម បាន​ឆ្លុះ​បញ្ចាំង​ពី​ស្ថិរភាព ភាព​រីក​ចម្រើន អភិវឌ្ឍន៍​របស់​កម្ពុជា និង​ក៏​ជា​ការ​បង្ហាញ​ថ្នាក់​ដឹកនាំ​កំពូល​របស់​ប្រទេស​ផ្សេងៗ ពី​កាលានុវត្តភាព​របស់​កម្ពុជា ក្នុង​ការ​វិនិយោគ​និង​ធ្វើ​ពាណិជ្ជកម្ម។

លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal

ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​លំដាប់កំពូល​របស់​ចិន​រូប​នេះ​ដែរ លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal បញ្ជាក់​ថា គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​សម្ព័ន្ធភាព កិច្ច​សហប្រតិបត្តិការ​ដ៏​រឹងមាំ​នៃ​ប្រទេស​ទាំង​ពីរ។ 

លោក​ឧញ៉ា​បាន​បន្ថែម​ថា ដំណើរ​ទស្សនកិច្ច​នេះ​ក៏​នឹង​ពង្រឹង​បន្ថែម​នូវ​ទំនុក​ចិត្ត​វិនិយោគ និង​ទុន​វិនិយោគ របស់​វិនិយោគិន​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស ក្នុង​វិស័យ​សំណង់ អចលទ្រព្យ​ផង​ដែរ ខណៈ​ដែល​បច្ចុប្បន្ន ការ​វិនិយោគ​ពី​ក្រៅ​ប្រទេស​មក​កាន់​កម្ពុជា (FDI) ចិន​នៅ​តែ​ឈរ​ក្នុង​លំដាប់​ជួរ​មុខ​គេ​បង្អស់។

មិនតែ​ប៉ុណ្ណោះ ក្រោយ​ពី​ដំណើរ​ទស្សនកិច្ច​នេះ លោក​ឧកញ៉ា នួន រិទ្ធី ជឿ​ជាក់​ថា វិស័យ​ទេសចរណ៍​របស់​កម្ពុជា​ក៏​នឹង​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​ផង​ដែរ ព្រោះ​ថា បច្ចុប្បន្ន កំណើន​ទេសចរ​ជន​ជាតិ បាន​សម្រុក​ហូរ​ចូល​មក​កម្ពុជា​កាន់​តែ​ច្រើន​ឡើងៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដែល​វា​ស្រប​ទៅ​តាម​គោល​នយោបាយ​គាំទ្រ​ពី​រាជ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ។

លោក ឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយក ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​មេគង្គ អូរីហ្សាត្រេឌីង

ជាមួយ​គ្នា​នេះ​ដែរ លោក​ឧកញ៉ា ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​អគ្គនាយក ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​មេគង្គ អូរីហ្សាត្រេឌីង បាន​លើក​ឡើង​ថា វត្តមាន​នាយក​រដ្ឋមន្រ្តី​ចិន លោក លី ខឺឈាង មក​កាន់​កម្ពុជា​នេះ ជា​ការ​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​សម្រាប់​កម្ពុជា ទាំង​ការ​វិនិយោគ​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ការ​ជំរុញ​ការ​នាំចេញ​កសិផល​ទៅ​ចិន។ 

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក៏​មាន​គម្រោង​ចុះ​ហត្ថលេខា​ជាមួយ​រដ្ឋាភិបាល​ចំនួន​ជាង​១០ គម្រោង និង​វិស័យ​ឯកជន​ទាក់ទង​នឹង​វិស័យ​កសិកម្ម ចំនួន​ជាង​២០ ក្រុមហ៊ុន​ផងដែរ។ 

សូម​ជម្រាប​ដែរ​ថា តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រសួង​ការ​បរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កាន់​កម្ពុជា​លើក​នេះ លោក​នាយក​រដ្ឋមន្ត្រី​ចិន លី ខឺឈាង នឹង​ចូល​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​នឹង​សម្ដេច​តេជោ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំង​មាន​ការ​ចុះ​ហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​មួយ​ចំនួន​ផង​ដែរ។

មិន​តែ​ប៉ុណ្ណោះ ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ នឹង​ប្រកាស​ជា​ផ្លូវការ​អំពី​គម្រោង ដំណើរ​នៃ​ក្ដី​ស្រឡាញ់​ពី​បេះដូង នៅ​កម្ពុជា ក្រោម​ការ​ផ្ដល់​ជំនួយ​ឥត​សំណង​ពី​មហា​មិត្ត​ចិន សម្រាប់​ការ​សាងសង់​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា​-ចិន ព្រះកុសុមៈ និង​មន្ទីរពេទ្យ​ខេត្ត​ត្បូង​ឃ្មុំ និង​គម្រោង​ប្លង់​ស្ថាបត្យកម្ម​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ ផង​ដែរ។ 

របាយការណ៍​ពី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ឲ្យ​ដឹង​ថា គិតត្រឹម​១១​ខែ ឆ្នាំ​២០១៧​កន្លង​ទៅ ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន មាន​ប្រមាណ​ជាង ៦៣៣​លាន​ដុល្លារ​អាមេរិក ខណៈ​ដែល​ការ​នាំចូល​ទំនិញ​ពី​ចិន​​មក​កម្ពុជា​វិញ​មាន​ប្រមាណ ជាង ៤៤០០​លាន​ដុល្លារ​អាមេរិក។ ដោយ​ឡែក ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ចិន នៅ​ឆ្នាំ​២០១៦ មាន​ប្រមាណ​ជាង ៤៨០០​លាន​ដុល្លារ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រី​ចិន លី ខឺឈាង នឹងធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី១១ ខែមករា

ព័ត៌មាន
លោកនាយករដ្ឋមន្ត្រី​ចិន លី ខឺឈាង (Li Keqiang) នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ដែលតបតាមការអញ្ជើញរបស…

កម្ពុជាស្នើចិនវិនិយោគកែច្នៃផ្លែមៀនប៉ៃលិន​និង​ដំឡូងមី​នាំចេញទៅទីផ្សារចិន

ព័ត៌មាន
ក្នុងជំនួបជាមួយ លោក ហ៊ឺ ជៀនយ៉ាង (HE Jianxiang) អគ្គនាយករងទទួលបន្ទុកការិយាល័យកែច្នៃផលិតផលកសិកម្ម នៃក្រសួងកសិកម្មរបស់ចិនកន្លងទៅថ្មីៗនេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ