កម្ពុជារំឭកជាថ្មីឱ្យអាមេរិកបន្តប្រព័ន្ធអនុគ្រោះពន្ធGSP!

មន្ត្រីជាន់ខ្ពស់អាមេរិកថា «សភាអាមេរិកកំពុងពិនិត្យ» លើសំណើសុំបន្ដ GSP សម្រាប់កម្ពុជា


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលឹកឡើងវិញទៅកាន់សហរដ្ឋអាមេរិក ឲ្យបន្តផ្តល់ឡើងវិញនូវប្រព័ន្ធអនុគ្រោះពន្ធ GSP សម្រាប់កម្ពុជាដើម្បីជាប្រយោជន៍នៃទំនាក់ទំនងផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ការរំលឹកជាថ្មីនេះ ធ្វើឡើងអំឡុងពេលជំនួបកាលពីថ្ងៃទី១២ខែកក្កដា រវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម Daniel Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ដែលកំពុងបំពេញ ទស្សនកិច្ចនៅកម្ពុជា។
មន្ត្រីជាន់ខ្ពស់អាមេរិកថា «សភាអាមេរិកកំពុងពិនិត្យ» លើសំណើសុំបន្ដ GSP សម្រាប់កម្ពុជា រូបភាព៖ ក្រសួងការបរទេស

ពាក់ព័ន្ធនឹងបញ្ហា GSP នេះ ឯកឧត្តម Daniel Kritenbrink ក៏បាន​ឆ្លើយបញ្ជាក់ទៅប្រាប់អ្នកសារព័ត៌មាន​ដែរថា ខាងសភាអាមេរិក​កំពុង​ពិនិត្យមើលទៅលើសំណើនេះហើយ។

ជាងមួយឆ្នាំមកហើយ ដែលប្រព័ន្ធអនុគ្រោះពន្ធទូទៅ ឬដែលគេស្គាល់ថា GSP របស់អាមេរិក ផ្តល់ឱ្យកម្ពុជាត្រូវអស់សុពលភាព។ កន្លងមកមានការសន្យា និងការជជែកគ្នាជាច្រើនលើកមកហើយ រវាងមន្ត្រីជាន់ខ្ពស់របស់ប្រទេសទាំងពីរជុំវិញបញ្ហានេះ។ សហរដ្ឋអាមេរិកធ្លាប់បានសន្យា និងបង្ហាញការប្តេជ្ញាចិត្តថានឹងបន្តសុពលភាព ប្រព័ន្ធអនុគ្រោះពន្ធនេះដល់កម្ពុជា ប៉ុន្តែមកដល់ពាក់កណ្តាលឆ្នាំ២០២២ ទៅហើយ កម្ពុជានៅមិនទាន់ទទួលបានសុពលភាព GSP មកវិញនៅឡើយទេ។

ក្រោយឃើញភាពយឺតយ៉ាវ ខាងលើឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ឆ្លៀតក្នុងឱកាសជំនួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១២ខែកក្កដា បានរំឭកជាថ្មីម្ដងទៀត ឱ្យអាមេរិកបន្តផ្តល់ឡើងវិញដល់កម្ពុជានូវប្រព័ន្ធអនុគ្រោះពន្ធ GSP ឱ្យបានឆាប់រហ័ស។

ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម Daniel Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក​អំឡុងសន្និសីទសារព័ត៌មានមួយ​នាថ្ងៃពុធទី១៣កក្កដា បានប្រាប់ក្រុមអ្នកយកព័ត៌មានថា បច្ចុប្បន្នប្រព័ន្ធអនុគ្រោះ GSP សម្រាប់កម្ពុជាកំពុងត្រូវបានសភា (Congress) របស់អាមេរិកកំពុងធ្វើការត្រួតពិនិត្យឡើងវិញ។ មន្ត្រីជាន់ខ្ពស់ក្រុងវ៉ាស៊ីនតោនរូបនេះ​ អះអាងថាសហរដ្ឋអាមេរិកនឹងបន្តធ្វើការងារយ៉ាងជិតស្និទ្ធក្នុងបញ្ហានេះ ប៉ុន្ដែ ឯកឧត្តម Daniel មិនអាចបញ្ជាក់ពីពេលវេលា​ជាក់លាក់​ថានឹងផ្ដល់ជូន GSP មកឲ្យកម្ពុជាវិញ​នៅពេលណានោះទេ។

ទាក់ទងនឹងប្រព័ន្ធ GSP របស់អាមេរិកនេះដែរ អ្នកឧកញ៉ា សៀ ឫទ្ធី ដែលជាអ្នកវិនិយោគក្នុងវិស័យជាច្រើននៅកម្ពុជា ក៏ធ្លាប់បានអំពាវនាវដល់សហរដ្ឋអាមេរិក ឱ្យបន្តសុពលភាព GSP ដល់កម្ពុជាវិញ។ ការលើកឡើងបែបនេះរបស់អ្នកឧកញ៉ា មិនមែនដោយសារតែកម្ពុជាខ្វះ GSP មិនបាននោះទេ ប៉ុន្ដែ គឺដើម្បីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរផងដែរ ពិសេសគឺជីវភាពកម្មករកម្មការិនី។

គួររំឭកថា ប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក ដែលហៅកាត់ជាភាសាអង់គ្លេសថា GSP (Generalized System of Preferences) បានផុតរលត់សុពលភាពទៅតាំងតែពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០មក។

GSP ជាប្រភេទប្រព័ន្ធអនុគ្រោះពន្ធ ដែលអនុញ្ញាតឲ្យមានការនាំចូលទំនិញដោយមិនបង់ពន្ធ។ កម្ពុជា ទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ពីអាមេរិកតាំងតែពីឆ្នាំ១៩៩៧មកម៉្លេះ។ ប្រព័ន្ធអនុគ្រោះពន្ធអនុញ្ញាតឲ្យកម្ពុជា នាំទំនិញនិងផលិតផលជាច្រើនទៅកាន់ទីផ្សារអាមេរិក ហើយភាគច្រើន​ផលិតផល ដែលកម្ពុជា​បាននាំចេញតាមរយៈប្រព័ន្ធអនុគ្រោះពន្ធនេះ ភាគច្រើន​ជាផលិតផល​សម្រាប់​ធ្វើដំណើរតែប៉ុណ្ណោះ។

សូមជម្រាបថា នៅរយៈពេល៦ខែឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិកមានដល់ជាង ៤ពាន់៨រយលានដុល្លារអាមេរិក កើនឡើង៥១,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១​។ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅអាមេរិកមានជាង ៤ពាន់៦រយលាន​ដុល្លារ បានកើនឡើង ៥៤%។ ខណៈការនាំចូលពីអាមេរិកមកវិញមាន ជាង១៦៨លានដុល្លារ កើនជាជិត​៩%។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា៕




អត្ថបទបន្ទាប់


ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានជាង ២៧ពាន់លានដុល្លារ កើនឡើងជាង២០% នៅឆមាសទី១ឆ្នាំ២០២២

ព័ត៌មាន
នៅឆមាសទី១ ក្នុងឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជាង ២៧ពាន់លានដុល្លារអាមេរិក មានការកើនឡើងជាង២០% ប…

អាមេរិកក្នុងការបង្កើនមូលនិធិច្រើនជាងមុន៣ដងសម្រាប់ប៉ាស៊ីហ្វិក ក្រោយឃើញចិនបង្កើនឥទ្ធិពលក្នុងតំបន់នោះ

ព័ត៌មាន
អាមេរិក ដែលធ្លាប់តែព្រងើយកន្ដើយដាក់ប្រទេសតូចៗតំបន់សមុទ្រប៉ាស៊ីហ្វិកនោះ ឥឡូវនេះ ហាក់ងាកមកយកចិត្តយកថ្លើមប្រទេសតំបន់នេះឡើងវិញ នៅគ្រាដែលប្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ