ដោះដូរដី៨០០ហិកតានៅតំបន់ភ្នំតាម៉ៅ

រាជរដ្ឋាភិបាលសម្រេចដោះដូរដី៨០០ហិកតានៅតំបន់ភ្នំតាម៉ៅ ទៅឲ្យក្រុមហ៊ុនឯកជន


រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ដី ៨០០ហិកតានៅតំបន់ភ្នំតាម៉ៅ ទៅឲ្យក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក(Khmer Fresh Milk) ដើម្បីអភិវឌ្ឍន៍ ដោយរាជរដ្ឋាភិបាលទទួលបានដីមកវិញជាង១ពាន់ហិកតានៅតំបន់ផ្សេង។ ជាមួយគ្នានេះ រដ្ឋាភិបាល បានអនុញ្ញាតផ្ទេរកម្មសិទ្ធិឲ្យក្រុមហ៊ុន និងដៃគូសហការមុនធ្វើការអភិវឌ្ឍន៍ ព្រមទាំងទទួលបន្ទុកលើការបង់ពន្ធប្រថាប់ត្រា។ នេះបើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលចុះហត្ថលេខាដោយឯកឧត្តម ខូយ ឃុនហ៊ួរ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ មករា ឆ្នាំ២០២២។
ឧទ្យានសួនសត្វភ្នំតាម៉ៅ រូបភាព៖ Vann Sophea Destinations
ដោយ

ក្រោយ​មានការ​លេច​ឭ​ពី​ដំណឹង​ដោះ​ដូរ​ដី​នៅ​ភ្នំ​តា​ម៉ៅ​នេះ​ដែរ បាន​ក្លាយជា​ប្រធានបទ​ក្តៅ​មួយ និង​កំពុង​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន ហើយ​ក៏​មាន​ប្រជាពលរដ្ឋ និង​អង្គការ​មួយ​ចំនួន​បាន​បង្ហាញ​ពី​ក្តី​បារម្ភ​ចំពោះ​បញ្ហា​នេះ ក្នុង​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រៃឈើ និង​សត្វព្រៃ​ផង​ដែរ​។ ទោះ​យ៉ាងណា ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​បញ្ជាក់​ថា ការ​ដោះ​ដូរ​ដី​នេះ​មិន​បាន​ធ្វើ​ឲ្យ​ត​ប៉ះពាល់​ដល់​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ ដែល​មាន​ទំហំ​៤០០​ហិ​កតា​នោះ​ទេ​។

ក្នុង​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​១៤ មក​រា ឆ្នាំ​២០២២ ដែល​ជម្រាប​ជូន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​អភិបាល​ខេត្តតាកែវ​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​សម្រេច​ជា​គោលការណ៍​ដោះ​ដូរ​ដី​ចំនួន​ពីរ​ទីតាំង​នៅ​តំបន់​ភ្នំ​តា​ម៉ៅ ដែល​មាន​ទំហំ​សរុប​៨​រយ​ហិ​កតា ជាមួយ​ក្រុមហ៊ុន ខ្មែរ ហ្វ្រេ​ស មី​ល ដែល​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុន​មាន​កសិដ្ឋាន​ចិញ្ចឹម​គោ​ទឹក​ដ៏​ដ៏​ធំ​ជាងគេ​មួយ​នៅ​កម្ពុជា​។ តាម​រយៈ​ការ​ដោះ​ដូរ​នេះ រាជរដ្ឋាភិបាល​ទទួល​បាន​ដី​១​ពាន់​១២២​ហិ​កតា​ជា​ថ្នូរ​ត្រឡប់​មក​វិញ ។

ក្នុង​លិខិត​ខាងលើ​បាន​បញ្ជាក់​ថា ទីតាំង​ដោះ​ដូរ​ទី​១​មាន​ទំហំ​៣០០​ហិ​កតា គឺជា​ទីតាំង​ដី​ស្ថានីយ​ចិញ្ចឹម​គោ​ពូ​ភ្នំ​តា​ម៉ៅ​ដែល​គ្រប់គ្រង​ដោយ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម​។ សម្រាប់​ការ​ដោះ​ដូរ​ទីតាំង​ទី​១​នេះ រាជរដ្ឋាភិបាល​ទទួល​បាន​ដី​៤០០​ហិ​កតា ដែល​ស្ថិត​ក្នុងស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង រួម​ទាំង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត ដូច​ជា​អគារ​រដ្ឋបាល អគារ​ស្នាក់​នៅ ក្រោលគោ ឃ្លាំង​ចំណី​សត្វ ឃ្លាំង​សម្ភារ កន្លែង​សម្លាប់​មេរោគ និង​សម្ភារ យានយន្ដ និង​គ្រឿងចក្រ​ជា​ច្រើន​ទៀត​។

ចំណែក​ទីតាំង​ទី​ពីរ ដែល​មាន​ទំហំ​៥០០​ហិ​កតា គឺជា​ទីតាំង​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វ​ភ្នំ​តា​ម៉ៅ​។ សម្រាប់​ការ​ដោះ​ដូរ​ទីតាំង​ទី​ពីរ​នេះ រាជរដ្ឋាភិបាល ទទួល​បាន​មក​វិញ​នូវ​ដី​២​កន្លែង ដោយ​កន្លែង​ទី​១ មាន​ទំហំ​២៥០​ហិ​កតា ស្ថិត​ក្នុង​ស្ថានីយ៍​អភិវឌ្ឍន៍​ព្រៃឈើ​បន្ទាយស្រី នៃ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ហើយ​ដី​១​កន្លែង​ទៀត មាន​ទំហំ​ជាង ៤៧២​ហិ​កតា​ស្ថិត​ក្នុងស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី​។ ដី​២៥០​ហិ​កតា​នៅ​ខេត្តសៀមរាប រាជរដ្ឋាភិបាល​នឹង​បង្កើត​សួនសត្វ Safari Angkor ខណៈ​ដី​នៅ​ខេត្តមណ្ឌលគិរី រាជរដ្ឋាភិបាល​នឹង​បង្កើត​សួន​ភូតគាម មណ្ឌលគិរី​។ បន្ថែម​លើ​ដី​ទាំង​ពីរ​ទីតាំង​នេះ រដ្ឋាភិបាល​ក៏​ទទួល​បាន​យានយន្ដ​រាប់​សិប​គ្រឿង​បន្ថែម​ទៀត​ផង​ដែរ​។

ពាក់ព័ន្ធ​ការ​ដោះ​ដូរ​ដី​នៅ​តំបន់​ភ្នំ​តា​ម៉ៅ​នេះ​បាន​ក្លាយជា​ប្រធានបទ​ក្តៅ​មួយ ដែល​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន ហើយ​ក៏​មាន​ប្រជាពលរដ្ឋ និង​អង្គការ​មួយ​ចំនួន​បាន​បង្ហាញ​ពី​ក្តី​បារម្ភ​ចំពោះ​បញ្ហា​នេះ ក្នុង​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រៃឈើ និង​សត្វព្រៃ​ផង​ដែរ​។ ជាក់ស្តែង​ក្រោយ​ទទួល​បាន​ដំណឹង​រាជរដ្ឋាភិបាល​បាន​កាត់​ដី​នៅ​តំបន់​ភ្នំ​តា​ម៉ៅ​មួយ​ផ្នែក​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍន៍ លោកស្រី ស៊ូ​វ​ណ្ណា ហ្គោ​ន​ឡែ​ត នាយិកា​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​សត្វព្រៃ​(Wildlife Alliance) បាន​ស្នើ​សុំ​ជួប​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​អន្តរាគមន៍​បន្ទាន់​បញ្ឈប់​ការ​បំផ្លាញ​ព្រៃ​ភ្នំ​តា​ម៉ៅ​ជា​ជម្រក​សត្វព្រៃ ស្ថិត​នៅ​ក្រោម​ការ​ការពារ​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។

លោកស្រី​បាន​បង្ហាញ​ក្តី​បារម្ភ​ថា ការ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើការ​អភិវឌ្ឍ​លើ​ផ្ទៃដី​៥០០​ហិ​កតា​នេះ នឹង​ធ្វើ​ឲ្យ​ដី​ព្រៃ​ភ្នំ​តា​ម៉ៅ​ត្រូវ​កាត់​ផ្ដាច់​ជា​ពីរ​បំណែក​តូច​ៗ ហើយ​សត្វព្រៃ​ជាង​១​ពាន់​ក្បាល​នឹង​បាត់បង់​ទីជម្រក ខណៈ​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​នឹង​បាត់បង់​កេរ្តិ៍ឈ្មោះ​។ លើស​ពី​នេះ​ការងារ​រួម​គ្នា​រវាង​រដ្ឋាភិបាល និង​អង្គការ Wildlife Alliance រយៈពេល​២០​ឆ្នាំ​កន្លង​មក​ក្នុង​ការ​ការពារ​ប្រព័ន្ធ​បរិស្ថាន​នៅ​ទី​នេះ​នឹង​គ្មាន​អ្វី​ទាំងអស់ និង​ថវិកា​រួម​វិភាគទាន​របស់​អង្គការ​នឹង​ទទេ​ស្អាត​។

ឆ្លើយ​តប​នឹង​ក្តី​កង្វល់​ខាងលើ​ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​អះអាង​ថា ការ​ដោះ​ដូរ​ដី​នៅ​តំបន់​ភ្នំ​តា​ម៉ៅ​ជាមួយ​ក្រុមហ៊ុន​ខ្មែរ ហ្វ្រេ​ស មី​ល នេះ​មិន​បាន​ប៉ះ​ជាន់​លើ​ផ្ទៃដី​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​ដែល​មាន​ទំហំ​ជាង​៤០០​ហិ​កតា និង​មាន​របង​ព័ទ្ធ​ជុំវិញ​ជាង​៨​គីឡូម៉ែត្រ​និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដែល​បាន​អភិវឌ្ឍ​កន្លង​មក​នោះ​ទេ​។ ហើយ​បញ្ហា​នេះ ក៏​មិន​បាន​ប៉ះពាល់​ទៅ​ដល់​ការ​សហការ​ជួយ​របស់​អង្គការ Wildlife Alliance ឬ​ការ​អនុវត្ត​អនុស្សរណៈ​យោគយល់​គ្ន រវាង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​អង្គការ Wildlife Alliance ដែរ​។

ឯកឧត្តម វេ​ង សា​ខុន បាន​គូសបញ្ជាក់​បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖ «​ការ​ដោះ​ដូរ​ផ្ទៃដី​តំបន់​ភ្នំ​តា​ម៉ៅ ជា​ការ​ចាំបាច់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​ការ​អភិវឌ្ឍ​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន ព្រមទាំង​ផ្តល់​បន្ថែម​ទៀត​នូវ​ទុន​សម្រាប់​ការ​អភិវឌ្ឍ គម្រោង​យុទ្ធសាស្ត្រ​នានា ជំរុញ និង​កែ​ល​ម្ផ​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​ឲ្យ​មានការ​ប្រកួតប្រជែង​ក្នុង​បរិបទ​សេដ្ឋកិច្ច​បច្ចុប្បន្ន ព្រមទាំង​ជំរុញ​កំណើន​ចំណូល​ធានា​និរន្តរភាព​ផង​ដែរ​»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោកពូទីន៖ «ប្រតិបត្តិការយោធានៅអ៊ុយក្រែនជារឿងចាំបាច់ ព្រោះលោកខាងលិចកំពុងរៀបចំផែនការឈ្លានពានរុស្ស៊ី»

ព័ត៌មាន
ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានធ្វើជាអធិបតីនៃការប្រារព្ធខួបជ័យជម្នះរបស់សហភាពសូវៀតលើពួកណាហ្ស៊ីអាល្លឺម៉ង់អំឡុងសង្គ្រាមលោកលើកទី២ នៅថ្ងៃចន្ទ…

ចិនធ្វើសមយុទ្ធយោធាក្បែរកោះតៃវ៉ាន់ ដើម្បីពង្រឹងប្រតិបត្តិការប្រយុទ្ធ

ព័ត៌មាន
បញ្ហាកោះតៃវ៉ាន់នៅតែមានភាពតានតឹងខ្លាំង ខណៈដែលកងទ័ពរំដោះប្រជាជនចិន បានឲ្យដឹងនៅថ្ងៃចន្ទទី០៩ឧសភាថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនទើបតែបាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ