Advertisement
គំនិត​អាជីវកម្ម

ចង់​បើក​អាជីវកម្ម​មែន​ទេ? មហា​សេដ្ឋី Jack Ma មាន​ដំបូន្មាន​៣​យ៉ាង​ឲ្យ​អ្នក!


និយាយ​ពី​ឈ្មោះ Jack Ma នេះ មាន​មនុស្ស​មិន​តិច​នោះ​ទេ ដែល​បាន​ស្គាល់ មិន​ថា​តែ​នៅ​កម្ពុជា ឬ​សកល​លោក ពិសេស​គឺ​យុវជន​ដែល​ចូលចិត្ត​ការ​អាន ស្ដាប់​អំពី​ការ​អប់រំ​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ និង​ការ​ធ្វើ​ជំនួញ​តែ​ម្ដង។ ខេមបូណូមីស សូម​លើក​យក​នូវ​ដំបូន្មាន​ដ៏​ល្អ ៣​ចំណុច​របស់​ស្ថាបនិក​ក្រុមហ៊ុន​យក្ស អាលីបាបា លោក Jack Ma មក​បង្ហាញ​ជូន​លោក​អ្នក ដែល​មាន​បំណង​ក្លាយ​ជា​សហគ្រិន ឬ​កំពុងតែ​មាន​ប្រតិបត្តិការ​អាជីវកម្ម​ថ្មី​ថ្មោង សម្រាប់​យក​ទៅ​ពិចារណា។
លោក ជេក ម៉ា ស្ថាបនិក​និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ Alibaba។
ដោយ
Advertisement

មហាសេដ្ឋីចិន ដែល​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង ដោយសារ​តែ​វោហារ​ស័ព្ទ​ចាក់​ទឹក​មិន​លេច​ក្នុង​ការ​ផ្ដល់​នូវ​គំនិត​ពិចារណា ក៏ដូចជា​ដំបូន្មាន​ល្អៗ​សម្រាប់​ការ​ធ្វើ​ជំនួញ​នោះ បាន​លើក​ឡើង​ថា បើ​សិន​ជា​អ្នក​កំពុងតែ​មាន​ចិត្ត​ពុះ​កញ្ជ្រោល​ខ្លាំង​ចង់​បើក​អាជីវកម្ម ឬ​កំពុង​ចាប់​ផ្ដើម​អាជីវកម្ម មាន​គំនិត​គន្លឹះ​៣​ចំណុច ដែល​អ្នក​ត្រូវ​តែ​យក​ទៅ​ពិចារណា បើ​មិន​ចង់​ខាត​បង់​ប្រាក់ លង់​ប្រាណ ក្នុង​ការ​ធ្វើ​ជំនួញ។ គំនិត​គន្លឹះ​ទាំង​៣​នេះ មាន​ដូចជា៖

១, រៀន​ពី​កំហុស​របស់​អ្នក​ដទៃ តែ​កុំ​រៀន​ពី​ជោគជ័យ​របស់​អ្នក​ដទៃ

មហា​សេដ្ឋី​ដែល​មាន​ទ្រព្យ​សម្បត្តិ ៣៩​ពាន់​លាន​ដុល្លារ​អាមេរិក លោក Jack Ma បាន​លើក​ឡើង​ថា ក្នុង​នាម​ជា​អាជីវកម្ម​ខ្នាត​តូច​ថ្មី​ថ្មោង អ្នក​ត្រូវ​រៀន​ពី​កំហុស​របស់​អ្នក​ដទៃ ដែល​ធ្លាប់​បរាជ័យ​ក្នុង​ជំនួញ​ឲ្យ​ច្រើន តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ប៉ុន្ដែ កុំ​រៀន​ពី​រឿង​ជោគជ័យ​របស់​អ្នក​ដទៃ ឬ​អនុវត្ត​តាម​ដាន​ជើង​ជោគជ័យ​របស់​អ្នក​ដទៃ។ 

លោក​បាន​ពន្យល់​ថា គ្រូ​កីឡា​បាល់បោះ​តែង​បង្រៀន​សិស្ស​របស់​ពួកគេ​ពី​ផ្លូវ ឬ​វិធីសាស្ត្រ​ដើម្បី​យក​ជោគជ័យ ឬ​យក​ឈ្នះ​ក្នុង​ការ​ប្រកួត។ ប៉ុន្ដែ សម្រាប់​ការ​ធ្វើ​ជំនួញ អ្នកត្រូវ​តែ​រៀន​ពី​កំហុស​របស់​អ្នក​បរាជ័យ​ឲ្យ​បាន​ច្រើន ត្រូវ​ដឹង​ពី​មូលហេតុ​អ្វី​បាន​ជា​គេ​បរាជ័យ? ព្រោះ​មនុស្ស​បរាជ័យ​ភាគ​ច្រើន ត្រូវ​បាន​បរាជ័យ​ដោយសារ​តែ​ហេតុផល​ដូចៗ​គ្នា។ ប៉ុន្ដែ ផ្លូវ​នៃ​ការ​ដើរ​ទៅ​រក​ជោគជ័យ​របស់​បុគ្គល​ម្នាក់ គឺ​មិន​ដូចគ្នា​នោះ​ទេ។ ដូច្នេះ បើ​អ្នក​អាច​រៀនសូត្រ​បាន​កាន់​តែ​ច្រើន​ពី​ភាព​បរាជ័យ​ទាំង​នោះ នោះ​អ្នក​នឹង​មាន​សង្ឃឹម​ដើម្បី​បោះ​ជំហាន​ទៅ​មុខ សម្រាប់​ឈាន​ទៅ​រក​វិថី​ជោគជ័យ​ដែល​ជា​របស់​ខ្លួន​ឯង។ 

២, កុំ​រៀន​ពី​កំពូល​មនុស្ស​ជោគជ័យ តែ​ត្រូវ​រៀន​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ឲ្យ​អស់​សិន 

«កុំ​ចេះ​តែ​រៀន​ពី Bill Gates, Steve Jobs ឬ Jack Ma អី! តែ​ត្រូវ​រៀន​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន​អ្នក អ្នក​ជិត​ខាង​អ្នក​ឲ្យ​បាន​ច្រើន​សិន។ អ្នក​ខ្លះ​ធ្វើការ​ដូច​តែ​អ្នក​ដែរ ហេតុ​អី​គេ​អាច​ធ្វើ​បាន​ប្រសើរ​ជាង​អ្នក? និង​ទទួល​បាន​លទ្ធផល​ល្អ​ជាង​អ្នក? ត្រូវ​រក​ឲ្យ​ឃើញ​ចម្លើយ​សម្រាប់​សំណួរ​ទាំង​នេះ។» នេះ គឺ​ជា​ការ​លើក​ឡើង​ដោយ​សង្កត់​ធ្ងន់ ពី​លោក Jack Ma តារា​ជំនួញ​ក្នុង​ដួង​ចិត្ត​របស់​យុវជន សម្រាប់​អ្នក​យក​ទៅ​គិត​ពិចារណា។ 

៣, ត្រូវ​សង់​ដំបូល​ផ្ទះ​ឲ្យ​បាន​រួច​រាល់ ទាន់​នៅ​មិន​ទាន់​មាន​ភ្លៀង​ធ្លាក់

លោក Jack Ma បាន​លើក​ឡើង​ថា ត្រូវ​ត្រៀម​ខ្លួន​ជានិច្ច​មិន​ថា​កំពុង​ស្ថិត​ក្នុង​ស្ថានការណ៍​ល្អ ឬ​អាក្រក់​នោះ​ឡើយ ពោល​គឺ ត្រូវ​សង់​ដំបូល​ផ្ទះ​ឲ្យ​បាន​រួច​រាល់ កុំ​ចាំ​ដល់​មាន​ភ្លៀង ឬ​ព្យុះ​បោក​បក់ ទើប​គិត​ទៅ​រក​សង់​ដំបូល។ នៅ​ពេល​ដែល​ក្រុមហ៊ុន​កំពុង​ដំណើរការ​ល្អ អ្នក​ត្រូវគិត​រក​វិធីសាស្ត្រ​ដើម្បី​ផ្លាស់​ប្តូរ​ក្រុមហ៊ុន​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត កុំ​នៅ​ស្ងៀម​សម្ងំ​សោយ​សុខ ព្រោះ​ក្ដី​សុខ​នោះ​នឹង​មិន​អាច​ស្ថិតស្ថេរ​បាន​យូរ​ឡើយ បើ​អ្នក​មិន​មាន​ការ​ផ្លាស់​ប្តូរ ឬ​វិវឌ្ឍ​ខ្លួន​ទៅ​មុខ។ 

ប៉ុន្ដែ បើ​ក្រុមហ៊ុន​កំពុង​ជួប​បញ្ហា​ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់ កុំ​ហក់​លោត​ខ្លាំង​ពេក ត្រូវ​មាន​ការ​អត់ធ្មត់ និង​ដោះស្រាយ​សន្សឹមៗ​រង់ចាំ​ឲ្យ​ភាព​អាក្រក់​នោះ​ចេញ​ទៅ​ផុត​សិន សឹម​បន្ត​ដំណើរការ​ផ្លាស់​ប្តូរ​ទៅ​មុខ​ទៀត។ វា​ដូច​ជា ខ្យល់​ព្យុះ​កំពុង​បោក​បក់​មក​រក​ផ្ទះ​របស់​អ្នក​ដែរ ត្រូវ​ចេះ​រក​កន្លែង​លាក់​ខ្លួន ឬ​ទីសុវត្ថិភាព កុំឡើង​ទៅ​ជួស​ជុល​ដំបូល​ពេល​មាន​ព្យុះ ព្រោះ​អ្នក​នឹង​ត្រូវ​អន្តរាយ​កាន់តែ​ធំ​ជាង​មុន។ មហា​សេដ្ឋី​ពិភព​លោក លំដាប់​ទី​២០ រូប​នេះ បាន​បញ្ជាក់​ទៀត​ថា រាល់​ពេល​ដែល​បុគ្គលិក​របស់​លោក​កំពុង​សប្បាយ​ចិត្ត សាទរ​នឹង​សមិទ្ធផល​របស់​ក្រុមហ៊ុន នោះ​គឺ​ជា​សញ្ញា​មួយ​ដែល​បង្ហាញ​ថា លោក​ត្រូវ​រក​វិធី​សាស្ត្រ​ដើម្បី​ផ្លាស់ប្តូរ​ក្រុមហ៊ុន​បន្ត​ទៅ​មុខ​ទៀត​ហើយ។ 

លោក Jack Ma បាន​គូស​បញ្ជាក់​ថា ជា​ក្រុមហ៊ុន​តូច អ្នក​នឹង​មិន​មាន​ពេល​វេលា​សោយ​សុខ​បាន​យូរ​នោះ​ឡើយ នេះ​គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ចងចាំ៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧកញ៉ា សៀ ឫទ្ធី ពង្រីក​គម្រោង​លំនៅដ្ឋាន​សាធារណៈ​ទៅ​ជា​ទីក្រុង​រណប​សិរីមង្គល​ដ៏​ទំនើប

ព័ត៌មាន
ដើម្បី​ធ្វើ​ឲ្យ​តំបន់​គម្រោង​លំនៅដ្ឋាន​តម្លៃ​សមរម្យ កាន់តែ​មាន​ភាព​សម្បូរ​បែប​និង​អស្ចារ្យ​ទំនើប​ថែម​ទៀត​នោះ លោក​ឧកញ៉ា សៀ ឫទ្ធី ដែល​ជ...

ប្រទេស​កូរ៉េផ្តល់ជំនួយ WiFi សាធារណៈនៅសួនសម្ដេចហ៊ុនសែននិងសួនមុខវាំង

ព័ត៌មាន
ឧបករណ៍បច្ចេកទេសប្រព័ន្ធ Public WiFi ចំនួន២កន្លែងនៅសួនច្បារសម្តេច ហ៊ុន សែន ស្ថិតនៅមុខកាស៊ីណូ និងសណ្ឋាគារណាហ្គាវើល និង​សួនច្បារមុខព្រះប...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ