ទីក្រុង​រណប​សិរីមង្គល

ឧកញ៉ា សៀ ឫទ្ធី ពង្រីក​គម្រោង​លំនៅដ្ឋាន​សាធារណៈ​ទៅ​ជា​ទីក្រុង​រណប​សិរីមង្គល​ដ៏​ទំនើប


ដើម្បី​ធ្វើ​ឲ្យ​តំបន់​គម្រោង​លំនៅដ្ឋាន​តម្លៃ​សមរម្យ កាន់តែ​មាន​ភាព​សម្បូរ​បែប​និង​អស្ចារ្យ​ទំនើប​ថែម​ទៀត​នោះ លោក​ឧកញ៉ា សៀ ឫទ្ធី ដែល​ជា​ម្ចាស់​គម្រោង​សាងសង់​លំនៅដ្ឋាន​សាធារណៈ​តម្លៃ​សមរម្យ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា បាន​ធ្វើការ​ពង្រីក​គម្រោង​មួយ​នេះ ឲ្យ​ក្លាយ​ទៅ​ជា​ទីក្រុង​រណប​ឈ្មោះ​ថា«សិរីមង្គល»។
​គម្រោង​លំនៅដ្ឋាន​សាធារណៈ​ត្រូវបានពង្រីក​ទៅ​ជា​ទីក្រុង​រណប​សិរីមង្គល​ដ៏​ទំនើប។
ដោយ

ការ​ធ្វើ​បែប​នេះ​ក្នុង​ន័យ​តែ​មួយ​គត់ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​មន្ដ្រី​រាជការ​និង​ពលរដ្ឋ​ដែល​អ្នក​មាន​ចំណូល​ទាប​និង​មធ្យម​កាន់តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​រស់នៅ ជាមួយ​នឹង​បរិស្ថាន​ល្អ ទីធ្លា​ធំ​លាយឡំ​នឹង​សួន​ច្បារ និង កន្លែង​ធ្វើ​អាជីវកម្ម​នានា ក៏​ដូចជា​កន្លែង​រដ្ឋបាល​ផ្សេងៗ​នៅ​ក្នុង​គម្រោង​ផង​ដែរ ដូចជា មន្ទីរពេទ្យ សាលារៀន ប៉ុស្តិ៍​រដ្ឋបាល។ គម្រោង​លំនៅដ្ឋាន​សាធារណៈ​តម្លៃ​សមរម្យ​នៃ​ទីក្រុង​រណប​សិរីមង្គល​ថ្មី​ទំនើប​នេះ មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២១ ភូមិ​កោះគរ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល ជិត​ទីតាំង​ព្រលាន​យន្ដហោះ​ថ្មី។ 

សួរ​ថា​តើ​លំនៅដ្ឋាន​តម្លៃ​សមរម្យ​របស់​លោក​ឧកញ៉ា សៀ ឫទ្ធី មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ?

ជុំវិញ​​គម្រោង​​នេះ លោក យក់ សុធីរិទ្ធ នាយក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន WorldBridge Homes ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅដ្ឋាន​សាធារណៈ ស្ថិត​នៅ​ក្នុង​ទីក្រុង​រណប​សិរីមង្គល បាន​ប្រាប់​សារព័ត៌មាន ខេមបូណូមីស នៅ​កន្លែង​ការដ្ឋាន​សាងសង់​ថា គម្រោង​នេះ​មាន​លក្ខណៈ​ពិសេស​និង​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្លាំង​ណាស់ ទាំង​ពេល​បច្ចុប្បន្ន និងទាំង​ទៅ​ថ្ងៃ​អនាគត។ 

លោក​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖ «ទីតាំង​នេះ​មាន​ការ​អភិវឌ្ឍ​ខ្លាំង ព្រោះ​វា​នៅ​ជាប់​ផ្លូវ​ជាតិ​លេខ​២១ ដែល​ជា​ផ្លូវ​ធំ​មួយ​ទៅ​កាន់​ព្រំ​ប្រទល់​ប្រទេស​វៀតណាម និង​ស្ថិត​នៅ​ក្បែរ​ព្រលាន​យន្ដហោះ​ថ្មី។ លើស​ពី​នេះ គម្រោង​ផ្លូវ​ក្រវាត់​ក្រុង​ទី​៣​របស់​រដ្ឋាភិបាល នឹង​ឆ្លង​កាត់​ទីនេះ​ផង​ដែរ»។ 

បើតាម​អ្នក​គ្រប់គ្រង​រូប​នេះ លំនៅដ្ឋាន​សាធារណៈ​ក្នុង​ទីក្រុង​រណប​សិរីមង្គល មាន​ផ្ទះ​ចំនួន​ជាង ២៤៥៧​ផ្ទះ មាន​ផ្សារ​និង​សួន​ច្បារ​ជាដើម ដើម្បី​បង្កើន​នូវ​ភាព​ងាយ​ស្រួល​ក្នុង​ការ​រស់នៅ​របស់​អតិថិជន។ 

ដោយ​ឡែក តម្លៃ​ផ្ទះ​របស់​គម្រោង​នេះ ទោះ​បី​ដី​នៅ​តំបន់​នេះ​ឡើង​ថ្លៃ​ខ្លាំង​ក្ដី ប៉ុន្តែ គម្រោង​នេះ​មិន​បាន​ដំឡើង​ថ្លៃ​នោះ​ទេ គឺ​ក្រុមហ៊ុន​នៅ​តែ​រក្សា​តម្លៃ​ដូច​ដើម​ដែល​បាន​សន្យា​ដដែល។ លើស​ពី​នេះ ផ្ទះ​នៅ​ក្នុង​គម្រោង​នេះ ត្រូវ​បាន​សាងសង់​ឡើង​ស្រប​តាម​បច្ចេកទេស​ខ្ពស់ ដោយ​មាន​ប្រើ​ឥដ្ឋ​ជួយ​សន្សំ​សំចៃ​ខ្ពស់ ​ជួយ​កាត់​បន្ថយ​កម្ដៅ​និង​បរិស្ថាន ព្រមទាំង​មាន​សោភ័ណ​ភាព​ស្អាត និង​មាន​ភាព​រឹងមាំ​ទៀត​ផង។

បច្ចុប្បន្ន គម្រោង​នេះ​កំពុង​ផ្តោត​ខ្លាំង​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ ដូចជា លូ ផ្លូវ ប្រព័ន្ធ​ទឹក​និង​ប្រព័ន្ធ​ភ្លើង ដោយ​ក្រុមហ៊ុន​មាន​អ្នក​បច្ចេកទេស វិស្វករ និង​អ្នក​ជំនាញ​មក​ពី​ប្រទេស​សិង្ហបុរី ជួយ​រចនា​ឲ្យ​ស្រប​តាម​ស្ដង់ដារ​បច្ចេកទេស​អន្ដរជាតិ ដើម្បី​បង្កើត​ភាព​ងាយ​ស្រួល​ដល់​ការ​រស់នៅ​របស់​អតិថិជន។

លោក យក់ សុធីរិទ្ធ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «យើង​គិត​វែង​ឆ្ងាយ​សម្រាប់​អតិថិជន​របស់​យើង ដោយ​យើង​គិត​ថា ពួកគាត់​ជា​អ្នក​មាន​ចំណូល​ទាប​និង​មធ្យម។ ដូច្នេះ ពួកគាត់​ខំ​សន្សំ​លុយ​និង​ចំណូល ដើម្បី​មក​ទិញ​ផ្ទះ​ក្នុង​គម្រោង​របស់​យើង។ ហេតុ​នេះ យើង​មិន​ចង់​ឲ្យ​ដប់​ម្ភៃ​ឆ្នាំ​ទៅ​មុខ​ទៀត មាន​បញ្ហា​ទឹក​លិច ផ្លូវ​ខូច ឬ​ខូច​លូ​នោះ​ទេ។ ដូច្នេះ យើង​ធ្វើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឲ្យ​ស្របតាម​ស្តង់ដារ​អន្ដរជាតិ…ដើម្បី​ឲ្យ​គម្រោង​របស់​យើង​មាន​គុណភាព​ល្អ»។

សូម​បញ្ជាក់​ថា គម្រោង​លំនៅដ្ឋាន​ទីក្រុង​រណប​សិរីមង្គល បច្ចុប្បន្ន កំពុង​ដំណើរការ​សាងសង់​យ៉ាង​សកម្ម ហើយ​ដំណាច់​ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន​នឹង​ពន្លឿន​ការ​សាងសង់​ឲ្យ​ចប់​ជំហាន​ទី១ ដោយ​បញ្ចប់​ការ​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ផ្ទះ​មួយ​ចំនួន​នៃ​គម្រោង​របស់​ខ្លួន ហើយ​នៅ​ឆ្នាំ​២០១៩ ក្រុមហ៊ុន​នឹង​បញ្ចប់​ការ​សាងសង់​លើ​គម្រោង​ទាំង​ស្រុង​តែ​ម្តង៕




អត្ថបទបន្ទាប់


សម្ភាសន៍​ពិសេស​ជាមួយអ្នក​និពន្ធ ម៉ីសន សុធារី អំពី​វិវឌ្ឍន៍​ថ្មីៗ​នៃ​​ភាពយន្ត​ខ្មែរ

ព័ត៌មាន
សន្ទុះ​នៃ​ការ​ផលិត​ភាពយន្ត​ក្នុង​ស្រុក មិន​ថា​រឿងភាគ ភាពយន្ត​បញ្ចាំង​នៅ​រោង រឿង​សម្រាប់​ចាក់​ផ្សាយ​លើ​បណ្តាញ Internet ទេ គឺ​កាន់​តែ​ម…

ចង់​បើក​អាជីវកម្ម​មែន​ទេ? មហា​សេដ្ឋី Jack Ma មាន​ដំបូន្មាន​៣​យ៉ាង​ឲ្យ​អ្នក!

ព័ត៌មាន
និយាយ​ពី​ឈ្មោះ Jack Ma នេះ មាន​មនុស្ស​មិន​តិច​នោះ​ទេ ដែល​បាន​ស្គាល់ មិន​ថា​តែ​នៅ​កម្ពុជា ឬ​សកល​លោក ពិសេស​គឺ​យុវជន​ដែល​ចូលចិត្ត​កា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ