ច្រកសមុទ្រហ័រម៉ូស

លោក ត្រាំ ប្រកាសផ្អាកប្រតិបត្តិការយោធានៅច្រកសមុទ្រហ័រម៉ូស ដើម្បីបើកផ្លូវចរចារកសន្តិភាព


ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានធ្វើឱ្យពិភពលោកចាប់អារម្មណ៍ជាថ្មី ក្រោយប្រកាសផ្អាកប្រតិបត្តិការយោធានៅច្រកសមុទ្រហ័រម៉ូសជាបណ្ដោះអាសន្ន។ ការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ធ្វើឡើងក្នុងគោលបំណងបើកផ្លូវឱ្យមានការចរចាលើកិច្ចព្រមព្រៀងចុងក្រោយជាមួយអ៊ីរ៉ង់ បន្ទាប់ពីមានការសម្របសម្រួលពីប្រទេសក្នុងតំបន់ដូចជាប៉ាគីស្ថានជាដើម។ តើស្ថានភាពនៅច្រកសមុទ្រយុទ្ធសាស្ត្រមួយនេះនឹងប្រែប្រួលទៅយ៉ាងណា?
ច្រកសមុទ្រហ័រម៉ូស
ដោយ

តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី៥ ខែឧសភា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា ប្រតិបត្តិការ Freedom ដែលជាយុទ្ធនាការរំដោះនាវាជាប់គាំងនៅច្រកសមុទ្រហ័រម៉ូសត្រូវបានផ្អាកមួយរយៈពេលខ្លី។ លោក ត្រាំ បានសង្កត់ធ្ងន់ថា ទោះបីជាការឡោមព័ទ្ធផ្លូវសមុទ្រនៅតែមានសុពលភាព ប៉ុន្តែការផ្អាកបាញ់បោះគ្នានេះ គឺដើម្បីផ្ដល់ឱកាសឱ្យតំណាងភាគីអ៊ីរ៉ង់បង្ហាញឆន្ទៈលើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាស្ថាពរ។ ប៉ុន្តែរហូតមកទល់ពេលនេះមិនទាន់មានការអត្ថាធិប្បាយណាមួយពីភាគីអ៊ីរ៉ង់នៅឡើយទេ ចំពោះការអះអាងរបស់លោក ត្រាំ នេះ។

ការប្រកាសនេះកើតឡើងចំពេលដែលស្ថានការណ៍ក្នុងឈូងសមុទ្រពែក្សកំពុងឡើងកម្តៅដល់ចំណុចពុះកញ្ជ្រោល។ កន្លងមក យោធាអាម៉េរិកបានបាញ់កម្ទេចទូកល្បឿនលឿន ដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់ជាច្រើន ដែលព្យាយាមរារាំងការធ្វើនាវាចរណ៍។ ជាមួយគ្នានេះ ប្រទេសអារ៉ាប់រួម ក៏បានរាយការណ៍ពីការទប់ទល់នឹងការវាយប្រហារពីសំណាក់អ៊ីរ៉ង់មកលើដែនអាកាសរបស់ខ្លួនផងដែរ ខណៈកប៉ាល់ពាណិជ្ជកម្មអន្តរជាតិចំនួន១គ្រឿងបានរងការវាយប្រហារដោយគ្រាប់ផ្លោងមិនស្គាល់អត្តសញ្ញាណ។

ដោយឡែកខាងភាគីអ៊ីរ៉ង់ឯណោះវិញ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បានបង្ហាញជំហររឹងត្អឹង ដោយចេញផែនទីថ្មីដែលពង្រីកតំបន់គ្រប់គ្រងរបស់ខ្លួននៅច្រកសមុទ្រហ័រម៉ូស។ ពួកគេបានព្រមានថា រាល់នាវាទាំងអស់ត្រូវតែធ្វើដំណើរតាមខ្សែផ្លូវ ដែលអ៊ីរ៉ង់កំណត់ឱ្យ បើមិនដូច្នោះទេនឹងត្រូវប្រឈមមុខនឹងការវាយបកយ៉ាងធ្ងន់ធ្ងរ។

ទោះជាយ៉ាងណារដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) បានបញ្ជាក់យ៉ាងច្បាស់ថា ប្រតិបត្តិការវាយប្រហាររបស់អាម៉េរិកនៅអ៊ីរ៉ង់ត្រូវបានបញ្ចប់ ហើយអាម៉េរិកនឹងមិនបើកការបាញ់ប្រហារមុននោះឡើយ បើគ្មានការបញ្ឆេះសង្រ្គាមពីអ៊ីរ៉ង់ទេនោះ។ រដ្ឋមន្ត្រីរូបនេះបានរំលឹកថា ច្រកសមុទ្រហ័រម៉ូស គឺជាផ្លូវទឹកអន្តរជាតិមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់អ៊ីរ៉ង់ ដែលអាចតាមចិត្តចង់បិទ ឬដាក់មីនបង្កគ្រោះថ្នាក់ដល់នាវាចរណ៍ពិភពលោកនោះឡើយ៕អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


មេ IMF ព្រមានធ្ងន់ៗថា សេដ្ឋកិច្ចពិភពលោកនឹងកាន់តែដុនដាប បើសង្គ្រាមនៅមជ្ឈិមបូព៌ាអូសបន្លាយដល់ឆ្នាំ២០២៧

ស្របពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងស្ថានភាពត្រដាបត្រដួសស្រាប់ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានធ្ងន់ៗថា វិបត្តិនឹងកាន…

រដ្ឋមន្ត្រីពាណិជ្ជកម្ម G7 បើកកិច្ចប្រជុំបន្ទាន់នៅប៉ារីស ដោះស្រាយវិបត្តិពន្ធគយ និងបញ្ហាពាណិជ្ជកម្មបង្កឡើងដោយបិទច្រកសមុទ្រហ័រម៉ូស

រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់បណ្តាប្រទេស G7 បានបើកកិច្ចប្រជុំមួយនៅទីក្រុងប៉ារីសកាលពីថ្ងៃទី៥ ខែឧសភា ដើម្បីពិភាក្សាអំពីបញ្ហានានា រួមទាំងបញ្ហារ៉ែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ