Advertisement
ហាង​លក់​រាយ​ល្បី​មក​ពី​អាមេរិក

CIRCLE K ដ៏​ល្បី​របស់​អាមេរិក​ចូល​កម្ពុជា​ហើយ! ខណៈ 7-Eleven ស្ងាត់​បាត់​ដំណឹង!


ម៉ាក​សញ្ញា​ដ៏​ល្បី​របស់​អាមេរិក គឺ​ម៉ាត CIRCLE K ដែល​មាន​សាខា​រាប់​ម៉ឺន​កន្លែង​នៅ​ទូទាំង​ពិភព​លោក​នោះ បាន​ប្រកាស​ចូល​ខ្លួន​ក្នុង​ទីផ្សារ​កម្ពុជា ជា​ផ្លូវការ​ហើយ ខណៈ​ដែល​គូ​ប្រជែង​ដ៏​ធំ​របស់​ខ្លួន គឺ 7-Eleven នៅ​មិន​ទាន់​មក​ដល់​កម្ពុជា​នៅ​ឡើយ​ទេ តែ​បាន​និង​កំពុង​ពង្រីក​ខ្លួន​យ៉ាង​រីក​ស្គុសស្គាយ​នៅ​ថៃ​និង​វៀតណាម។
ម៉ាត​លក់​រាយ​ទំនិញ​ដ៏​ល្បី​នៅ​អាមេរិក CIRCLE K ឥឡូវ​នេះ បាន​ចូល​មក​ដល់​កម្ពុជា​ហើយ។
ដោយ
Advertisement

បច្ចុប្បន្ន អាជីវកម្ម​ទិញ​លក់​សិទ្ធិ​បន្ត ឬ​ហៅ​ថា Franchise បាន​និង​កំពុង​រីក​ដុះដាល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីផ្សារ​កម្ពុជា ហើយ​បើ​តាម​អ្នក​ជំនាញ​ក្នុង​វិស័យ​នេះ​អះអាង​ថា កំណើន​នៃ​ការ​នាំចូល​អាជីវកម្ម Franchise មក​ពី​ក្រៅ​ប្រទេស គឺ​ជា​ការ​ឆ្លុះ​បង្ហាញ​ពី​អំណាច​នៃ​ការ​ទិញ​របស់​ប្រជាជន​ក្នុង​ស្រុក និង​សក្ដានុពល​សេដ្ឋកិច្ច​របស់​កម្ពុជា។ ជាក់ស្តែង ថ្មីៗ​នេះ ក្រុមហ៊ុន TH CVS បាន​សម្រេច​នាំ​ម៉ាក CIRCLE K ដែល​ជា​ហាង​ទំនិញ​លក់​រាយ​ដ៏​ល្បី​មក​ពី​សហរដ្ឋ​អាមេរិក មក​បើក​ដំណើរការ​អាជីវកម្ម​នៅ​កម្ពុជា។

បើ​តាម​ការ​គូស​បញ្ជាក់​ពី​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ខាង​លើ នេះ​ជា​ម៉ាក​សញ្ញា​របស់​អាមេរិក​ទី​៤​ហើយ ដែល​ក្រុមហ៊ុន TH CVS បាន​ធ្វើការ​នាំចូល​មក​ប្រទេស​កម្ពុជា។ 

លោក ណម តុង ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន TH CVS បាន​មាន​ប្រសាសន៍​ថា CIRCLE K ជា​ម៉ាក​សញ្ញា​ល្បី​មួយ​លំដាប់​ពិភព​លោក ដែល​ពេល​នេះ​បាន​ពង្រីក​ខ្លួន​ជាង ១​ម៉ឺន​៥​ពាន់​ហាង​ហើយ នៅ​ជា​ច្រើន​ប្រទេស។ ដោយឡែក បច្ចុប្បន្ន ហាង CIRCLE K មាន ៣​សាខា​ហើយ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។

លោក​បញ្ជាក់​ថា ដើម្បី​បង្កើត​ហាង​លក់​រាយ CIRCLE K ដែល​មាន​ទំហំ​ខ្នាត​តូច​ប្រហាក់​ប្រហែល​នឹង​ហាង​លោក​កំពុង​បើក​ដំណើរការ​បច្ចុប្បន្ន យ៉ាងហោច​ណាស់​ត្រូវ​ចំណាយ​ទុន​ប្រមាណ ១០​ម៉ឺន​ដុល្លារ។

លោក ណម តុង បាន​លើក​ឡើង​ពី​លក្ខណៈ​ពិសេស​របស់​ហាង CIRCLE K នេះ​ថា ជា​ហាង​លក់​ទំនិញ​រាយ​សម្រាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ដូចជា សម្ភារៈ​ប្រើប្រាស់​និង​ចំណី​អាហារ​ជាដើម អ្វី​ដែល​ពិសេស គឺ​ទំនិញ​មាន​គុណភាព​សុទ្ធ​ល្អ ដែល​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើ​ប្រាស់។

ក្នុងរយៈពេល១០ ឆ្នាំខាងមុខ ម្ចាស់អាជីវកម្មដែលបានយកម៉ាកសញ្ញា CIRCLE K មកកម្ពុជាបញ្ជាក់ថា នឹងបើកហាងលក់ទំនិញខ្នាតតូចនេះ ឲ្យបាន ៣០០ ហាង ដោយនឹងប្រើទុនវិនិយោគជាង ២០លានដុល្លារ។ ទន្ទឹងនឹងនេះ ត្រឹមតែ១ឆ្នាំ២០១៨ នេះប៉ុណ្ណោះ លោក ណម តុង អះអាងថា នឹងពង្រីកហាងលក់រាយនេះ បន្ថែមឲ្យបានរហូតដល់៤០ហាងផងដែរ។

នៅ​ក្នុង​ឱកាស​សម្ពោធ​បើក​ហាង​ទំនិញ CIRCLE K សាខា​ទី​៣ កាល​ពី​ពេល​ថ្មីៗ​នេះ​ដែរ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម បាន​គូស​បញ្ជាក់​ថា ផ្តើម​ចេញ​ពី​ការ​បើក​ឲ្យ​ដំណើរការ​ហាង​លក់​រាយ​ដែល​មាន​ម៉ាក​សញ្ញា​មក​ពី​អាមេរិក​មួយ​នេះ សង្ឃឹម​ថា ហាង​ទំនិញ​ដែល​មាន​ម៉ាក​ល្បីៗ​នឹង​បង្ហាញ​វត្តមាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​នៅ​កម្ពុជា ខណៈ​ដែល​កម្ពុជា​គឺ​ជា​ទីផ្សារ​សម្រាប់​ផលិតផល​ល្បីៗ ដែល​កំពុង​ពេញ​និយម។

បើ​តាម​ឯកឧត្តម កឹម ស៊ីថន ក្នុង​ឆ្នាំ​២០១៧ កន្លង​មក​នេះ មាន​ម៉ាក​ល្បីៗ​ចំនួន​ប្រមាណ ៩៩​ម៉ាក​សញ្ញា​ហើយ ដែល​បាន​ប្រគល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ក្នុង​ស្រុក​ធ្វើការ​គ្រប់គ្រង និង​បែងចែក​លក់​បន្ត​ក្នុង​នាម​តំណាង​ម្ចាស់​ម៉ាក។

ការចូល​មក​ដល់​របស់ CIRCLE K ក៏​បាន​ធ្វើ​ឲ្យ​យើង​នឹក​ឃើញ​ដល់ យីហោ 7-Eleven ដែល​ជា​ម៉ាត Franchise ដ៏​ល្បី ធ្លាប់​បាន​ប្រកាស​ថា ខ្លួន​នឹង​ចូល​មក​កម្ពុជា​នៅ​ឆ្នាំ​២០១៥ ប៉ុន្ដែ រហូត​មក​ទល់​ពេល​នេះ គេ​មិន​ទាន់​ឃើញ​ហាង​លក់​រាយ​ខ្នាត​អន្តរជាតិ​មួយ​នេះ បង្ហាញ​វត្តមាន​របស់​ខ្លួន​នៅ​ឡើយ ខណៈ​ដែល​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៥ កន្លង​ទៅ យីហោ​លំដាប់​ខ្ពស់​មួយ​នេះ បាន​សម្រេច​ចូល​ក្នុង​ទីផ្សារ​ប្រទេស​វៀតណាម និង បាន​និង​កំពុង​ពង្រីក​ខ្លួន​ដូច​ផ្សិត​ត្រូវ​សន្សើម​ត្រជាក់​នៅ​ប្រទេស​ថៃ ផង​ដែរ។ 

យោង​តាម​របាយការណ៍​ក្រសួង​ពាណិជ្ជកម្ម ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​អាមេរិក​ក្នុង​រយៈពេល​១១ខែ​ឆ្នាំ​២០១៧ មាន​សរុប​ជាង ៣​ពាន់​លាន​ដុល្លារ ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ទៅ​អាមេរិក ២​ពាន់​៨០០​លាន ខណៈ​ការ​នាំចូល​មាន​ជាង ៣៦០​លាន​ដុល្លារ៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្ទះតម្លៃសមរម្យរបស់ក្រុមហ៊ុន WorldBridge បញ្ចុះតម្លៃប្រាក់កក់មកត្រឹម៥%

ព័ត៌មាន
ក្រុមហ៊ុន World Bridge ដែលជាម្ចាស់គម្រោងផ្ទះតម្លៃសមរម្យ បានប្រកាសថា ក្រុមហ៊ុនតម្រូវឲ្យអតិថិជនបង់ប្រាក់កក់ត្រឹមតែ៥ភាគរយប៉ុណ្ណោះ ដើម្បីបន្ធ...

សណ្ឋាគារប្រណីតផ្កាយ៥នៅកោះរុងរបស់ឧកញ៉ា គិត ម៉េង បើកដំណើរការសាកល្បង

ព័ត៌មាន
សណ្ឋាគារប្រណីតលំដាប់ផ្កាយ៥នៅកោះរ៉ុងរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានបើកដំណើរការសាកល្បង។ នេះបើតាម លោក មួន រ៉ា...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ