Advertisement
ឃ្លាំ​មើល​ពាណិជ្ជកម្ម​អាមេរិក-ចិន

អាមេរិក​​គំរាម​​បង្កើន​ពន្ធ​១០%​បន្ថែម​ទៀត​លើ​ទំនិញ​ចិន​​តម្លៃ​២០០ពាន់​លាន​ដុល្លារ​


ប្រធានាធិបតី​អាមេរិក​ លោក ដូណាល់ ត្រាំ នៅថ្ងៃទី១៨ មិថុនា ២០១៨​នេះ បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ពាណិជ្ជ​កម្ម​អាមេរិក ពិនិត្យ​មើល​ទំនិញ​ចិន​ក្នុង​តម្លៃ​សរុប​ជា​ទឹកប្រាក់​ដល់ទៅ​២០០​ពាន់​លាន​ដុល្លារ ដើម្បី​​យក​ពន្ធ​នាំ​​ចូល​ ១០% បន្ថែម​ទៀត ខណៈ​ដែល​ភាពតានតឹង​​ហាក់​កំពុង​កើន​កម្ដៅ​នៅ​ក្នុង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ពិភព​លោក​ទាំងពីរ​នេះ។
ទង់ជាតិ​មហាអំណាច​ពិភព​លោកសហរដ្ឋ​អាមេរិក-​ចិន។
ដោយ
Advertisement

ការប្រកាស​របស់​ប្រធានាធិបតី​អាមេរិក​នេះ ធ្វើ​ឡើង​នៅ​មិន​ដល់​មួយ​សប្ដាហ៍​ផង បន្ទាប់ពី​អាមេរិក​ប្រកាស​ដក​ហូត​ពន្ធ​លើ​ទំនិញ​នាំ​ចូល​ពីចិន​ក្នុង​តម្លៃ​គិត​ជា​ទឹក​ប្រាក់ ៥០ពាន់​លាន​ដុល្លារ ប៉ុន្តែ ត្រូវ​បាន​ចិន​ឆ្លើយតប​ដោយ​ការប្រកាស​ដំឡើង​ពន្ធ​ដូច​គ្នា​ទៅ​លើ​ទំនិញ​នាំ​ចូល​ពី​សហរដ្ឋ​អាមេរិក ក្នុង​ទឹក​ប្រាក់​ទំនិញ​នាំ​ចូល​ ៥០ពាន់​លាន​ដុល្លារស្មើ​គ្នា។ 

រដ្ឋការ​ក្រុង​វ៉ាស៊ិនតោន​អះអាងថា វិធានការ​ពន្ធ​នេះ​ គឺ​ធ្វើ​ឡើង​ដើម្បីជំរុញ​ឲ្យ​ចិន​ផ្លាស់ប្ដូរ​ការអនុវត្ត​ពាណិជ្ជកម្ម​មិន​ស្មើ​ភាពគ្នា​ជាមួយអាមេរិក ទាក់ទង​នឹង​វិស័យ​បច្ចេកវិទ្យា​និង​នវានុវត្តភាព។ 

គួរ​បញ្ជាក់ថា សហរដ្ឋ​អាមេរិក​ ថ្មីៗនេះ បាន​ចាត់វិធានការ​ពាណិជ្ជកម្ម​មួយ​ចំនួន​ប្រឆាំងចិន បន្ទាប់ពី​អាមេរិក​យល់​ឃើញថា អាមេរិក​ខាតបង់​ប្រយោជន៍​ធ្ងន់ធ្ងរ​ពី​អតុល្យភាព​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន ដែល​អតុល្យភាព​ជញ្ជីង​ពាណិជ្ជកម្ម​នេះ​មានតម្លៃ​ជា​ទឹកប្រាក់​ដល់ទៅ ៣៧៦​ពាន់​លានដុល្លារអាមេរិកឯណោះ។

បើ​តាម​ប្រកាស​ព័ត៌មាន​ពី​សេតវិមាន​ចុះ​ថ្ងៃ​ទី​១៨ មិថុនា ២០១៨ បន្ទាប់ពី​ឆ្លងកាត់​នីតិវិធី​ច្បាប់​រួចរាល់ អត្រា​ពន្ធ​ទាំងនេះ​នឹង​ចូល​ជា​ធរមាន ប្រសិន​បើ​ចិន​នៅ​តែ​មិនព្រម​ផ្លាស់ប្ដូរ​ការអនុវត្ត​ពាណិជ្ជកម្មរបស់​ខ្លួន និង​នៅតែ​ឆ្លើយតប​ជាមួយ​នឹង​វិធានការ​ពន្ធ​គយ​ថ្មី​លើ​ទំនិញ​អាមេរិក​​ជា​ការ​សងសឹក​វិញ​នោះ។

នៅ​ក្នុង​ប្រកាស​ព័ត៌មានដដែល ប្រធានាធិបតី​អាមេរិក លោក​ ដូណាល់ ត្រាំ ថ្លែងថា ប្រសិន​បើ​ចិន​នៅ​តែ​មិន​ព្រម​ផ្លាស់ប្ដូរ​ឥរិយាបថ​ពាណិជ្ជកម្ម​របស់​ខ្លួន អាមេរិក​នឹង​ពិចារណា​វិធានការ​ពន្ធ​គយ​បន្ថែម​ទៅ​លើ​ទំនិញ​ចិន​ក្នុង​តម្លៃ​ ២០០ពាន់​លាន​បន្ថែម​ទៀត លើ​វិធានការ​បច្ចុប្បន្ន។ 

លោកប្រធានាធិបតី​អាមេរិក បន្តថា ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក និង​ចិន ត្រូវតែ​មានសមភាព​ច្រើន​ជាង​នេះ​ថែមទៀត។ 

លោក ត្រាំ ថា លោក​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជិនពីង និង​ថា លោក​នឹង​​ធ្វើការជាមួយ​ប្រធានាធិបតី​ចិន​ជា​បន្ត​ទៀត នៅ​លើ​បញ្ហា​ជាច្រើន ប៉ុន្តែ លោកត្រាំ សង្កត់​ធ្ងន់ថា ពីពេល​នេះ​តទៅ គ្មាន​ប្រទេស​ណា​មួយ​នៅ​លើ​ពិភព​លោក រួម​ទាំង​ចិន អាច​កេង​ចំណេញ​លើ​អាមេរិក​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​បាន​ទៀត​ឡើយ៕




អត្ថបទបន្ទាប់


ក្រសួងការងារ៖ ការងារ ១០ប្រភេទ ដែលថៅកែពិបាករកបុគ្គលិកខ្លាំងបំផុត

ព័ត៌មាន
កំណើនប្រជាពលរដ្ឋគ្រប់អាយុចូលធ្វើការ បានកើនឡើងរាប់សែននាក់ ក្នុងមួយឆ្នាំៗ ប៉ុន្ដែ តាមលទ្ធផលនៃការអង្កេតថ្មីចុងក្រោយមួយ របស់ក្រសួងការងារ ន...

សម្ដេច ហ៊ុន សែន ប្រកាសចេញគោលការណ៍បន្ទាន់ ជុំវិញរឿងប្រេងឡើងថ្លៃ

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងកាលពីព្រឹកមិញនេះថា នៅថ្ងៃ ទី២៨ ខែមិថុនានេះ រាជរដ្ឋាភិបាល នឹងប្រកាសចេញនូវគោលក...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ