តម្លៃ​ទឹក និង​ផ្សារ​ហ៊ុន

ការ​កើន​ឡើង​កម្ដៅ«តម្លៃ​ទឹក»​ធ្វើ​ឲ្យ​រង្គោះ​រង្គើ​ផ្សារ​ភាគ​ហ៊ុន​កម្ពុជា​យ៉ាង​ណា​ខ្លះ?


អ្នក​ជំនាញ​នៅ​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​បាន​អះអាង​ថា ការ​ប្រែប្រួល​និង​ការ​កើន​ឡើង​កម្ដៅ​នៃ​តម្លៃ​ទឹកស្អាត​របស់​អង្គភាព​ស្វយ័ត​របស់​រដ្ឋ គឺ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​មួយ​រយៈ​ពេល​ខ្លី​កន្លង​ទៅ​ថ្មីៗ​នេះ មិន​បាន​ធ្វើ​ឲ្យ​តម្លៃ​ភាគហ៊ុន​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​នៅ​លើ​ទីផ្សារ​មូលបត្រ​កម្ពុជា មាន​ការ​រង្គោះ​រង្គើ​ធ្លាក់​ថ្លៃ​ ឬ​ប្រែប្រួល​ខ្លាំង​នោះ​ទេ។
រូបភាព​ឯកសារ​នៃ​អេក្រង់​បង្ហាញ​ពីទិន្នន័យ​ហាងឆេង របស់​ផ្សារ​ហ៊ុន​កម្ពុជា។
ដោយ

ហើយ​ក៏​មិន​បាន​ធ្វើ​ឲ្យ​វិនិយោគិន​ដែល​បាន​វិនិយោគ​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា ព្រួយ​បារម្ភ​ខ្លាំង​ដែរ ពោល​គឺ​តម្លៃ​ភាគហ៊ុន​របស់​រដ្ឋាករ​ទឹក មាន​តម្លៃ ៣៨៨០​រៀល​ក្នុង​មួយ​ហ៊ុន នៅ​ថ្ងៃ​ទី​៣០ សីហា ឆ្នាំ​២០១៧  ពោល​គឺ​ធ្លាក់​ចុះ​១០០​រៀល ប្រៀប​នឹង​ថ្ងៃ​ទី​២៩ សីហា ឆ្នាំ​២០១៧។

លោក ល្មុន សូឡី អនុប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ នៅ​ផ្សារ​មូលបត្រ​កម្ពុជា បាន​អះអាង​ថា ការ​កែប្រែ​តម្លៃ​ទឹក​រយៈពេល​៣​ខែ​ចុង​ក្រោយ​នេះ វា​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ជួញ​ដូរ​របស់​វិនិយោគិន​នៅ​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា​នោះ​ទេ ខណៈ​ដែល​ប្រាក់​ចំណូល​របស់​រដ្ឋាករ​ទឹក​មួយ​នេះ ក៏​មិន​ប្រែប្រួល​ខ្លាំង​នោះ​ដែរ។

លោក​បាន​បញ្ជាក់​ថា សម្រាប់​វិនិយោគិន​ដែល​បាន​គិតគូរ​វែង​ឆ្ងាយ និង​ដឹង​ពី​បេសកកម្ម​របស់​ក្រុមហ៊ុន​របស់​រដ្ឋ​មួយ​នេះ គឺ​មិន​មាន​ការ​ព្រួយ​បារម្ភ​ទេ។ លោក​បញ្ជាក់​ថា ចំពោះ​វិនិយោគិន​ដែល​មិន​បាន​គិតគូរ​វែង​ឆ្ងាយ​សម្រាប់​ពីទស្សន​វិស័យ​ក្រុមហ៊ុន អាច​នឹង​មាន​ការ​ប៉ះពាល់​សតិ​អារម្មណ៍​បន្តិច​បន្តួច​ផង​ដែរ ចំពោះ​ការ​កែប្រែ​តម្លៃ​នេះ។

របាយការណ៍​ពី​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៦​ខែ​ដើម​ឆ្នាំ​២០១៧​នេះ រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ទទួល​បាន​ចំណូល​សរុប​ប្រមាណ ២៨,៨​លាន​ដុល្លារ​អាមេរិក កើន​ឡើង​១៥% ធៀបនឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ ដោយ​ឡែក​ប្រាក់​ចំណេញ សរុប​មាន​ប្រមាណ ៣,៦​លាន​ដុល្លារ​អាមេរិក។

សម្រាប់​ត្រីមាស​ទី​បី​ឆ្នាំ​២០១៧​នេះ រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ រំពឹង​ថា នឹង​ទទួល​បាន​ប្រាក់​ចំណេញ​ពិត​ប្រមាណ ២,៩​លាន​ដុល្លារ។ នេះ​បើ​យោង​តាម​វេបសាយ​របស់​រដ្ឋាករ​ទឹក​ដែល​បាន​ចេញ​ផ្សាយ​ថ្មីៗ​នេះ៕

តម្លៃ​ទឹក​ធ្លាក់ចុះ

តម្លៃ​ទឹក​ស្អាត​នឹង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ៧០០ ទៅ ៨០០​រៀល​ក្នុង​១​ម៉ែត្រ​គូប​ចាប់​ពី​ថ្ងៃ​ទី១ កញ្ញា ត​ទៅ។

កាល​ពី​ពាក់​កណ្តាល​ខែ​ឧសភា ឆ្នាំ​នេះ រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​បាន​កែប្រែ​ថ្លៃ​លក់​ទឹក​ស្អាត​សម្រាប់​ការ​ផ្គត់ផ្គង់​របស់​ខ្លួន នៅ​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។ 

សូម​បញ្ជាក់​ដែរ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រែប្រួល​តម្លៃ​ទឹក​ស្អាត​នេះ​ដែរ ត្រូវ​បាន​ប្រមុខ​រាជ​រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​បញ្ចុះ​តម្លៃ និង​សង​ប្រាក់​ត្រលប់​ទៅ​ឲ្យ​អតិថិជន​វិញ បន្ទាប់​ពី​មាន​ការ​តវ៉ា​ពី​សំណាក់​ប្រជាពលរដ្ឋ​ជា​ច្រើន ការ​បង់​ថ្លៃ​ទឹក​ស្អាត​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ចេញ​នៅ​តម្លៃ​ថ្មី កាល​ពី​ខែ​ឧសភា កន្លង​ទៅ មាន​តម្លៃ​ថ្លៃ​គុណ​នឹង​ពីរ។ 

រហូត​មក​ដល់​ដើម​សប្តាហ៍​នេះ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បាន​សម្រេច​ឲ្យ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ធ្វើការ​ជាមួយ​រដ្ឋាករ​ទឹក​ដើម្បី​វិល​ត្រឡប់​ទៅ​អនុវត្ត​រូបមន្ត​ដើម​វិញ និង​ត្រូវ​សង​ប្រាក់​ទៅ​ប្រជាជន​វិញ​នូវ​ទឹក​ប្រាក់​ដែល​បាន​យក​លើស​ពី​ប្រជាជន​តាម​របៀប​ថ្មី ដោយ​សម្តេច​តេជោ ហ៊ុន សែន បាន​​អះអាង​​ថា ការ​​គណនា​​របៀប​​ទូទាត់​​តម្លៃ​ថ្មី​នេះ​អនុវត្ត​ផ្ទុយ​នយោបាយ​អនុគ្រោះ​សម្រាប់​​ប្រជាជន​ក្រីក្រ។ 

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា​ដដែល រដ្ឋាករ​ទឹក​ស្វយ័ត​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ថា រដ្ឋាករ​ទឹក​នឹង​ធ្វើការ​គណនា​តម្លៃ​តាម​រូបមន្ត​ចាស់ និង​ធ្វើការ​ទូទាត់​សង​ប្រាក់​លម្អៀង​នា​ពេល​កន្លង​មក​ចាប់​ពី​ថ្ងៃ​ទី​៤ កញ្ញា​ទៅ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក សយ សុភាព ចង់​ស្វែងរក​ដំណោះស្រាយ​​បញ្ជៀស​ការ​បិទ​កាសែត​ខេមបូឌាដេលី

ព័ត៌មាន
ខណៈ​ដែល​កាសែត ខេមបូឌាដេលី អាច​នឹង​បើក​ប្រាក់​ខែ​ជា​លើក​ចុង​ក្រោយ​សម្រាប់​បុគ្គលិក​របស់​ខ្លួន​សម្រាប់​ខែ​សីហា​នេះ​​​ លោក សយ សុភាព ប…

រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​ឲ្យ​ពលរដ្ឋ​រាយការណ៍​ បើ​សង្ស័យ​ម្ចាស់​ស្ថានីយ​ណា​កេង​បន្លំ​ប្រេង​ឥន្ធនៈ

ព័ត៌មាន
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ រាយការណ៍​មក​ក្រសួង​ពាណិជ្ជកម្ម ប្រសិន​បើ​សង្ស័យ​ថា ម្ចាស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ