វៀតណាមកាន់កាប់ចំណែកដ៏ធំមួយនៃទីផ្សារហ្គេមកុំព្យូទ័រ

ឧស្សាហកម្មហេ្គមពិភពលោកមានតម្លៃទីផ្សារដល់ទៅជាង ១៨៤ពាន់លានដុល្លារនៅឆ្នាំ២០២២


នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ វៀតណាមកាន់កាប់ចំណែកដ៏ធំមួយនៃទីផ្សារហ្គេមកុំព្យូធឺ ដោយមានអ្នកលេងរហូតដល់ទៅ ៥៤,៦ លាននាក់ ជាមួយនឹងទឹកប្រាក់រហូតដល់ទៅ ៥០៧ លានដុល្លារ។ ទោះបីជាដើរក្រោយថៃ បើគិតពីប្រាក់ចំណូលក៏ដោយ ក៏មន្ត្រីវៀតណាមបានអះអាងថា ក្រុមហ៊ុនផលិតហ្គេមវៀតណាមកំពុងពង្រីកវិសាលភាពរបស់ពួកគេលើសពីទីផ្សារក្នុងស្រុក ហើយបានចាប់ផ្តើមបោះជំហានចូលទីផ្សារអន្តរជាតិ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន វៀតណាមញូស៍។
វៀតណាមកាន់កាប់ចំណែកដ៏ធំមួយនៃទីផ្សារហ្គេមកុំព្យូធឺ

ញូស៊ូ (Newzoo) ដែលគេដឹងថាជាក្រុមហ៊ុនគ្រប់គ្រងទិន្នន័យទីផ្សារហ្គេមនៅលើពិភពលោក បានបង្ហាញថា គិតត្រឹមខែធ្នូ ឆ្នាំ២០២២ កន្លងទៅ ឧស្សាហកម្មហ្គេមនៅលើសកលមានតម្លៃសរុបរហូតដល់ទៅ ១៨៤,៤ ពាន់លានដុល្លារ ហើយគេដឹងទៀតថា ពាក់កណ្តាលនៃអ្នកលេង គឺតាមទូរស័ព្ទដៃ ។

ពាក់ព័ន្ធនឹងស្ថិតិនេះ សារព័ត៌មានវៀតណាម ញូស៍ (Vietnam News) បានរាយការណ៍ថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ វៀតណាមកាន់កាប់ចំណែកដ៏ធំមួយ ដោយមាន អ្នកលេងរហូតដល់ទៅ ៥៤,៦ លាននាក់ ជាមួយនឹងទឹកប្រាក់រហូតដល់ទៅ ៥០៧ លានដុល្លារ។

ប្រភពដដែលបានអះអាងថា តួលេខនេះត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ១ ពាន់លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំខាងមុខ សម្រាប់ឲ្យអ្នកបង្កើតហ្គេមប្រហែល ១៥០ ក្រុមហ៊ុន និងក្រុមហ៊ុនហ្គេមថ្មីៗប្រមាណជា ៤០០ ក្រុមហ៊ុនផ្សេងទៀត ចែកគ្នាចាយ ។

លោក ឡេ កាង ផឹកដឺ ( Lê Quang Tự Do ) នាយកអាជ្ញាធរផ្សព្វផ្សាយ និងព័ត៌មានអេឡិចត្រូនិកនៃក្រសួងព័ត៌មាន និងទំនាក់ទំនងវៀតណាម បាននិយាយថា ក្រុមហ៊ុនផលិតហ្គេមវៀតណាមកំពុងពង្រីកវិសាលភាពរបស់ពួកគេលើសពីទីផ្សារក្នុងស្រុក ហើយបានចាប់ផ្តើមបោះជំហានចូលទីផ្សារអន្តរជាតិ។

ប៉ុន្តែ ទោះបីជាមានកំណើនឆាប់រហ័សបែបនេះក្ដី ប្រទេសវៀតណាមនៅតែដើរក្រោយប្រទេសថៃថៃ ដែលរកចំណូលបានពីមុខរបរថ្មីនេះបានដល់ទៅជាង ៧៦០ លានដុល្លារ ពីអ្នកលេងចំនួនតែ៣៨,៣ លាននាក់។

លោក ផឹកដឺ បានកត់សម្គាល់ឃើញថា ភាពជោគជ័យរបស់ក្រុមហ៊ុនហ្គេមវៀតណាមកើតចេញពីកម្លាំងពលកម្មដែលពោរពេញដោយអ្នកសរសេរកម្មវិធីប្រកបដោយទេពកោសល្យ និងឧស្សាហ៍ព្យាយាម។ ពួកគេអាចបង្កើតហ្គេមមួយដោយមិនចាំបាច់មានជំនួយពីអ្នកដទៃ ហើយភាពបត់បែននោះអនុញ្ញាតឱ្យអ្នកផលិតហ្គេម អាចនឹងច្នៃប្រឌិត ក៏ដូចជាស្រាវជ្រាវ កាន់តែមានប្រសិទ្ធភាព។

លោកបានបញ្ជាក់ថា “ឧស្សាហកម្មហ្គេមជោគជ័យខ្លាំង នៅក្នុងប្រទេសវៀតណាម ហើយភាគច្រើននៃអ្នកបង្កើតហ្គេម គឺមានតែមនុស្សពី ២ ទៅ ៣ នាក់ ប៉ុណ្ណោះ” ។

លោក ថៃ ថាញ់ ឡេម (Thái Thanh Liêm) នាយកប្រតិបត្តិក្រុមហ៊ុន ថូបបក់ស៍ (Topebox) បានកត់សម្គាល់ថា ស្ទូឌីយ៉ូហ្គេមវៀតណាមភាគច្រើនកំពុងទាញយកសក្តានុពលដ៏សម្បូរបែបនៃការរចនាហ្គេមបែបសមញ្ញៗ ហើយរបៀបលេងរបស់វាក៏ងាយស្រួល ។

ដោយឡែក លោក ឃ្វៀន ង៉ុក បាវ (Nguyễn Ngọc Bảo) នាយកគ្រប់គ្រងក្រុមហ៊ុន វីធីស៊ី (VTC) បានអះអាង ថា ការកើនឡើងប្រជាប្រិយភាពនៃការលេងហ្គេមអនឡាញបានជំរុញឱ្យមានការលេចឡើងនៃកីឡាមួយថ្មីដែលគេហៅថា អ៊ីស្ព៉ត (eSport) ដែលកំពុងកើនឡើង ប្រមាណជា ៨,១ ភាគរយជារៀងរាល់ឆ្នាំ។

លោកបានបន្តថា នៅឆ្នាំ ២០២៥ខាងមុខ អ្នកនិយមលេង eSport ទូទាំងពិភពលោកអាចឈានដល់ ៦៤០ លាននាក់។ លោក បានបញ្ជាក់ថា ពួកគេគឺជាអណ្តូងរ៉ែមាសសម្រាប់អ្នកផលិតហ្គេម៕

អត្ថបទ ៖ សរ សុជាតិ




អត្ថបទបន្ទាប់


ចិនបង្ហាញជំហររង់ចាំមើលសិន ទាក់ទងនឹងការបញ្ជាទិញយន្តហោះធំៗ ពីក្រុមហ៊ុន អ៊ែប៊ឹស

ព័ត៌មាន
ប្រទេសចិន និងប្រទេសបារាំង នឹងសិក្សាអំពីតម្រូវការយន្តហោះដឹកទំនិញ និងយន្តហោះដឹកអ្នកដំណើរផ្លូវឆ្ងាយ "ក្នុងកាលដ៏សមស្រប"។ ការណ៍នេះឆ្លុះបញ្ចាំង…

តើអាមេរិកកំពុងតែឈឺក្បាលប៉ុនណានៅពេលដែល OPEC+ កាត់បន្ថយផលិតកម្មប្រេងដ៏គួរឲ្យភ្ញាក់ផ្អើល?

ព័ត៌មាន
ការប្រកាសកាត់បន្ថយផលិតកម្មប្រេងដ៏គួរឱ្យភ្ញាក់ផ្អើលនៅសប្តាហ៍មុនដោយសមាគមប្រទេសនាំប្រេងចេញនិងសម្ព័ន្ធមិត្ត ដែលគេហៅថាអូប៉ិចបូក (OPEC+) កំពុងធ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ