
សហគ្រិនខ្មែរ បានសម្រាំង និងជ្រើសរើសបានធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមចំនួន ៣៨ សម្រាប់កម្មវិធី កញ្ចប់ជំនួយសហគ្រិនខ្មែរ ដែលមានគោលបំណងផ្តល់ថវិកាជូនសហគ្រាសធុនតូច និងមធ្យម ដើម្បីគាំទ្រការស្តារ អាជីវកម្ម និងការរក្សាលំនឹងក្នុងការចាប់យកឱកាសថ្មីដើម្បីពង្រីកអាជីវកម្មទៅតាមវិស័យរៀងៗខ្លួន។

ឯកឧត្ដម ហែម វណ្ណឌី បានមានប្រសាសន៍ថា៖ “សហគ្រិនខ្មែរ ដែលជាបរធនបាលរបស់រាជរដ្ឋាភិបាលបានកសាង សមិទ្ធផលជោគជ័យមួយចំនួន ហើយនឹងបន្តបេសកកម្មរបស់ខ្លួនដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពបន្ថែម ទៀតដោយផ្តោតជាពិសេសលើការថែបំប៉នសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មី។ តាមរយៈវិធីសាស្រ្តដ៏ ទូលំទូលាយដែលរួមមានទាំងការផ្តល់ជំនួយបច្ចេកទេស និងយន្តការហិរញ្ញប្បទានដ៏រឹងមាំ សហគ្រិនខ្មែរមានបំណង ផ្តល់ភាពអង់អាចដល់ សហគ្រាសទាំងនេះដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងក្នុងតំបន់និងពិភពលោក របស់ពួកគេ និងរួមចំណែកដល់ការបង្កើតការងារ និងកំណើនសេដ្ឋកិច្ចនៅកម្ពុជា។”

ចាប់តាំងពីឆ្នាំ២០២០មក សហគ្រិនខ្មែរ បាននឹងកំពុងអនុវត្ដកម្មវិធីជាច្រើន ដើម្បីផ្តល់ជំនួយហិរញ្ញប្បទានដោយ ផ្ទាល់ដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមរាប់រយមកពីបណ្ដាខេត្ដ-ក្រុងទូទាំងប្រទេសកម្ពុជា។ ការគាំទ្រ របស់សហគ្រិនខ្មែរដល់សហគ្រាសក្នុងស្រុកដូចជា ការបណ្តុះពន្លកសហគ្រិនកម្រិតវិទ្យាល័យដើម្បីចាក់ឫសវប្បធម៌ សហគ្រិនភាព ការផ្តល់វគ្គបណ្តុះបណ្តាលទៅកាន់ធុរកិច្ចបង្កើតថ្មី ការបង្កើតវេទិកាប្រកួតប្រជែងគំរូអាជីវកម្ម ការភ្ជាប់ ទំនាក់ទំនងសហគ្រិនជាមួយវិនិយោគិន និងការផ្តល់ហិរញ្ញប្បទានតាមរយៈកម្មវិធីនានា។
ថ្លែងក្នុងកម្មវិធីប្រគល់កញ្ចប់ជំនួយហិរញ្ញប្បទាននេះ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរបានលើកឡើងថា៖ “តបតាមការណែនាំរបស់ក្រុមប្រឹក្សាបរធនបាល សហគ្រិនខ្មែរនឹងបន្តការគាំទ្ររបស់ខ្លួនតាមរយៈការបង្កើតនូវកម្មវិធីដែលមានអត្ថប្រយោជន៍បន្ថែមទៀត ដែលហៅថា កញ្ចប់ជំនួយសហគ្រិនខ្មែរ ++ ដល់សហគ្រិនដែលធ្លាប់បានឆ្លងកាត់ និងទទួលភាពជោគជ័យជាមួយសហគ្រិនខ្មែរ
កន្លងមក។ កិច្ចការនេះត្រូវបានធ្វើឡើងដើម្បីពង្រឹងសមត្ថភាពសហគ្រិននិងបង្កើនលទ្ធភាពឈរជើងនៅលើទីផ្សារបាន
ទូលំទូលាយព្រមទាំងបង្កើននូវប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្មរបស់ពួកគាត់។”

សម្រាប់សហគ្រិនដែលមានបំណងចូលរួមក្នុងកម្មវិធីខាងលើ សូមចុះឈ្មោះបង្ហាញចំណាប់អារម្មណ៍តាមតំណភ្ជាប់ ខាងក្រោម៖ កញ្ចប់ជំនួយសហគ្រិនខ្មែរ ++
អំពីសហគ្រិនខ្មែរ
សហគ្រិនខ្មែរដែលជាស្ថាប័នរាជរដ្ឋាភិបាលដែលមានគោលបំណងកៀរគរវិនិយោគ និងគ្រប់គ្រងធនធានដើម្បីគាំទ្រ ដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនដ៏រស់រវើកនៅកម្ពុជា ដោយជំរុញសកម្មភាពសហគ្រិនទៅដល់ការច្នៃប្រឌិត និងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ សហគ្រិនខ្មែរមានចក្ខុវិស័យក្លាយជាវេទិកាថ្នាលជាតិសម្រាប់ការ លើកកម្ពស់សកម្មភាពសហគ្រិន ក្នុងវិស័យអាទិភាពចំនួនបួន៖ វិស័យបច្ចេកវិទ្យាផ្តោតលើបច្ចេកវិទ្យាក្នុងធុរកិច្ចថ្មី វិស័យសេវាកម្មផ្តោតលើផ្នែកបដិសណ្ឋារកិច្ច និងផ្នែកដឹកជញ្ជូនវិស័យកសិកម្មផ្តោតលើផលិតផលកែច្នៃសម្រាប់ការ ប្រើប្រាស់ក្នុងស្រុកនិងការនាំចេញ និងវិស័យកម្មន្តសាលផ្តោតសំខាន់ទៅលើផលិតកម្មជំនួសការនាំចូល និងបណ្តុំ ឧស្សាហកម្មសហគ្រាសធុនតូច និងមធ្យម។




