
កម្ពុជាមានវិស័យសំខាន់ៗចំនួន ៤ ដែលកំពុងតែរុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យក្លាយជា«កូនខ្លាសេដ្ឋកិច្ច»នៅក្នុងតំបន់អាស៊ាន។ វិស័យសំខាន់ៗដែលជាឆ្អឹងកងសេដ្ឋកិច្ចទាំងបូននោះមានដូចជា៖
- វិស័យទេសចរណ៍
- វិស័យកសិកម្ម
- ឧស្សាហកម្ម
- វិស័យសំណង់និង អចលនទ្រព្យ
ក្រៅពីវិស័យទាំង៤ខាងលើ ក៏នៅមានផងដែរនូវធាតុផ្សំសំខាន់ៗផ្សេងទៀត ដែលធ្វើឲ្យកម្ពុជារឹងមាំក្នុងការឈានទៅរកកំណើនសេដ្ឋកិច្ចខ្លាំងក្លានៅក្នុងតំបន់។

អគារភ្លោះ The Bridge ស្ថិតនៅកណ្ដាលរាជធានីភ្នំពេញ។ សំណង់និងអចលនទ្រព្យ គឺជាវិស័យមួយដែលរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាលូតលាស់លឿន។
ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា កម្ពុជាអាចនឹងក្លាយជាកូនខ្លាសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ាន។ ការអះអាងយ៉ាងដូច្នេះ ដោយសារតែក្រុមអ្នកជំនាញទាំងនោះមើលឃើញថា កម្ពុជាមានកំណែទម្រង់ រឹតបន្តឹងលើប្រព័ន្ធច្បាប់ ការអភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានអាជីវកម្មមានភាពល្អប្រសើរ ជាពិសេស គឺកំណើនសេដ្ឋកិច្ចនៅកម្ពុជាមានការកើនឡើងជារៀងរាល់ឆ្នាំក្នុងរង្វង់ ៧%។
ការកំណត់ភាពរីកចម្រើននៃកំណើនសេដ្ឋកិច្ចនេះគឺផ្អែកលើកត្តាសំខាន់ៗ ដូចជា ស្ថិរភាពនយោបាយនិងបរិស្ថានអាជីវកម្មមានលក្ខណៈប្រសើរជាងកាលពីឆ្នាំកន្លងមក ដែលធ្វើឲ្យវិនិយោគិនមានទំនុកចិត្ត។ ការផ្សព្វផ្សាយព័ត៌មានពីឱកាសវិនិយោគមានភាពទូលាយចំពោះវិនិយោគិនបរទេស និងសមាហរណកម្មសេដ្ឋកិច្ចអាស៊ានក៏ជាចំណុចសំខាន់ល្អមួយផងដែរសម្រាប់កម្ពុជា។
ជាពិសេសជាងនេះទៅទៀត វិនិយោគបរទេសកាន់តែមើលឃើញពីការបើកទូលាយសម្រាប់ការវិនិយោគ ដោយមាននីតិវិធីច្បាប់រឹងមាំជាងឆ្នាំមុនៗ និងមានការអភិវឌ្ឍធនធានមនុស្ស ដែលមានកម្លាំងស្នូលយុវជនវ័យក្មេងជាច្រើន ចំណុចទាំងអស់នេះហើយដែលធ្វើឲ្យវិនិយោគបរទេសកំពុងតែងាកមករកការបណ្តាក់ទុននៅប្រទេសកម្ពុជាជាច្រើន។
យ៉ាងណាក៏ដោយ បើទោះបីមានចំណុចវិជ្ជមានទាំងអស់នេះក្តី ក៏ក្រុមអ្នកជំនាញសេដ្ឋកិច្ចនៅតែសម្តែងក្តីបារម្ភខ្លះៗ ទៅលើកត្តាបរិស្ថានសេដ្ឋកិច្ចក្នុងតំបន់ កត្តានយោបាយ និងកត្តាបរិស្ថានសេដ្ឋកិច្ចពិភពលោក ផងដែរ៕
© 2021 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។