ទោះបីជានិន្នាការទីផ្សារស្រូវអង្ករហាក់កំពុងបង្ហាញនូវសញ្ញាអវិជ្ជមានក្ដី ប៉ុន្ដែ ទន្និផលស្រូវរបស់កម្ពុជានៅឆ្នាំ២០១៧-២០១៨ ត្រូវបានព្យាករថា នឹងអាចកើនឡើងដល់ជាង១០លានតោន គឺកើនប្រមាណ២%។
ជាមួយគ្នានេះដែរ បើងាកទៅមើលប្រទេសជិតខាងកម្ពុជាឯណោះវិញ ប្រទេសថៃត្រូវបានព្យាករថា មានកំណើនផលិតកម្មស្រូវខ្ពស់ជាងគេក្នុងតំបន់ គឺកើនប្រមាណ៥% នៅឆ្នាំ២០១៧-២០១៨ ខណៈដែលវៀតណាម និងមីយ៉ាន់ម៉ា ក៏មានកំណើនផលិតកម្មតិចតួចផងដែរ។
នេះគឺជាសញ្ញាណមួយបង្ហាញឲ្យឃើញពីការប្រកួតប្រជែងលើវិស័យស្រូវអង្ករ ដែលនឹងកាន់តែមានការស្វិតស្វាញជាងមុន។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាធ្លាក់ចុះនៃតម្លៃស្រូវនៅកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកកិច្ចប្រជុំពិភាក្សាជាមួយបណ្ដាស្ថាប័នរដ្ឋនិងឯកជនដែលពាក់ព័ន្ធជាច្រើន ដើម្បីស្វែងរកអន្តរាគមន៍ចំពោះបញ្ហាស្រូវអង្ករធ្លាក់ថ្លៃសម្រាប់រយៈពេលខ្លី។
ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើងថា កិច្ចពិភាក្សានេះគឺក្នុងគោលបំណងធ្វើយ៉ាងណាជួយសម្រួលដល់បញ្ហាទីផ្សាររបស់កសិករ ដើម្បីធានាបាននូវស្ថិរភាពតម្លៃ និងគុណភាពសម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ថ្លែងក្នុងកិច្ចពិភាក្សាលើយន្ដការអន្តរាគមន៍នេះ ឯកឧត្តម វង្សី វិស្សុត បានលើកឡើងពីបទអន្តរាគមន៍៥ចំណុច ដើម្បីជាការដោះស្រាយបញ្ហាធ្លាក់ចុះថ្លៃស្រូវអង្ករកម្ពុជា ក្នុងនោះរួមមាន៖
- ជំរុញឲ្យមានការវិនិយោគបន្ថែមលើឡសម្ងួតស្រូវ ដោយរាជរដ្ឋាភិបាលបានបង្កើនទុន១៥លានដុល្លារលើការសាងសង់ឃ្លាំងស្ដុកស្រូវ និងឡសម្ងួត នៅខេត្តចំនួនបីគឺខេត្តព្រៃវែង កំពង់ធំ និងតាកែវ។
- ផ្ដល់ហិរញ្ញប្បទានដល់អ្នកប្រមូលទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដោយពង្រីកកញ្ចប់ថវិកាសម្រាប់ឥណទានពិសេសរហូតដល់ ៥០លានដុល្លារសម្រាប់រដូវប្រមូលផលស្រូវនៅឆ្នាំ២០១៧-២០១៨។
- ជំរុញឲ្យមានមធ្យោបាយដឹកជញ្ជូនទិន្នផលស្រូវរបស់កសិករមកលក់នៅលើទីផ្សារឲ្យកាន់តែមានភាពងាយស្រួល និងចំណាយតិច ដោយបានស្នើឲ្យមានកិច្ចសហការជាមួយអាជ្ញាធរចុះជួយសម្របសម្រួលផងដែរ។
- សម្រួលច្រកព្រំដែនឲ្យមានការនាំចេញកាន់តែងាយស្រួល និងបញ្ឈប់ការយកលុយតាមផ្លូវក្រៅផ្លូវការ។
- ជំរុញឲ្យមានទីផ្សារនាំចេញទៅក្រៅប្រទេសកាន់តែច្រើនឡើង ស្របទៅតាមស្ដង់ដារគុណភាព និងការសម្រួលដល់ការរៀបចំនីតិវិធីដើម្បីនាំចេញជាដើម។
ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍បន្ថែមថា យន្តការរយៈពេលខ្លីដែលរាជរដ្ឋាភិបាលដាក់ចេញដើម្បីរក្សាស្ថិរភាពថ្លៃស្រូវអង្ករនាពេលនេះ មិនបានធ្វើឲ្យឃ្លាតចាកពីគោលការណ៍រយៈពេលវែងដែលមានស្រាប់ជាធរមានរបស់រដ្ឋាភិបាលឡើយ។
ឯកឧត្តមអះអាងថា នេះគឺជាការអន្តរាគមន៍ដោយផ្តោតសំខាន់ទៅលើហេដ្ឋារចនាសម្ព័ន្ធ មានឃ្លាំងនិងឡសម្ងួតជាដើម ប៉ុន្តែដើម្បីឲ្យសម្រេចបាននូវគោលដៅនេះតម្រូវឲ្យមានកិច្ចសហការល្អរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។
សូមបញ្ជាក់ដែរថា គិតមកត្រឹម៧ខែឆ្នាំ២០១៧ ការនាំចេញអង្កររបស់កម្ពុជាសម្រេចបានជាង ៣១ម៉ឺនតោន ខណៈដែលកាលពីពេលថ្មីៗនេះ ប្រទេសបង់ក្លាដេសក៏ទើបតែចុះហត្ថលេខាទិញអង្ករពីកម្ពុជាចំនួន១លានតោន ក្នុងរយៈពេល៥ឆ្នាំ និងប្រទេសចិនទើបតែបានបញ្ជាទិញប្រមាណ៣០ម៉ឺនតោនពីកម្ពុជាផងដែរ៕