ហេតុផលចម្បងៗចំនួន៦នៅពីក្រោយការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolás Maduro ពីសំណាក់ក្រុមកងកម្លាំងពិសេសរបស់សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ គឺហេតុផលសំខាន់ទី១៖ គេមើលឃើញថា លោក Nicolás Maduro ជាការគំរាមកំហែងដ៏សំខាន់មួយនៅក្នុងតំបន់។ សហរដ្ឋអាម៉េរិក ចាត់ទុកលោក Maduro ជាឥស្សរជនបង្កអស្ថិរភាព ព្រោះលោកគាំទ្ររដ្ឋាភិបាលនៃប្រទេសនានា នៅក្នុងតំបន់ ដែលប្រឆាំងនឹងសហរដ្ឋអាម៉េរិក។ រដ្ឋាភិបាលសង្គមនិយមរបស់លោក Maduro ត្រូវបានគេមើលឃើញថា ជាគូប្រជែងមនោគមវិជ្ជា មិនមែនគ្រាន់តែជាបញ្ហាសន្តិសុខនោះទេ។
ហេតុផលសំខាន់ទី២៖ ការចោទប្រកាន់ពីការជួញដូរគ្រឿងញៀន
សហរដ្ឋអាម៉េរិក បានចោទប្រកាន់លោក Maduro និងរដ្ឋាភិបាលរបស់លោកថា បានជួយក្រុមឧក្រិដ្ឋជនគ្រឿងញៀនធំៗ និងអនុញ្ញាតឱ្យគ្រឿងញៀនកូកាអ៊ីន ហូរចូលទឹកដីសហរដ្ឋ
អាម៉េរិក។ ការចោទប្រកាន់ទាំងនេះត្រូវបានប្រើប្រាស់ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការវាយប្រហាររបស់សហរដ្ឋអាម៉េរិកលើទូក ដែលសង្ស័យថា ជាគ្រឿងញៀន និងការផ្ដល់រង្វាន់សម្រាប់ការចាប់ខ្លួនលោក Maduro។
ហេតុផលសំខាន់ទី៣៖ ផលប្រយោជន៍ប្រេង
ប្រទេសវេណេស៊ុយអេឡា មានប្រេងបម្រុងធំជាងគេបំផុតរបស់ពិភពលោក។ លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាម៉េរិក នឹងកសាងឧស្សាហកម្មប្រេងរបស់ប្រទេសវេណេស៊ុយអេឡាឡើងវិញ និងផ្តល់សំណងដល់បណ្ដាក្រុមហ៊ុនអាម៉េរិក ដែលរងផលប៉ះពាល់ដោយការធ្វើជាតូបនីយកម្មកាលពីអតីតកាល។
ហេតុផលសំខាន់ទី៤៖ សម្ពាធអន្តោប្រវេសន៍
ការដួលរលំសេដ្ឋកិច្ចរបស់ប្រទេសវេណេស៊ុយអេឡាបានជំរុញឱ្យមនុស្សរាប់លាននាក់ភៀសខ្លួន ដោយភាគច្រើនបានភៀសខ្លួនទៅកាន់សហរដ្ឋអាម៉េរិក។ នេះបានក្លាយជាបញ្ហាធំមួយសម្រាប់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលផ្តោតសំខាន់លើការបញ្ឈប់អន្តោប្រវេសន៍។
ហេតុផលទី៥៖ ទុនបម្រុងជាមាស
ក្រុមមន្ត្រីសហរដ្ឋអាម៉េរិកបាននិយាយថា ប្រទេសវេណេស៊ុយអេឡាបានប្រើប្រាស់ទុនបម្រុងជាមាសដ៏ច្រើនរបស់ខ្លួន ដើម្បីគេចពីទណ្ឌកម្ម និងផ្តល់មូលនិធិដល់រដ្ឋាភិបាល រួមទាំងការទិញអាវុធ និងប្រេងឥន្ធនៈផងដែរ។
និងហេតុផលសំខាន់ទី៦ចុងក្រោយ៖ សម្ព័ន្ធភាពជាមួយគូប្រជែងរបស់សហរដ្ឋអាម៉េរិក
ប្រទេសវេណេស៊ុយអេឡាមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិន រុស្ស៊ី អ៊ីរ៉ង់ និងក្រុមហេសបូឡា ដែលសហរដ្ឋអាម៉េរិក ចាត់ទុកថា ជាក្រុមភេរវកម្ម។ ក្រុមអ្នកគាំទ្រចំណាត់ការរបស់សហរដ្ឋអាម៉េរិក និយាយថា ការចាប់ខ្លួនលោក Maduro ជាការព្រមានមហាអំណាចបរទេសនានាឱ្យនៅឱ្យឆ្ងាយពីទ្វីបអាម៉េរិក៕
ដោយ: តែម សុខុម