នាយកដ្ឋានឧស្សាហកម្មការងារថៃបានឲ្យដឹងថា បន្ទាប់ពីរោងចក្រជាង ៧០០បានបិទទ្វារ វាបានបន្សល់ទុកកម្មករជាងម៉ឺននាក់ឲ្យអត់ការងារធ្វើ។ យ៉ាងណាមិញទោះបីមានរោងចក្រមួយចំនួនបានបិទទ្វារ ក្នុងឆ្នាំ២០២០ក្តី តែគេសង្កេតឃើញមានរោងចក្រជាង ៣០០០ ផ្សេងទៀត ដែលខ្លះបានមកពីការវិនិយោគថ្មី ខ្លះទៀតជាវិនិយោគចាស់តែទទួលបានការពង្រីកបន្ថែម ដែលវាបានជួយបង្កើតការងារបានជាង ១៨ម៉ឺនកន្លែងបន្ថែមទៀត គិតជាទំហំទឹកប្រាក់មានប្រមាណ ៣០០ពាន់លានបាត ឬស្មើនឹងជាង ១០ពាន់លានដុល្លារអាមេរិក ។
ការកើនឡើងនៃចំនួនរោងចក្រថ្មី ក៏បានឆ្លុះបញ្ចាំងពីការកើនឡើង នៃទំនុកចិត្តក្នុងចំណោមវិនិយោគិននៅក្នុងប្រទេសដែលជាវិនិយោគថ្មី ក្នុងកំឡុងពេលដែលដៃគូបរទេស មិនអាចចូលក្នុងប្រទេសថៃបាន ដោយសារតែជំងឺរាតត្បាតកូវីដ-១៩។
សូមបញ្ជាក់ថា ក្នុងចំណោមរោងចក្រទាំងជាង ៧០០ ដែលបានបិទនៅប្រទេសថៃភាគច្រើនជារោងចក្រ ផលិតសម្ភារប្លាស្ទិច រោងចក្រកែច្នៃផលិតផលធម្មជាតិ និងរោងចក្រផលិតចំណីអាហារ៕