
ប្រធានសមាគមស្វាយចន្ទីកម្ពុជា និងមន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញជំនឿជឿជាក់ថា ការបញ្ជាទិញគ្រាប់ស្វាយចន្ទីកែច្នៃកាន់តែច្រើន វានឹងជួយធ្វើឱ្យវិស័យស្វាយចន្ទីកម្ពុជា កាន់តែមានភាពប្រកួតប្រជែង និងតម្លៃកាន់តែមានស្ថិរភាពបន្ថែមទៀត។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា ក្រុមហ៊ុនតៃវ៉ាន់ JU HUA CHANG INTERNATIONAL ដែលកំពុងមានតម្រូវការគ្រាប់ស្វាយចន្ទីកែច្នៃ គ្រោងសហការជាមួយសមាគម ដើម្បីប្រមូលទិញគ្រាប់ស្វាយចន្ទីកែច្នៃរួចចំនួន៣ពាន់តោន សម្រាប់នាំចូលទៅកាន់ទីផ្សារតៃវ៉ាន់ នៅក្នុងរយៈពេល៣ឆ្នាំខាងមុខ។ បើតាមអ្នកជំនាញរូបនេះ ក្រុមហ៊ុននេះ ហ៊ានផ្ដល់ថវិការហូតដល់៥០% សម្រាប់បង្វិលទិញគ្រាប់ស្វាយចន្ទី និងបានផ្ដល់តម្លៃទីផ្សារល្អជាងបណ្ដាក្រុមហ៊ុននានា ផងដែរ។ ប៉ុន្តែយ៉ាងណាប្រធានសមាគមរូបនេះ ហាក់បារម្ភចំពោះការផ្គត់ផ្គង់ដល់ក្រុមហ៊ុននេះ ព្រោះមានសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីមួយចំនួនពុំហ៊ានសហការ ដោយសារតែទិន្នផលមានការធ្លាក់ចុះ និងតម្លៃថ្លៃដើមផលិតមានកម្រិតខ្ពស់ជាងឆ្នាំមុន។ បើតាមការអះអាងរបស់លោក អួន ស៊ីឡុត មកទល់ពេលនេះក្រុមហ៊ុនតៃវ៉ាន់នេះ បាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា ទៅកាន់ទីផ្សារ តៃវ៉ាន់ ជាបណ្ដើរៗរួចហើយ។
ជាមួយគ្នានេះ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម យល់ឃើញថា ប្រសិនបើមានការបញ្ជាទិញគ្រាប់ស្វាយចន្ទីកែច្នៃរហូតដល់៣ពាន់តោនមែន វាជាសញ្ញាល្អសម្រាប់វិស័យស្វាយចន្ទីរបស់កម្ពុជា។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ នៅពេលមានការបញ្ជាទិញកាន់តែច្រើន នោះក្រុមហ៊ុន សហគ្រាស នឹងមានលទ្ធភាពក្នុងការស្វែងរកប្រភពទុន ដើម្បីបង្វិលទិញគ្រាប់ស្វាយចន្ទីយកមកស្តុកទុកកែច្នៃផងដែរ។ ទន្ទឹមនេះ ឯកឧត្តមជឿជាក់ថា នៅពេលមានការបញ្ជាទិញគ្រាប់ស្វាយចន្ទីច្រើន នោះនឹងធ្វើឱ្យកាន់តែមានភាពប្រកួតប្រជែង តម្លៃស្វាយចន្ទីកាន់តែមានស្ថិរភាព និងទទួលបានតម្លៃបន្ថែមកាន់តែខ្ពស់។
បើតាមសមាគមស្វាយចន្ទីកម្ពុជា គិតត្រឹមឆ្នាំ២០២៤ កម្ពុជាមានកន្លែងកែច្នៃ និងរោងចក្របកគ្រាប់ស្វាយចន្ទីចំនួន៤២ ក្នុងនោះមានរោងចក្រធុនមធ្យមចំនួន៣ ស្ថិតនៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រះវិហារ។ ជាមួយគ្នានេះ កម្ពុជាត្រូវការរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីធុនមធ្យមយ៉ាងតិចចំនួន៣០ទៀត ដើម្បីអាចរក្សាស្ថិរភាពតម្លៃគ្រាប់ស្វាយចន្ទី៕
អត្ថបទ៖ បូ ដូឡា