នៅក្នុងវីដេអូសារជូនពរនេះ អ្នកឧកញ៉ា លាង ម៉េង បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រនិងប្រើប្រាស់សេវាកម្មធនាគារ ជីប ម៉ុង ជាពិសេសការសហការក្នុងភាពជាដៃគូពាណិជ្ជកម្មប្រកបដោយភាពជិតសិទ្និនិងមានទំនុកចិត្តបំផុតនាពេលកន្លងមកនេះ។ ហើយឆ្លៀតក្នុងឱកាសនេះផងដែរ អ្នកឧកញ៉ា លាង ម៉េង បានថ្លែងពីសេចក្តីរាយការណ៍ពីសមិទ្ធផលដែលទទួលបានថា៖ «ឆ្នាំ២០២៤ នេះ សម្រេចបាននូវភាពជោគជ័យ ជាមួយកំណើនទ្រព្យសកម្មសរុបដល់ទៅ ១.៣៨ ពាន់លានដុល្លារអាមេរិក ខណៈទំហំទឹកប្រាក់កម្ចីបានកើនឡើងដល់ ៧៣៨ លានដុល្លារអាមេរិក និងប្រាក់បញ្ញើរបស់អតិថិជនកើនដល់ចំនួន ១.១៥ ពាន់លានដុល្លារអាមេរិក ដែលជាលទ្ធផលធនាគារ ជីប ម៉ុង ទទួលបានប្រាក់ចំណេញឆ្នាំ២០២៤ រហូតទៅដល់២០លានដុល្លារ។»។
ចាប់ផ្ដើមពីឆ្នាំ២០២៥នេះតទៅ ធនាគារ ជីប ម៉ុង នឹងបន្តប្ដេជ្ញាអភិវឌ្ឍផលិផល ក៏ដូចជាផ្តល់ជូននូវសេវាធនាគារដ៏ល្អឥតខ្ចោះសម្រាប់អតិថិជន ដើម្បីកសាងនូវភាពជោគជ័យយូរអង្វែង ជូនដល់គ្រប់ដៃគូនិងអតិថិជនទៅថ្ងៃអនាគត។
គួរបញ្ជាក់ផងដែរថា ធនាគារ ជីប ម៉ុង មានគ្រឹះដ៏រឹងមាំ ដើរតាមគន្លងជោគជ័យរបស់ ជីប ម៉ុង តាំងពីឆ្នាំ១៩៨២ ដែលជាក្រុមហ៊ុន មានប្រភពច្បាស់លាស់ ប្រវត្តិយូរអង្វែង ដឹកនាំដោយសហគ្រិនខ្មែរមានពហុជំនាញ និងចក្ខុវិស័យវែងឆ្ងាយ ដើម្បីឱ្យមានកេរ្តិ៍ឈ្មោះល្បីល្បាញ ឈរជើងបានរាប់រយឆ្នាំទៅខាងមុខ។