
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារនៃធនាគារអេស៊ីលីដា បានបញ្ជាក់ថា ចាប់ពីថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៤តទៅ ធនាគារអេស៊ីលីដា នឹងបន្ថែមម៉ោងបម្រើអតិថិជនរហូតដល់ម៉ោង ៧យប់ សម្រាប់សាខាថ្មីចំនួន៤ បន្ថែមទៀតនៅរាជធានីភ្នំពេញ ខណៈកន្លងមក មានសាខាធនាគារអេស៊ីលីដា ចំនួន៣រួចហើយ ដែលបាននិងកំពុងបើកផ្ដល់សេវាអតិថិជនរយៈពេលវែង ដល់ម៉ោង៧យប់។

សាខាថ្មី ចំនួន៤ ដែលទើបតែត្រូវបានដាក់ឲ្យបើកដំណើរការដល់ម៉ោង ៧យប់នេះ រួមមាន៖
- ការិយាល័យកណ្តាល៖ https://maps.app.goo.gl/a5PgvmEAKngaMSNq5
- សាខាក្រុងភ្នំពេញ៖ https://maps.app.goo.gl/iMBqL2dTpzwERLft8
- សាខាច្បារអំពៅ៖ https://maps.app.goo.gl/is9mYvpkDJr7Npjw5
- សាខាស្ទឹងមានជ័យ៖ https://maps.app.goo.gl/8T2VoKwzsBmoQveM8
សាខាទាំង៤ខាងលើនេះ នឹងបើកបម្រើអតិថិជន ចាប់ពីថ្ងៃ ចន្ទ ដល់ សុក្រ ម៉ោង ៧:៣០នាទី ព្រឹក ដល់ ៧:០០ នាទីយប់ (លើកលែងថ្ងៃឈប់សម្រាកសាធារណៈ)។



ចំណែកឯ សាខាធនាគារអេស៊ីលីដាចំនួន ៣ទៀត ដែលបាននិងកំពុងបើកដំណើរការដល់ម៉ោង៧យប់ស្រាប់នោះ គឺសាខាធនាគារអេស៊ីលីដា នៅផ្សារទំនើបអ៊ីអនទី១, ទី២ និងទី៣ ដោយមានបើកដំណើរការចាប់ពីម៉ោង ៩:០០ នាទីព្រឹក ដល់ម៉ោង ៧:០០ នាទីយប់ ចាប់ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ រួមទាំងថ្ងៃឈប់សម្រាកសាធារណៈផងដែរ។
បើតាមលោកស្រី សុខ សោភា មានប្រសាសន៍យ៉ាងដូច្នេះថា «ការបង្កើនចំនួនសាខាផ្ដល់សេវាបម្រើអតិថិជនសម្រាប់រយៈពេលវែងដល់ម៉ោង៧យប់ រហូតដល់ ៧សាខានេះ មានគោលបំណងសម្រួលដល់អតិថិជន ដែលជាអ្នកមានការងារមមាញឹក និងធានាបានថា យើងនៅជាមួយអតិថិជនគ្រប់ពេលវេលា នៅពេលណាដែលពួកគាត់ត្រូវការសេវាកម្មធនាគារ។


អតិថិជនក៏អាចប្រើប្រាស់សេវាឌីជីថលដ៏ទំនើបរបស់ធនាគារអេស៊ីលីដាបានគ្រប់ពេល (24/7) បានដោយខ្លួនឯងផ្ទាល់ផងដែរ។»
លោកស្រី សុខ សោភា បានគូសបញ្ជាក់បន្ថែមថា ការប្តេជ្ញាចិត្ត ក្នុងការផ្ដល់នូវសេវាកម្មដ៏ល្អឥតខ្ចោះ និងភាពងាយស្រួល គឺនៅតែជាអាទិភាពចម្បងបំផុត របស់ធនាគារអេស៊ីលីដា ក្នុងការផ្ដល់ជូនទៅកាន់អតិថិជន ហើយលោកស្រីជឿជាក់ថា អ្នកប្រើប្រាស់នឹងទទួលបានបទពិសោធន៍ដ៏ល្អជាមួយធនាគារ អេស៊ីលីដា។
ជាមួយគ្នានេះ លោកស្រី សុខ សោភា បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា «យើងខ្ញុំទាំងអស់គ្នារង់ចាំបម្រើលោកអ្នក ជាមួយស្នាមញញឹមគ្រប់ពេល និងវិជ្ជាជីវៈខ្ពស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការជឿទុកចិត្ត និងបន្តគាំទ្រធនាគារ អេស៊ីលីដា។ យើងនឹងប្តេជ្ញាចិត្តខិតខំធ្វើយ៉ាងណារួមចំណែក ផ្ដល់សេវាកម្មធនាគារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុកាន់តែសម្បូរបែប ងាយស្រួល សុវត្ថិភាព និងជាប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា»៕








