
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា ក្រោយការប្រយុទ្ធគ្នាក្នុងសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ មកលើអធិតេយ្យភាពកម្ពុជា កាន់តែឡើងកម្តៅ គិតមកទល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ស្ថានភាពនៃការតភ្ជាប់ជើងហោះហើររវាងកម្ពុជា និងថៃ មិនទាន់មានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ ដោយរក្សាការហោះហើរជាប្រក្រតីធម្មតា។ ប៉ុន្តែដោយសារកត្តាទីផ្សារខ្សត់អ្នកដំណើរ បានជំរុញឱ្យមានការកាត់បន្ថយជើងហោះហើរពី២ជើងក្នុង១ថ្ងៃមកនៅត្រឹម១ជើងក្នុង១ថ្ងៃវិញរវាងជើងហោះហើរបាងកក-ភ្នំពេញ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។
ជាមួយគ្នានេះ លោក ម៉េត សុជាតិ អគ្គលេខាធិការសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពនៃការហោះហើរតាមផ្លូវអាកាសរវាងប្រទេសកម្ពុជា និងថៃ គឺមានដំណើរការជាធម្មតា ប៉ុន្តែជាការកត់សម្គាល់របស់លោក ប្រតិបត្តិការចេញចូលរបស់អ្នកដំណើរទៅមកនៃប្រទេសទាំងពីរនាពេលនេះ គឺមានការត្រួតពិនិត្យតឹងរ៉ឹងជាងមុន។ ជាមួយគ្នានេះ តម្លៃសំបុត្រយន្តហោះធ្វើដំណើរទៅមករវាងកម្ពុជា និងថៃ នាពេលបច្ចុប្បន្នត្រូវបានអ្នកជំនាញរូបនេះ អះអាងថា បានវិលមករកតម្លៃធម្មតាវិញហើយ បន្ទាប់ពីវាបានហក់ឡើងទ្វេដងនៅថ្ងៃដំបូងនៃការប្រយុទ្ធគ្នារវាងកងទ័ពថៃ និងកម្ពុជា ដោយប្រជាជននៃប្រទេសទាំងពីរបានសម្រុកនាំគ្នាចេញទៅកាន់ប្រទេសរៀងៗខ្លួន។
គួរជម្រាបថា កាលពីយប់ថ្ងៃទី២៦ ខែកក្កដា អាកាសចរណ៍ស៊ីវិលកម្ពុជា បានសម្រេចកែសម្រួល និងហាមឃាត់ការហោះហើរឆ្លងកាត់តំបន់មួយចំនួន ដែលកំពុងមានការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ ពោលគឺការហោះហើរនៅតំបន់ហាមឃាត់ត្រូវបានកំណត់ថា ជាតំបន់គ្រោះថ្នាក់ និងបានណែនាំដល់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ឱ្យហោះហើរតាមផ្លូវវាង៕