រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក ស្កុត បេសសេន (0Scott Bessent) និងឧបនាយករដ្ឋមន្ត្រីចិន លោក ហឺ លីហ្វឹង (He Lifeng) បានជួបពិភាក្សាគ្នានៅអំឡុងពេលចរចាពាណិជ្ជកម្មនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៦ ខែមីនា ហើយជំនួបពិភាក្សានេះត្រូវបានពិពណ៌នាថា មានលក្ខណៈស្ថាបនា ប៉ុន្តែមិនទាន់ឈានដល់កិច្ចព្រមព្រៀងសំខាន់ៗណាមួយនៅឡើយទេ។
ទន្ទឹមនេះ សហរដ្ឋអាម៉េរិក និងចិន កំពុងពិចារណាបង្កើតយន្តការថ្មី ដែលអាចមានឈ្មោះថា ក្រុមប្រឹក្សាពាណិជ្ជកម្ម សម្រាប់គ្រប់គ្រងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីឱ្យកាន់តែល្អប្រសើរ។ គំនិតនេះ គឺដើម្បីកាត់បន្ថយភាពតានតឹង និងអនុញ្ញាតឱ្យមានពាណិជ្ជកម្មបន្ថែមទៀតនៅក្នុងវិស័យដែលមិនរសើប ទោះបីជាព័ត៌មានលម្អិតនៅតែមិនច្បាស់លាស់ក៏ដោយ។
អាម៉េរិក និងចិន បានយល់ព្រមបន្តទំនាក់ទំនងគ្នា គ្រប់គ្រងជម្លោះនានា និងពង្រីកកិច្ចសហប្រតិបត្តិការ ប៉ុន្តែក្រុមអ្នកជំនាញនិយាយថា មានឱកាសតិចតួចណាស់ក្នុងការទម្លាយភាពទាល់ច្រកយ៉ាងឆាប់រហ័ស។
សូមបញ្ជាក់ថា គម្រោងជំនួបកំពូលរវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង អាចត្រូវបានពន្យារពេល ដែលភាគច្រើនដោយសារតែសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា គឹមិនមែនដោយសារបញ្ហាពាណិជ្ជកម្មនោះទេ។ សរុបមកការចរចារវាងអាម៉េរិក និងចិន បានបង្ហាញពីឆន្ទៈក្នុងការសហការ ប៉ុន្តែការខ្វែងគំនិតគ្នាសំខាន់ៗរវាងប្រទេសទាំងពីរនៅតែមិនទាន់ដោះស្រាយបាននៅឡើយ៕
ដោយ: តែម សុខុម