
ក្រុមហ៊ុនយក្ស Apple គ្រោងរើរោងចក្រដំឡើងទូរសព្ទ iPhones ទាំងអស់សម្រាប់សហរដ្ឋអាម៉េរិក ចេញពីប្រទេសចិន ទៅកាន់ប្រទេសឥណ្ឌា នៅត្រឹមចុងឆ្នាំ២០២៦ ជាមួយនឹងគោលដៅផលិតទូរសព្ទ iPhone សម្រាប់ផ្គត់ផ្គង់ទីផ្សារសហរដ្ឋអាម៉េរិក ឱ្យបានរហូតដល់ទៅជាង៦០លានគ្រឿងឯណោះក្នុងមួយឆ្នាំៗ។
ដើម្បីសម្រេចគោលដៅនេះ ក្រុមហ៊ុន Apple នឹងត្រូវបង្កើនការផលិតទូរសព្ទ iPhone ទ្វេដងនៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីពឹងផ្អែកខ្លាំងលើប្រទេសចិន ជិត២ទសវត្សរ៍មកនេះ ដែលបានជួយឱ្យតម្លៃទីផ្សារក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះកើនលើស៣ទ្រីលានដុល្លារ។
សូមបញ្ជាក់ថា ប្រទេសចិន ជាកន្លែងដែលក្រុមហ៊ុន Apple ផលិតទូរសព្ទ iPhone ភាគច្រើនរបស់ខ្លួនតាមរយៈភាគីទី៣ ដូចជាក្រុមហ៊ុន Foxconn ជាដើមនោះ បានទទួលរងពន្ធគយកប់ពពកដែលដំឡើងដោយលោក ដូណាល់ ត្រាំ ដែលក្រោយមកប្រធានាធិបតីអាម៉េរិក រូបនេះបានបន្ទន់ឥរិយាបថចង់ចរចាជាមូយក្រុងប៉េកាំង វិញ។
បន្ទាប់ពីការប្រកាសពន្ធដំឡើងពន្ធដោយលោក ដូណាល់ ត្រាំ ដែលបានធ្វើឱ្យក្រុមហ៊ុន Apple បាត់បង់តម្លៃទីផ្សាររហូតដល់ទៅ៧០០ពាន់លានដុល្លារ ក្រុមហ៊ុននេះក៏បានប្រញាប់ប្រញាល់នាំចេញទូរសព្ទ iPhone ទាំងអស់ដែលផលិតនៅប្រទេសឥណ្ឌា ទៅកាន់សហរដ្ឋអាម៉េរិក ដើម្បីចៀសវាងការយកពន្ធគយខ្ពស់ដែលអាម៉េរិក បានដាក់លើទំនិញនាំចូលពីចិន រួមទាំង iPhone ដែលផលិតនៅប្រទេសចិន ផងដែរ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Apple កំពុងកសាងសមត្ថភាពជាបន្តបន្ទាប់នៅក្នុងប្រទេសឥណ្ឌា ជាមួយបណ្ដាក្រុមហ៊ុនផលិតជាប់កិច្ចសន្យា Tata Electronics និង Foxconn ប៉ុន្តែក្រុមហ៊ុននេះ នៅតែដំឡើងទូរសព្ទ iPhone ភាគច្រើនរបស់ខ្លួននៅក្នុងប្រទេសចិន ដដែល៕
ដោយ: តែម សុខុម