ផលប៉ះពាល់ពីការរីកចម្រើននៃបញ្ញាសិប្បនិម្មិតពិតប្រាកដគ្មាននរណាដឹងឡើយ ប៉ុន្តែបើផ្អែកលើនិន្នការបច្ចុប្បន្ននេះគេបានព្យាករណ៍ថា នៅត្រឹមឆ្នាំ២០៣០ ខាងមុខ បញ្ញាសិប្បនិម្មិតនឹងកាន់តែសកម្មនៅក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គម។ នេះបើតាមការអង្កេតដែលធ្វើឡើងដោយទស្សនាវដ្តី Forbs។ បើតាមការព្យាករណ៍ បញ្ញាសិប្បនិម្មិតនឹងរួមចំណែកក្នុងសកម្មភាពសេដ្ឋកិច្ចពិភពលោកមានទំហំរហូតដល់ទៅជិត១៦ទ្រីលានដុល្លារនៅក្នុងឆ្នាំ២០៣០ខាងមុខ។
ស្ថិតក្នុងបរិបទនៃការរីកចម្រើននៃបច្ចេកវិទ្យា AI អ្នកជំនាញបានលើកឡើងថា មនុស្សជាតិគួរតែប្រុងប្រយ័ត្ន ហើយត្រូវលើកកម្ពស់ និងអភិវឌ្ឍន៍សមត្ថភាព និងពង្រឹងទិន្នផលការងារឱ្យកាន់តែប្រសើរបន្ថែមទៀត។ ពាក់ព័ន្ធនឹងបញ្ហានេះ តាមការស្រាវជ្រាវ ដែលធ្វើឡើងដោយក្រុមអ្នកជំនាញនៃវេទិកាអង្គការវេទិកាសេដ្ឋកិច្ចពិភពលោកបានឲ្យដឹងថា នៅត្រឹមឆ្នាំ២០៣០ ការងារប្រមាណ៨៥លានកន្លែងអាចនឹងមានការរុះរើ ប៉ុន្តែគេជឿថា បញ្ញាសិប្បនិម្មិតក៏អាចនឹងបង្កើតការងារថ្មីប្រមាណ៩៧លានកន្លែងផងដែរ តែវាអាស្រ័យលើសមត្ថភាព។
ពាក់ព័ន្ធនឹងការរីកចម្រើននៃបញ្ញាសិប្បនិម្មិតនេះ លោក តូស៊ីគី កាវៃ (Toshiki Kawai) ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Tokyo Electron បានប្រាប់នីកេអាស៊ីថ្មីៗនេះថា រហូតដល់ឆ្នាំ២០៣០ បញ្ញាសិប្បនិម្មិតនឹងក្តោបទីផ្សារបន្ទះសៀគ្វីអេឡិចត្រូនិករហូតដល៧០%។ លោកបានអះអាងថា ទំហំនៃការរួមចំណែករបស់បញ្ញាសិប្បនិម្មិតនៅក្នុងឧស្សាហកម្មបន្ទះសៀគ្វីអេឡិចត្រូនិកនៅឆ្នាំ២០៣០ អាចឡើងដល់លើស១ទ្រីលានដុល្លារ។
នៅក្នុងស្ថានភាពបែបនេះ ដើម្បីធានាសក្តានុពលនៅកន្លែងការងារមនុស្សជាតិត្រូវតែត្រៀម និងរៀបចំខ្លួនហើយពង្រឹងការដោះស្រាយបញ្ហាប្រកបដោយភាពវៃឆ្លាត និងច្នៃប្រឌិតខ្ពស់ ដើម្បីទប់ទល់នឹងនិន្នាការដែលនឹងមកដល់ដោយជៀសមិនរួច។ ជាមួយគ្នានេះ អ្នកជំនាញជំរុញឲ្យមនុស្សគ្រប់រូបត្រូវអភិវឌ្ឍន៍សមត្ថភាព ដើម្បីបន្ស៊ាំ និងរក្សាភាពធន់នឹងការផ្លាស់ប្តូរ ដែលជំរុញដោយការរីកចម្រើននៃបញ្ញាសិប្បនិម្មិត។ តែយ៉ាងណា ពួកគេនៅតែមានសុទិដ្ឋិនិយមថា ទោះបីបញ្ញាសិប្បនិម្មិតមានការរីកចម្រើនយ៉ាងណាក៏ដោយ ក៏នៅតែត្រូវការកម្លាំងពលកម្មរបស់មនុស្សដដែល៕
ដោយៈ សរ សុជាតិ