
ការដំឡើងពន្ធរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានធ្វើឱ្យកម្តៅសង្គ្រាមពាណិជ្ជកម្មកាន់តែកើនឡើង និងបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានភាពមិនប្រាកដប្រជាកាន់តែខ្លាំង។ ជាក់ស្តែងទីផ្សារភាគហ៊ុននៅអាម៉េរិក S&P 500 បានធ្លាក់ចុះ៦% Dow Jones Industrial Average បានធ្លាក់ចុះ៥,៥% និងក្រុមហ៊ុន Nasdaq បានធ្លាក់ចុះ៥,៨% នៅមួយបន្ទាប់ពីការប្រកាសពន្ធថ្មីរបស់លោក ដូណាល់ ត្រាំ។
ទន្ទឹមការដាក់ពន្ធជុំចុងក្រោយរបស់លោក ត្រាំ បានធ្វើឱ្យក្តីបារម្ភចំពោះស្ថានភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ចលើពិភពលោកមានការកើនឡើង កំពូលមហាសេដ្ឋី អេឡិន ម៉ាស់ ប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលអាម៉េរិក និងជាមនុស្សជំនិតរបស់លោក ត្រាំ រំពឹងថា សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបនឹងមិនមានការដាក់ពន្ធគ្នានៅថ្ងៃណាមួយនាពេលអនាគតដ៏ខ្លីខាងមុខ។
មហាសេដ្ឋី អេឡិន ម៉ាស់ ដែលជាអ្នកមានជាងគេបំផុតនៅលើពិភពលោកបានប្រាប់ឧបនាយករដ្ឋមន្រ្តីអ៊ីតាលី លោក ម៉ាតេអូ សាវីនី (Matteo Salvini) កាលពីសប្តាហ៍មុនថា លោកសង្ឃឹមថា នៅពេលអនាគត សហរដ្ឋអាម៉េរិក និងអឺរ៉ុប អាចបង្កើតភាពជាដៃគូកាន់តែជិតស្និទ្ធ និងរឹងមាំជាងមុន និងឈានដល់ការអនុវត្តពន្ធសូន្យលើការដោះដូរពាណិជ្ជកម្ម៕
ដោយៈ សរ សុជាតិ