
ក្រោមសម្ពាធពន្ធបដិការរបស់អាម៉េរិក បានជំរុញឱ្យអាស៊ាន និងចិន បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរួមគ្នាបន្ថែមទៀត ដើម្បីកាត់បន្ថយផលប៉ះពាល់ និងការពារផលប្រយោជន៍របស់អាស៊ាន និងចិន។ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៅម៉ាឡេស៊ី កាលពីពេលថ្មីៗ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងចិន បានព្រមព្រៀងគ្នាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី Version 3.0 ដែលគ្របដណ្តប់លើរសេដ្ឋកិច្ចថ្មីៗដូចជាសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង ហើយកិច្ចព្រមព្រៀងនេះនឹងដាក់ជូនមេដឹកនាំរបស់ពួកគេអនុម័តនៅក្នុងអំឡុងខែតុលា ដ៏ខ្លីខាងមុខនេះ។
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានលើកឡើងកាលពីចុងសប្តាហ៍មុនថា ប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានព្រមព្រៀងគ្នាយកកិច្ចព្រមព្រៀងពាណិជ្ជកម្ម Version 3.0 ដាក់ឱ្យមេដឹកនាំសម្រេចក្នុងជំនួបកំពូលខាងមុខ ដើម្បីធ្វើឱ្យប្រសើរឡើងនូវតំបន់ពាណិជ្ជកម្មសេរី។
កិច្ចព្រមព្រៀងពាណិជ្ជកម្ម Version 3.0 ត្រូវបានមន្រ្តីបច្ចេកទេសអាស៊ាន និងចិន ពិភាក្សាគ្នាបង្កើតតាំងពីខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងគោលបំណងពង្រីកតំបន់ពាណិជ្ជកម្មសេរីឱ្យកាន់តែទូលំទូលាយ។ កិច្ចព្រមព្រៀងថ្មីនេះ គឺជាកិច្ចព្រមព្រៀងដែលនឹងបំពេញបន្ថែមយន្តការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន និងចិន លើវិស័យថ្មីមួយចំនួនដូចជាសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ ដែលមានរហូតដល់៤០អនុវិស័យ។
ក្រៅពីបញ្ហាពាណិជ្ជកម្ម លោក វ៉ាង យី បានអះអាងថា ចិន និងអាស៊ាន កំពុងខិតខំបង្រួមបញ្ហា ជាពិសេសបញ្ហានៅសមុទ្រចិន ខាងត្បូង ក្នុងនោះចិន និងអាស៊ាន បានយល់ព្រមខិតខំបញ្ចប់ការពិគ្រោះយោបល់នៅឆ្នាំក្រោយស្តីពីក្រមប្រតិបត្តិនៅសមុទ្រចិន ខាងត្បូង ដែលជាសំណុំនៃគោលការណ៍ណែនាំដែលមានគោលបំណងគ្រប់គ្រងជម្លោះនៅក្នុងតំបន់ ដែលទីក្រុងប៉េកាំង និងសមាជិកអាស៊ានមួយចំនួនកំពុងតែមានអរិភាពនឹងគ្នា។
នៅក្នុងត្រីមាសទីមួយឆ្នាំ២០២៥ អាស៊ាន នៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិន ជាមួយទំហំពាណិជ្ជកម្មជាង២៣៤ពាន់លានដុល្លារ មានការកើនឡើងជាង៧% ដោយស្មើនឹង១៦,៥%នៃទំហំពាណិជ្ជកម្មបរទេសសរុបរបស់ប្រទេសចិន៕
ដោយៈ សរ សុជាតិ