ឧក្រិដ្ឋជនអ៊ីនធឺណិត

ក្រុមឧក្រិដ្ឋជនតាមណ្ដាញអ៊ីនធឺណិតបោកលុយជនរងគ្រោះនៅអាស៊ីអាគ្នេយ៍បានរាប់សិបពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៣


អង្គការសហប្រជាជាតិ បានបញ្ចេញរបាយការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយថា ក្រុមឧក្រិដ្ឋជនតាមបណ្ដាញអ៊ីនធឺណិតឆបោកលុយពីជនរងគ្រោះបានរហូតដល់ទៅ៣៧ពាន់លានដុល្លារអាម៉េរិក កាលពីឆ្នាំមុន ហើយពេលនេះកំពុងបង្កើនប្រតិបត្តិការឆបោកនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍យ៉ាងអាណាធិបតេយ្យ បើទោះបីជារដ្ឋាភិបាលនៃប្រទេសនានា ចាត់វិធានការពង្រឹងច្បាប់យ៉ាងណាក្ដី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ ដ៏ល្បីល្បាញ Bloomberg។
ឧក្រិដ្ឋជនអ៊ីនធឺណិត
ដោយ

យោងតាមរបាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកគ្រឿងញៀន និងបទល្មើស បង្ហាញថា បទល្មើសប្រព្រឹត្តដោយក្រុមឧក្រិដ្ឋជនឆ្លងដែន ដែលមានការចាត់តាំងនៅអាស៊ីអាគ្នេយ៍ កំពុងបង្កការគំរាមកំហែងកាន់តែខ្លាំងឡើង និងរីករាលដាលកាន់តែឆាប់រហ័សមិនធ្លាប់ជួបក្នុងប្រវត្តិសាស្ត្រ។

សកម្មភាពខុសច្បាប់តាមបណ្ដាញអ៊ីនធឺណិត បានកើនឡើងយ៉ាងគំហុកចាប់តាំងពីផ្ទុះវិបត្តិកូវីដ-១៩ មក ដោយក្នុងនោះប្រទេសនានា នៅក្នុងតំបន់ទន្លេមេគង្គ ​រួមមានមីយ៉ាន់ម៉ា ឡាវ និងកម្ពុជា បានក្លាយជាទីតាំងឈរជើងដ៏សំខាន់សម្រាប់ក្រុមឧក្រិដ្ឋកម្មរៀបចំប្រតិបត្តិការខុសច្បាប់ រួមមានការឆបោកក្រោមរូបភាពបង្កើតទំនាក់ទំនងស្នេហាបោកប្រាស់ ការវិនិយោគបោកប្រាស់ ការលួចបន្លំរូបិយប័ណ្ណឌីជីថល ឬគ្រីបតូ ការលាងលុយកខ្វក់ និងល្បែងស៊ីសងខុសច្បាប់ជាដើម។

របាយការណ៍ដដែលបានបញ្ជាក់ថា ដោយសារតែបទល្មើសតាមបណ្ដាញអ៊ីនធឺណិតមានទ្រង់ទ្រាយធំ និងអាចកើបលុយបានច្រើនសន្ធឹកសន្ធាប់ និងងាយស្រួល បានជំរុញឱ្យក្រុមឧក្រិដ្ឋជនប្រើប្រាស់គំរូអាជីវកម្មដែលផ្អែកលើសេវាកម្ម និងបច្ចេកវិទ្យាថ្មីៗដើម្បីធ្វើសកម្មភាព។

ពេលនេះក្រុមឧក្រិដ្ឋជនកំពុងប្រើប្រាស់កម្មវិធីផ្ទុកមេរោគ Malware រួមជាមួយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជំនាន់ថ្មី Generative AI សម្រាប់បង្កើតរូបភាព ឬវីដេអូក្លែងក្លាយ ដើម្បីធ្វើសកម្មភាពឆបោក។ ទន្ទឹមនេះ ក្រុមឧក្រិដ្ឋជន ក៏បានបង្កើតទីផ្សារអនឡាញខុសច្បាប់ និងប្រើប្រាស់រូបិយប័ណ្ណឌីជីថល ឬគ្រីបតូដើម្បីលាងលុយកខ្វក់ផងដែរ។

របាយការណ៍នេះបានបញ្ជាក់ទៀតថា ជនរងគ្រោះរាប់សែននាក់ត្រូវបានក្រុមហ៊ុនសហគ្រាសរបស់ក្រុមឧក្រិដ្ឋជនជួញដូរទៅកាន់ប្រទេសនានា នៅក្នុងតំបន់ទន្លេមេគង្គ និងចាប់បង្ខំឱ្យធ្វើការនៅតាមទីតាំងប្រព្រឹត្តអំពើឆបោក និងសកម្មភាពខុសច្បាប់ផ្សេងៗ។ ជាទូទៅ ទីតាំងប្រព្រឹត្តអំពើឆបោក និងសកម្មភាពខុសច្បាប់ផ្សេងៗទាំងនេះ ស្ថិតនៅក្នុងកាស៊ីណូ សណ្ឋាគារ តំបន់សេដ្ឋកិច្ចពិសេស និងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាដើម។

ជាលទ្ធផល ការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតបានបន្តកើនឡើងយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យជនរងគ្រោះនៅតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ ខាតបង់ប្រាក់មហាសាលរហូតដល់ទៅ៣៧ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រុងប៉េកាំង ជំរុញឱ្យក្រុងវ៉ាស៊ីនតោន ប្រញាប់ដកទណ្ឌកម្មលើក្រុមហ៊ុនចិន និងឱ្យកំណត់ព្រំដែនសន្តិសុខជាតិ ក្នុងបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យបានច្បាស់

សហរដ្ឋអាម៉េរិក និងមហាយក្សចិន កាលពីពេលថ្មីៗបានលើកឡើងពីការព្រួយបារម្ភអំពីទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ ដោយរដ្ឋ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ