អាស៊ាន បារម្ភពីកង្វះភាពជាអ្នកដឹកនាំ

បណ្ដាមេដឹកនាំបរិស្ថាននៅអាស៊ាន បារម្ភពីកង្វះភាពជាអ្នកដឹកនាំផ្នែកអាកាសធាតុរបស់អាម៉េរិក


ក្រុមមន្ត្រីបរិស្ថានកំពូលៗក្នុងតំបន់អាស៊ីអាគ្នេយ៍ បានប្រាប់សារព័ត៌មាន CNA នៅឯកិច្ចពិភាក្សាអាកាសធាតុរបស់អង្គការសហប្រជាជាតិ ដែលកំពុងបន្តនៅទីក្រុងបាគូ (Baku) ប្រទេសអាហ្ស៊ែបៃហ្សង់ថា បណ្ដារដ្ឋាភិបាលនៅអាស៊ីអាគ្នេយ៍ នឹងត្រូវបន្តអនុវត្តវិធានការដ៏មហិច្ឆតា ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុដោយឥតរាថយ បើទោះបីជាមាន ឬគ្មានការគាំទ្រពីសហរដ្ឋអាម៉េរិកយ៉ាងណាក៏ដោយ។ ជាមួយគ្នានេះ អាស៊ានហាក់បារម្ភពីកង្វះភាពជាអ្នកដឹកនាំផ្នែកអាកាសធាតុរបស់អាម៉េរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ។
អាស៊ាន បារម្ភពីកង្វះភាពជាអ្នកដឹកនាំ
ដោយ

ស្របពេលមានការព្រួយបារម្ភខ្លាចសហរដ្ឋអាម៉េរិក ដើរថយក្រោយចេញពីភាពជាអ្នកដឹកនាំអាកាសធាតុពិភពលោក ក្រោមការដឹកនាំរបស់ប្រធានាធិបតីទើបជាប់ឆ្នោត លោក ដូណាល់ ត្រាំ ក្រុមមន្ត្រីបរិស្ថានកំពូលៗអះអាងថា កិច្ចខិតខំប្រឹងប្រែងរបស់ពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុនឹងនៅតែបន្ត បើទោះបីមាន ឬគ្មានការចូលរួមពីភាគីអាម៉េរិក ក៏ដោយ។

លោក ដូណាល់ ត្រាំ បានឈ្នះការបោះឆ្នោតក្លាយជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី៦ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ដោយផ្តួលអនុប្រធានាធិបតីលោកស្រី កាម៉ាឡា ហារីស ហើយលោកនឹងស្បថចូលកាន់តំណែងជាផ្លូវការនៅខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។

រដ្ឋមន្ត្រីក្រសួងបរិស្ថានម៉ាឡេស៊ី លោក នីក ណាស់មី (Nik Nazmi) បានលើកឡើងថា ការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក បានបន្សល់នូវភាពមិនប្រាកដប្រជាជុំវិញកិច្ចការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ប៉ុន្តែពិភពលោកត្រូវតែបន្តបោះជំហ៊ានឆ្ពោះទៅមុខដោយឥតរាថយ។ លោកបានបន្តថា ការបោះឆ្នោតគ្រាន់តែជារឿងបណ្ដោះអាសន្ន ប៉ុន្តែកិច្ចសហប្រតិបត្តិការរបស់ពិភពលោកលើកិច្ចការបម្រែបម្រួលអាកាសធាតុនៅតែជាកិច្ចការដ៏មានសារសំខាន់ខ្លាំង។

កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP29 ឆ្នាំ២០២៤ របស់អង្គការសហប្រជាជាតិ ដែលបញ្ចប់នៅថ្ងៃទី២២ ខែវិច្ឆិកា នេះ ផ្តោតលើការធានាបាននូវការប្តេជ្ញាចិត្តផ្ដល់ជំនួយហិរញ្ញវត្ថុថ្មីៗសម្រាប់បណ្ដាប្រទេសដែលងាយរងគ្រោះដោយសារអាកាសធាតុ រួមទាំងអាស៊ីអាគ្នេយ៍ផងដែរ។

ប្រទេសងាយរងគ្រោះទាំងនេះនឹងស្វះស្វែងរកមូលនិធិឱ្យបានលើស១ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំនៅត្រឹមឆ្នាំ២០៣០ ដែលខុសគ្នាដូចមេឃ និងដី បើធៀបទៅនឹងការសន្យាផ្ដល់មូលនិធិបច្ចុប្បន្នដែលមានទំហំត្រឹមតែ១០០ពាន់លានដុល្លារ។ តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺប្រទេសដែនកោះដ៏តូចសិង្ហបុរីបានសន្យាផ្តល់មូលនិធិរហូតដល់ទៅ៥០០លានដុល្លារ ដើម្បីគាំទ្រដល់គម្រោងបៃតង និងគម្រោងអន្តរកាលឆ្ពោះទៅរកការកាត់បន្ថយការបំភាយឧស្ម័នកាបូនិចចូលទៅក្នុងបរិយាកាសរនៅក្នុងតំបន់អាស៊ី។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ធ្លាប់បានហៅកិច្ចការដោះស្រាយបម្រែបម្រួលអាកាសធាតុថា ជាការបោកបញ្ឆោត និងជាការបោកប្រាស់ ហើយលោកបានដកសហរដ្ឋអាម៉េរិក ចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស មុនពេលលោកឡើងកាន់តំណែងជាប្រធានាធិបតីអាម៉េរិក ក្នុងអាណត្តិទី១ ក្នុងឆ្នាំ២០១៧ ហើយលោកបានសន្យាថា លោកនឹងធ្វើបែបនេះនៅពេលលោកឡើងកាន់អំណាចឡើងវិញជាផ្លូវការ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើមានកត្តាអ្វីធ្វើឱ្យដំឡូងមីខ្លះលក់បានតម្លៃទាប និងខ្លះលក់បានតម្លៃខ្ពស់?

ដំឡូងមីជាដំណាំមួយប្រភេទ ដែលកសិករកំពុងមានការពេញនិយមក្នុងការដាំដុះ ដ្បិតវាងាយស្រួលដាំ និងមើលថែទាំ ចំណាយដើមទុនទាប និងឆាប់ទទួលបានផល។…

តើបំណុលគ្រួសារនៅក្នុងប្រទេសថៃ មានស្ថានភាពយ៉ាងណាទៅហើយនៅពេលនេះ?

ស្ថានភាពបំណុលគ្រួសារនៅក្នុងប្រទេសថៃ ដែលបានរងភាពអាប់អួរនៅមួយរយៈចុងក្រោយនេះ កំពុងឈានទៅរកភាពវិជ្ជមានបន្តិចវិញហើយ។ ប៉ុន្តែការិយាល័យឥណទាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ