យុវជនដែលជាមេដឹកនាំជំនាន់ក្រោយចំនួន ៤៥ នាក់ មកពីបណ្ដាប្រទេសសមាជិកអាស៊ានបានជួបជុំគ្នានៅប្រទេសសិង្ហបុរី ក្នុងកម្មវិធីអាហាររូបករណ៍យុវជនអាស៊ាន (ASEAN Youth Fellowship) លើកទី៤ ដែលមានការសហការរៀបចំដោយអង្គការមូលនិធិអន្តរជាតិសិង្ហបុរី និងក្រុមប្រឹក្សាយុវជនជាតិសិង្ហបុរី។
កម្មវិធីនេះ បានធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ក្នុងនោះរួមមាន ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ដែលជាជុំទីពីរ ធ្វើឡើងនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ក្នុងគោលបំណងជំរុញការផ្លាស់ប្តូរ និងបង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការឆ្លងព្រំដែន។
កម្មវិធីអាហាររូបករណ៍យុវជនអាស៊ាន ឆ្នាំ២០២២ ដែលត្រូវបានបំផុសគំនិតដោយមូលបទដ៏មានអត្ថន័យរបស់កម្ពុជាដែលជាម្ចាស់ផ្ទះអាស៊ានគឺ "អាស៊ាន A.C.T ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា" តាមរយៈការផ្តោតលើសកម្មភាពអាស៊ានរួមគ្នាដើម្បីជម្នះបញ្ហាជាច្រើន និងភាពមិនច្បាស់លាស់ផ្សេងៗក្នុងតំបន់។
យុវជនទាំងអស់បានចូលរួមក្នុងវគ្គសិក្ខាសាលាជាច្រើន ក៏ដូចជាកិច្ចសន្ទនា និងការជជែកគ្នាផ្សេងៗ ដើម្បីឈ្វេងយល់ពីនិន្នាការ និងភាពច្នៃប្រឌិតនៃសង្គមដែលរឹងមាំមួយ ជាពិសេសបច្ចេកវិទ្យាដើម្បីសុខុមាលភាព ទាំងសុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយ។ លើសពីនេះ កម្មវិធីក៏បានផ្ដោតលើតួនាទីដែលយុវជនអាស៊ានអាចធ្វើបានក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមដើម្បីនាំមកនូវភាពវិជ្ជមានសម្រាប់ទាំងអស់គ្នា និងសិក្សាអំពីផលប៉ះពាល់រយៈពេលវែងទៅដល់អនាគតរួមរបស់ពួកគេ។
យុវជនទាំងអស់នោះក៏បានមានឱកាសធ្វើទំនាក់ទំនងជាមួយមេដឹកនាំដែលមានគំនិតល្អៗជាច្រើន មកពីវិស័យផ្សេងៗគ្នា រួមមាន មន្ត្រីការិយាល័យសាធារណៈជាន់ខ្ពស់ ដូចជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសិង្ហបុរី លោក អុង យៀ ខុង (Ong Ye Kung) និងរដ្ឋមន្ត្រីក្រសួងអប់រំ វប្បធម៌ ស្រាវជ្រាវ និងបច្ចេកវិទ្យារបស់ឥណ្ឌូនេស៊ី លោក ណាដៀម អានវ៉ា ម៉ាខារីម (Nadiem Anwar Makarim) ជាដើម។
នៅក្នុងកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីផងដែរ លោក ណាដៀម អានវ៉ា ម៉ាខារីម បានមានប្រសាសអំពីសារៈសំខាន់នៃការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំក្នុងចំណោមយុវជនជំនាន់ក្រោយដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃអនាគត។
គាត់បានមានប្រសាសថា "បញ្ហាប្រឈមមួយដែលយុវជនមេដឹកនាំជំនាន់ក្រោយនឹងត្រូវប្រឈមនាពេលអនាគតនោះគឺ ការបង្រូបបង្រួមវិស័យផ្សេងៗឲ្យមានការសហការជាមួយគ្នា។ ពីព្រោះពេលនេះជាពេលដែលវិស័យសាធារណៈ ឯកជន និងប្រជាជនត្រូវសហការគ្នា ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍សហគមន៍ប្រកបដោយចីរភាព។ យុវជនជំនាន់ក្រោយត្រូវនាំមុខដឹកនាំឲ្យមានការសហការរួមគ្នាកើតឡើងដើម្បីបង្កើតផលវិជ្ជមានក្នុងសង្គម"។
នៅក្នុងប្រទេសទាំងពីរខាងលើនេះ យុវជនទាំងអស់បានរៀនសូត្រនូវបទពិសោធន៍ផ្ទាល់ពីដំណើរការសិក្សា ដែលត្រូវបានរចនាឡើងដើម្បីផ្តល់ឱ្យពួកគេនូវការយល់ដឹងអំពីភាពច្នៃប្រឌិតក្នុងសង្គម សន្តិសុខស្បៀង និងការគ្រប់គ្រងវិបត្តិស្បៀងអាហារ និងជាពិសេសនិរន្តរភាពនៃបរិស្ថាន។
នៅក្នុងប្រទេសសិង្ហបុរី យុវជនទាំងនោះបានទៅទស្សនាភូមិមួយដែលមានឈ្មោះថា Enabling Village ដែលជាកន្លែងសហគមន៍រួមបញ្ចូលគ្នាដើម្បីគាំទ្រជនពិការ។ បន្ទាប់មកទៀត ពួកគេបានទៅទស្សនកិច្ចបន្តនៅតំបន់ Geylang ដឹកនាំដោយក្រុមការងាររបស់ Citizen Adventures ដែលជាសហគ្រាសសង្គមមួយ តែងតែធ្វើការផ្តោតសំខាន់ និងចែករំលែកនូវចំណេះដឹងទៅក្នុងតំបន់ជិតខាងអំពីទំនាក់ទំនងគ្នាជាប្រព័ន្ធអេកូសង្គម។ លើសពីនេះ ពួកគេក៏បានទៅទស្សនកិច្ចនៅក្រុមហ៊ុន Innovate 360 ដែលជាក្រុមហ៊ុនផលិតចំណីអាហារដំបូងគេរបស់ប្រទេសសិង្ហបុរី។ កន្លងមក ក្រុមហ៊ុននេះធ្លាប់បានជួយដល់ការចាប់ផ្ដើមអាជីវកម្ម Start-up លើចំណីអាហារប្រមាណជាជាង ៨០ ឱ្យមានភាពរីកចម្រើន និងពង្រីកទីផ្សារទៅកាន់តំបន់អាស៊ីរួចមកហើយ។
ដោយឡែក នៅឯទីក្រុងហ្សាការតា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា វិញ យុវជនទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីនេះ បានទៅទស្សនកិច្ចនៅកន្លែងកែឆ្នៃ និងកន្លែងចាក់សំរាម ដែលគ្រប់គ្រងដោយ Waste4Change ដែលជាក្រុមហ៊ុនផ្តល់សេវាប្រឹក្សាស្វែងរកដំណោះស្រាយផ្នែកការគ្រប់គ្រងកាកសំណល់ប្រកបដោយការទទួលខុសត្រូវនៅប្រទេសឥណ្ឌូនេស៊ី។ ពួកគេក៏បានបន្តធ្វើទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាននាទីក្រុងហ្សាការតា ហើយនៅក្នុងកម្មវិធីជជែកពិភាក្សាមួយ ពួកគេក៏បានជួបជាមួយនាយកផ្នែកនយោបាយ និងសន្តិសុខ គឺលោកបណ្ឌិត តាង ស៊ូ មុន (Tang Siew-Mun) ផងដែរ។ ការពិភាក្សានេះ បានលើកយកបញ្ហាសំខាន់ៗដែលអាស៊ានកំពុងប្រឈមមុខ និងរបៀបដែលយុវជនអាចធ្វើការរួមគ្នាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ផងដែរ។
អ្នកស្រី ជីន តាន (Jean Tan) នាយកប្រតិបត្តិនៃអង្គការមូលនិធិអន្តរជាតិសិង្ហបុរី បានមានប្រសាសន៍ថា៖ "កម្មវិធីអាហាររូបករណ៍យុវជនអាស៊ាន ឆ្នាំ២០២២ មានគោលបំណងផ្តួចផ្តើមការសន្ទនា និងស្វែងរកដំណោះស្រាយជុំវិញបញ្ហាសំខាន់ៗមួយចំនួនដែលយើងប្រឈមមុខសព្វថ្ងៃនេះ រាប់ចាប់តាំងពីសុខភាពផ្លូវចិត្ត និងភាពរឹងមាំនៃសង្គម រហូតដល់បញ្ហាសន្តិសុខស្បៀង ការគ្រប់គ្រងកាកសំណល់ ភាពចម្រុះគ្នានិងបរិយាប័ន្ន។ ក្នុងនាមជាយុវជនដែលមានភាពជាអ្នកដឹកនាំមកពីវិស័យផ្សេងៗគ្នា មិនថានៅក្នុងវិស័យសាធារណៈ ឯកជន ឬសង្គមស៊ីវិលនោះទេ យុវជនទាំងអស់ត្រូវបានយកចិត្តទុកដាក់ និងផ្ដល់ធនធានគ្រប់គ្រាន់ក្នុងការអង្កេតពីបញ្ហាប្រឈមទាំងអស់នេះ ហើយធ្វើការរួមគ្នាដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមាន"។អ្នកស្រីបានបន្ថែមថា "ដោយផ្តោតលើកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់ការអភិវឌ្ឍ អង្គការមូលនិធិអន្តរជាតិសិង្ហបុរីបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយអតីតសមាជិកនៃកម្មវិធីអាហាររូបករណ៍យុវជនអាស៊ានទាំងអស់ ដើម្បីកសាងអាស៊ានប្រកបដោយនិរន្តរភាពជាងមុន តាមរយៈគម្រោងសហគមន៍ក្នុងវិស័យអប់រំ ការថែទាំសុខភាព សហគ្រិនភាពសង្គម និងសិល្បៈជាដើម"។
លោក ដេវីដ ឆួ (David Chua) នាយកប្រតិបត្តិនៃក្រុមប្រឹក្សាយុវជនជាតិសិង្ហបុរី បានលើកឡើងថា "នៅពេលដែលពិភពលោកកំពុងងើបឡើងវិញពីជំងឺរាតត្បាតកូវីដ១៩ នៅមានបញ្ហាជាច្រើនដែលយើងត្រូវប្រឈមនាពេលខាងមុខ។ ដូច្នេះ វាពិតជាមានសារៈសំខាន់ជាងពេលណាៗទាំងអស់សម្រាប់អាស៊ាន ក្នុងការងើបឈរដោយឯកភាពគ្នា និងយកចិត្តទុកដាក់ចំពោះអនាគតរបស់យើង ហើយត្រូវប្រាកដថាគ្មាននរណាម្នាក់ត្រូវបានបោះបង់ចោលនោះទេ។ យើងត្រូវខិតខំដើម្បីឱ្យយុវជនអាចបោះជំហានទៅមុខ និងបង្ហាញថាពួកគេគឺជាអ្នកដឹកនាំជំនាន់ក្រោយ"។
លោក គឹម បូរា សមាជិកមកពីប្រទេសកម្ពុជា ដៃគូជាន់ខ្ពស់និងនាយកនៅដៃគូយុទ្ធសាស្ត្រមេគង្គបាននិយាយថា "ការចូលរួមកម្មវិធីអាហាររូបករណ៍យុវជនអាស៊ាន គឺជាឱកាសមួយដ៏កម្រក្នុងជីវិត។ ខ្ញុំមានភាពត្រេកអរណាស់ដែលបានជួបជាមួយអ្នកបង្កើតគោលនយោបាយជាន់ខ្ពស់និងអ្នកជំនាញក្នុងវិស័យផ្សេងៗពីប្រទេសសិង្ហបុរីនិងឥណ្ឌូនេស៊ី ដែលកំពុងធ្វើឲ្យមានផលវិជ្ជមាននៅក្នុងវិស័យនីមួយៗរបស់ពួកគាត់។ ការចូលរួមនេះបានបំផុសគំនិតឱ្យខ្ញុំឆ្លុះបញ្ចាំងពីអ្វីដែលខ្ញុំអាចធ្វើបាន ដើម្បីរួមចំណែកដល់ប្រទេសកម្ពុជា និងអាស៊ានឲ្យកាន់តែប្រសើរឡើងនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ"។
លោក បោង ច័ន្ទសម្បត្តិ ជាសមាជិកមួយទៀតដែលមកពីប្រទេសកម្ពុជាបានលើកឡើងថា "សម្របពេលដែលប្រទេសកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ ខ្ញុំមានកិត្តិយសខ្លាំងណាស់ដែលបានធ្វើជាសមាជិកតំណាងប្រទេសរបស់ខ្ញុំនៅក្នុងកម្មវិធីអាហាររូបករណ៍យុវជនអាស៊ាន ឆ្នាំ២០២២។ ចំណុចដែលគួរឲ្យកត់សំគាស់នោះគឺការជួបជុំជាមួយយុវជនដែលមានផ្នត់គំនតដូចគ្នាជាច្រើននៅទូទាំងតំបន់អាស៊ាន។ ខ្ញុំបានរៀនសូត្រច្រើនពីពួកគាត់ ហើយទន្ទឹងរង់ចាំការសហការជាមួយពួកគាត់ផងដែរ"។
លោក បោង ច័ន្ទសម្បត្តិគឺជានាយករងមជ្ឈមណ្ឌលសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាប័ន្ននៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី។ លោកបានបន្តទៀតថា "ទោះបីយើងមានសាវតាខុសគ្នាក៏ដោយ តែពួកយើងមានទំនួលខុសត្រូវដូចគ្នាក្នុងការអភិវឌ្ឍអាស៊ានឲ្យក្លាយជាសង្គមដែលរឹងមាំនិងត្រៀមខ្លួនរួចជាស្រេចសម្រាប់ពេលអនាគត"។
កញ្ញា តាន់ ចន្ទ័ណារត្ន័ (ណាណា) ជាសមាជិកម្នាក់ទៀតដែលមកពីប្រទេសកម្ពុជាបាននិយាយថា"ត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ នាងខ្ញុំបានទទួលការយល់ដឹងដ៏មានតម្លៃចំពោះបញ្ហាសំខាន់ៗដែលតំបន់អាស៊ានកំពុងប្រឈមមុខសព្វថ្ងៃនេះ ក្នុងនោះរួមមាន ពីសន្តិសុខស្បៀង រហូតដល់ការរួមបញ្ចូលក្នុងសង្គម។ ហើយក៏ជាការបំផុសគំនិតដល់នាងខ្ញុំផងដែរ ដែលបានជួបអ្នកផ្លាស់ប្តូរ និងអង្គការជាច្រើនដែលកំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ហាសង្គមផ្សេងៗ"។
កញ្ញាតាន់ ចន្ទ័ណារត្ន័ជាសាស្ត្រាចារ្យនៃវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិយាយបន្ថែមថា "សកម្មភាពនានានិងដំណើរការសិក្សានៃកម្មវិធីយុវជនអាស៊ានបានអនុញ្ញាតឱ្យយើងបង្កើតមិត្តភាព និងជំរុញឲ្យពួកយើងគិតឲ្យបានដឹតដល់អំពីសកម្មភាពដែលយើងអាចធ្វើរួមគ្នាបានដើម្បីទប់ទល់នឹងបញ្ហាប្រឈមថ្មីៗជាមួយគ្នានៅក្នុងពិភពលោកដែលមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស"។
អង្គការមូលនិធិអន្តរជាតិសិង្ហបុរី (SIF) បានប្រារព្ធខួប ៣០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការជាមួយប្រជាជនឥណ្ឌូនេស៊ីនៅឯកម្មវិធី SIF Connects នាទីក្រុងហ្សាការតា
កម្មវិធី SIF Connects បានសហការជាមួយនឹងកម្មវិធីអាហាររូបករណ៍យុវជនអាស៊ាន នៅទីក្រុងហ្សាការតា ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងឡើងវិញ និងបន្តទំនាក់ទំនងជាមួយអតីតយុវជនមកពីកម្មវិធីយុវជនអាស៊ានទាំងអស់ និងយុវជនដែលមកពីកម្មវិធីមិត្តរបស់សិង្ហបុរី (FOS)។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកា ដែលមានអ្នកចូលរួមសរុបប្រមាណជាជាង២០០សមាជិក ក្នុងនោះរួមមានសមាជិកមកពីសហគមន៍ការទូត កម្មវិធីមិត្តរបស់សិង្ហបុរី និងប្រជាជនសិង្ហបុរីដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតាទាំងអស់។
នៅក្នុងព្រឹត្តិការណ៍នេះ លោកឯកអគ្គរដ្ឋទូត អុង ខឺង យ៉ុង (Ong Keng Yong) ប្រធានអង្គការមូលនិធិអន្តរជាតិសិង្ហបុរីបានសម្តែងនូវការកោតសរសើរចំពោះទំនាក់ទំនងមិត្តភាពដ៏កក់ក្តៅ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូឥណ្ឌូនេស៊ីអស់រយៈពេល ៣០ ឆ្នាំកន្លងមក។ លោកបានកត់សម្គាល់ថា ចាប់តាំងពីឆ្នាំ១៩៩២ មក អង្គការមូលនិធិអន្តរជាតិសិង្ហបុរីបានសហការលើគម្រោង និងគំនិតផ្តួចផ្តើមជាង ១០០ រួចមកហើយ នៅតាមបណ្ដាខេត្តដូចជានៅទីក្រុង បាន់ដា អាឆេ (Banda Aceh) ទីក្រុងបានឌុង (Bandung) ទីក្រុងហ្សាការតា (Jakarta) ទីក្រុងមឺដាន (Medan) ទីក្រុងស៊ូរ៉ាបាយ៉ា (Surabaya) និងទីក្រុងយ៉ុងយ៉ាការតា (Yogyakarta) ជាដើម។ កិច្ចសហការទាំងនោះទាក់ទងនឹងវិស័យថែទាំសុខភាព វិស័យអប់រំ សហគ្រិនភាពសង្គម សិល្បៈ និងវប្បធម៌ជាដើម។
លោកបានលើកឡើងថា អង្គការមូលនិធិអន្តរជាតិសិង្ហបុរី បានមានកិត្តិយសទទួលបាននូវពានរង្វាន់ Adinata Awardដែលផ្ដល់ជូនដោយស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅសិង្ហបុរី ក្នុងខែសីហា ឆ្នាំ២០២២។ ពានរង្វាន់នេះបានបញ្ជាក់អំពីការអបអរសាទរភាពជាដៃគូយូរអង្វែងរបស់អង្គការជាមួយប្រទេសឥណ្ឌូនេស៊ីនៅក្នុងការលើកកម្ពស់ជីវិតរស់នៅរបស់ប្រជាជន និងពង្រឹងទំនាក់ទំនងរវាងប្រជាជនសិង្ហបុរី និងឥណ្ឌូនេស៊ី។
នៅក្នុងការថ្លែងសុន្ទរកថាទៅកាន់សហគមន៍ឥណ្ឌូនេស៊ីនៅក្នុងព្រឹត្តិការណ៍នោះ លោកបាននិយាយថា "ពានរង្វាន់នេះគឺជាការលើកទឹកចិត្តដ៏អស្ចារ្យមួយសម្រាប់ទាំងអស់គ្នាដែលមានវត្តមាននៅក្នុងអង្គការមូលនិធិអន្តរជាតិសិង្ហបុរី ក្នុងនោះរួមមាន អ្នកស្ម័គ្រចិត្ត និងបុគ្គលិករបស់យើង ដែលបានខិតខំធ្វើការជាមួយអ្នកទាំងអស់គ្នា ដើម្បីធ្វើឱ្យពិភពលោករបស់យើងកាន់តែប្រសើរឡើង"។