
តម្លៃភាគហ៊ុននៅអាស៊ី និងសហរដ្ឋអាម៉េរិក បានធ្លាក់ចុះកាលពីថ្ងៃព្រហស្បតិ៍ ជាលើកដំបូង ដែលបង្កឡើងដោយភាពប្រយ័ត្នប្រយែងរបស់អ្នកវិនិយោគទុនចំពោះលទ្ធផលមិនរំពឹងទុកនៃការចរចា ពាណិជ្ជកម្មរវាងមហាយក្សចិន និងសហរដ្ឋអាម៉េរិក កាលពីសប្តាហ៍មុន។ តម្លៃភាគហ៊ុននៅលើទីផ្សារ S&P 500 របស់អាម៉េរិក បានធ្លាក់ចុះ០,២%, ផ្សារហ៊ុន Nikkei របស់ជប៉ុនធ្លាក់ចុះប្រមាណ១% ហើយផ្សារហ៊ុនចិន សៀងហៃធ្លាក់ចុះ០,២%។
អ្នកវិភាគបានអះអាងថា ការធ្លាក់ចុះតម្លៃភាគហ៊ុននេះ បានឆ្លុះបញ្ចាំងពីការប្រុងប្រយ័ត្នរបស់អ្នកវិនិយោគអំពីស្ថិរភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិក ដែលទើបតែសម្រេចបាន។
លោក ម៉ាក ហាកេត (Mark Hackett) អ្នកវិភាគនៅក្រុមហ៊ុន Mark Hackett បាននិយាយថា នៅពេលដែលភាពតានតឹងពាណិជ្ជកម្មមានភាពធូរស្រាលដោយគ្មានការរំពឹងទុក អ្នកវិនិយោគភាគច្រើនហាក់មានការរារែក និងមានអារម្មណ៍មិនប្រាកដប្រជាពិបាកនៅក្នុងការសម្រេចចិត្ត។
ក្រៅពីស្ថានភាពស្រពេចស្រពិលកំពុងកើតមានឡើងនៅក្នុងផ្សារភាគហ៊ុន តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ ក៏បានធ្លាក់ចុះផងដែរ ស្របពេលចិន និងសហរដ្ឋអាម៉េរិក សម្រេចបានកិច្ចព្រមព្រៀងលើការបន្ធូរបន្ថយពន្ធសម្រាប់រយៈពេល៩០ថ្ងៃ គួបផ្សំដំណើរវិវត្តទៅមុខរបស់កិច្ចព្រមព្រៀងនុយក្លេអ៊ែរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់។ មន្ត្រីអ៊ីរ៉ង់ម្នាក់បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសអ៊ីរ៉ង់ មានឆន្ទៈយល់ព្រមលើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាម៉េរិក ជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ច។ តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានធ្លាក់ចុះ១,៣% មកនៅត្រឹមជាង៦៥ដុល្លារក្នុងមួយបារ៉ែល។
ផ្អែកតាមព័ត៌មាននេះ លោក យូគី តាកាស៊ីម៉ា (Yuki Takashima) អ្នកសេដ្ឋកិច្ចនៅក្រុមហ៊ុន Nomura Securities បានវាយតម្លៃថា បើសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ អាចឈានដល់កិច្ចព្រមព្រៀងមែននោះ សម្ពាធនៃការបង្ហូធនធានប្រេងឆៅអ៊ីរ៉ង់ ទៅកាន់ទីផ្សារនឹងជះឥទ្ធិពលដល់តម្លៃប្រេងឆៅទូទាំងពិភពលោក ខណៈដែលពេលនេះ ក្រុមប្រទេសនៅក្នុងអង្គការនាំចេញប្រេង OPEC កំពុងបង្កើនការផ្គត់ផ្គងប្រេងឆៅស្រាប់៕
ដោយៈ សរ សុជាតិ