ការប្រកាសជ័យលាភីពានរង្វាន់ទាំងពីរនេះ ត្រូវបានធ្វើឡើងជាផ្លូវការក្នុងពិធីប្រគល់ពានរង្វាន់អមនឹងកម្មវិធីលាងសាយភោជន ដែលប្រារព្ធឡើងនៅ Marina Bay Sands ប្រទេសសិង្ហបុរី នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។
ឆ្នាំនេះជាឆ្នាំទី៣ហើយ ដែលធនាគារ មេយប៊ែង ខេមបូឌា បានទទួលជ័យលាភីបីឆ្នាំជាប់ៗគ្នា ក្នុងនាមជា ‘ធនាគារអន្តរជាតិបុគ្គលល្អបំផុតប្រចាំឆ្នាំ នៅប្រទេសកម្ពុជា ( International Retail Bank of the Year – Cambodia)’ ពីកម្មវិធីនេះ។ ជ័យលាភីនេះសបញ្ចាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារចំពោះឧត្តមភាព នវានុវត្តន៍ និងការជំរុញកំណើនប្រកបដោយចីរភាពនៅក្នុងវិស័យធនាគារនៅប្រទេសកម្ពុជា។ លើសពីនេះទៅទៀត នេះជាឆ្នាំដំបូងដែលធនាគារមេយប៊ែង ខេមបូឌា ទទួលបានជ័យលាភីឆ្នើមរបស់ខ្លួនលើ ‘ពានរង្វាន់ផ្នែក គំនិតផ្តួចផ្តើមផ្នែកទីផ្សារ និងពាណិជ្ជសញ្ញាប្រចាំឆ្នាំ ប្រចាំប្រទេសកម្ពុជា (Marketing & Brand Initiative of the Year – Cambodia)’។ ជ័យលាភីនេះក៏បានឆ្លុះបញ្ចាំងពី យុទ្ធសាស្រ្តប្រកបដោយភាពប៉ិនប្រសព្វរបស់ធនាគារ មេយប៊ែង ខេមបូឌា ក្នុងការចូលរួមជាមួយអតិថិជនគ្រប់មជ្ឍដ្ឋាន ប្រកបដោយអត្ថន័យ និងស្របតាមតម្រូវការប្រចាំថ្ងៃ របស់អតិថិជនគ្រប់រូប។
ពានរង្វាន់ទាំងពីរនេះបានទទួលស្គាល់ និងកោតសរសើរលើគំនិតផ្តួចផ្តើមដ៏លេចធ្លោ ក៏ដូចជាសមិទ្ធិផល និងកំណើនជាតួលេខរបស់ធនាគារ មេយប៊ែងប្រចាំឆ្នាំ២០២៣ ក្នុងវិស័យវិស័យធនាគារនៅក្នុងប្រទេសកម្ពុជា។ គួរឲ្យកត់សម្គាល់ផងដែរថា ធនាគារបានធ្វើការរាយការណ៍ពីសមិទ្ធិផលរបស់ខ្លួន ដែលរួមមានកំណើនលើប្រាក់បញ្ញើសរុបរបស់អតិថិជនប្រចាំឆ្នាំប្រមាណ ៣២,៤% និងកំណើនលើប្រាក់កម្ចីសរុបប្រចាំឆ្នាំប្រមាណ ១៣,៣% ដែលលើសពីផលធៀបជាមធ្យមក្នុងវិស័យធនាគារក្នុងប្រទេសកម្ពុជា។ ជាងនេះទៅទៀត ទ្រព្យសកម្មសរុបរបស់ធនាគារ មេយប៊ែង ខេមបូឌាបានកើនឡើងដល់ ១,៨ពាន់លានដុល្លារអាមេរិក ដែលក៏ជាកំណើនដ៏គួរឲ្យកត់សម្គាល់ធៀបទៅនឹងវិស័យ។
សមិទ្ធផលទាំងនេះ សម្រេចទៅបានដោយផ្អែកទៅលើ លើកិច្ចខិតខំប្រឹងប្រែង របស់ធនាគារមេយប៊ែង ខេមបូឌា ក្នុងវិស័យធនាគារនៅប្រទេសកម្ពុជា។ នៅក្នុងឆ្នាំ២០២៣ ធនាគារ មេយប៊ែង ខេមបូឌា បានដាក់ចេញនូវគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើនដែលមានដូចជាការផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្មតាមខ្សែសង្វាក់ផ្គត់ផ្គង់ ហើយមេយប៊ែង ខេមបូឌា ជាធនាគារដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលផ្តល់នូវសេវាកម្មនេះ។ គំនិតផ្តួចផ្តើមនេះបានកំណត់ស្តង់ដារថ្មីក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុ ហើយនេះក៏បញ្ចាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ មេយប៊ែង ខេមបូឌា ចំពោះការច្នៃប្រឌិត និងភាពជាអ្នកដឹកនាំនៅក្នុងទីផ្សារ។
បន្ថែមពីនេះទៅទៀត កាលពីឆ្នាំ២០២៣ ធនាគារ មេយប៊ែង ខេមបូឌា ក៏បានដាក់ដំណើរការ ប័ណ្ណឥណទាន Maybank 2 Cards ដែលជាប័ណ្ណឥណទានទ្វេដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដែលមកជាមួយ ប័ណ្ណឥណទានវីសា និងប័ណ្ណឥណទានអាមេរិចខេន អ៊ិចប្រេស្ស ដោយគ្រាន់តែធ្វើការស្នើតែមួយដងប៉ុណ្ណោះ។ ការរចនាឡើងរបស់ប័ណ្ណឥណទាននេះបានដាក់បញ្ចូលនូវ សូត្រមាសរបស់ខ្មែរ ដែលជាសញ្ញាណនៃភាពអស្ចារ្យ និងភាពឥតខ្ចោះនៃវាយនភ័ណ្ឌខ្មែរ ដែលត្រូវបានទទួលស្គាល់លើភាពល្អឯក និងប្រណិតភាពនៅទូទាំងពិភពលោក។ ហើយនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ធនាគារ មេយប៊ែង ខេមបូឌា ក្នុងការរចនាផលិតផល ដែលមានភាពស៊ីជម្រៅជាមួយវប្បធម៌ និងចំណូលចិត្តរបស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។ គំនិតផ្ដួចផ្ដើមទាំងនេះបានជំរុញមជ្ឈឹមភាព និងភាពងាយស្រួលជូនដល់អតិថិជន។ ទាំងនេះក៏ត្រូវបានគាំទ្រដោយយុទ្ធសាស្ត្រឌីជីថលដ៏រឹងមាំ និងបានជម្រុញបរិវត្តកម្មអនឡាញរបស់ធនាគារ ជាមួយនឹងការដាក់នូវកម្មវិធីនានាដូចជា ការស្នើប័ណ្ណឥណទានតាមប្រព័ន្ធអនឡាញ Maybank2u និងកម្មវិធីស្នើកម្ចីអាជីវកម្មតាមវេបសាយសម្រាប់ម្ចាស់សហគ្រិនធុនតូច និងមធ្យម។
លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេស របស់ធនាគារ មេយប៊ែង ខេមបូឌា បានបង្ហាញពីចំណាប់អារម្មណ៍របស់លោកចំពោះសមិទ្ធិផលទាំងនេះ ដោយលោកមានប្រសាសន៍ថា៖ “យើងពិតជាមានសេចក្តីសោមនស្សរីករាយ និងមោទកភាពជាខ្លាំងក្នុងការឈ្នះពានរង្វាន់ប្រកបដោយកិត្យានុភាពទាំងពីរនេះ។ វាជាសក្ខីភាពមួយចំពោះចក្ខុវិស័យយុទ្ធសាស្ត្ររបស់យើង និងការខិតខំប្រឹងប្រែងរួមគ្នាជាក្រុម ទាំងមូលរបស់យើង ដែលគាំទ្រដោយគំនិតផ្តួចផ្តើមផ្នែកទីផ្សារ និងពាណិជ្ជសញ្ញាដ៏រឹងមាំ រួមទាំងការផ្តល់ជូនផលិតផលចម្រុះដល់អតិថិជនគ្រប់មជ្ឈដ្ឋាន។ បើទោះបីមានការប្រឈមនឹងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកលលោកក៏ដោយ ធនាគារ មេយប៊ែង ខេមបូឌា បានបង្ហាញភាពធន់ជាមួយនឹងផលត្រឡប់មកវិញដ៏រឹងមាំនៃផលចំណេញធៀបនឹងមូលធនប្រមាណ ៦,៧% យ៉ាងគាប់ប្រសើរសម្រាប់ឆ្នាំ២០២៣”។ លោកក៏បានបន្ថែមទៀតថា៖ “កំណើនអត្រាប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់យើង បានឆ្លុះបញ្ចាំងពីការប្តេជ្ញាយ៉ាងមុតមាំរបស់យើង ក្នុងការសម្រេចបាននូវកំណើនលើសការរំពឹងទុកក្នុងវិស័យធនាគារ។ ខ្ញុំមានមោទកភាពយ៉ាងខ្លាំងចំពោះនិយោជិតទាំងអស់របស់ធនាគារ មេយប៊ែង ខេមបូឌា សម្រាប់ការលះបង់ និងការខិតខំប្រឹងប្រែងរួមគ្នារបស់ពួកគេ ដែលពិតជាមានសារៈសំខាន់ក្នុងការសម្រេចបាននូវកិត្តិយសទាំងនេះ។”
លើសពីសមិទ្ធិផលផ្នែកហិរញ្ញវត្ថុ ជ័យលាភីក្នុងពានរង្វាន់ជា ‘ធនាគារអន្តរជាតិល្អបំផុតប្រចាំឆ្នាំ ប្រចាំប្រទេសកម្ពុជា’ ដែលធនាគារ មេយប៊ែង ខេមបូឌា ទទួលបាននេះ ក៏ជាការទទួលស្គាល់លើកម្មវិធីនានារបស់ធនាគារ ក្នុងការលើកកម្ពស់សហគមន៍ផងដែរ។ ស្របតាមបេសកកម្មរបស់គ្រឹះស្ថាន ក្នុងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយអរិយ្យភាព ធនាគារ មេយប៊ែង ខេមបូឌា តែងតែបន្តការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សហគមន៍របស់ខ្លួនប្រកបដោយបរិយាបន្ន ដែលសហគមន៍ដែលធនាគារ មេយប៊ែងតែងតែចូលរួមជាមួយទាំងនោះរួមមានកុមារ ជនមានពិការភាព សហគ្រិន ស្ត្រីតម្បាញ និងកសិករជាដើម។ គំនិតផ្តួចផ្តើមមួយចំនួនដែលត្រូវបានទទួលស្គាល់ទាំងនោះរួមមានដូចជា (១) កម្មវិធីកសាងសមត្ថភាព និងជំនាញសម្រាប់សហគ្រិនធនតូច និងមធ្យម (SME Building Capacity and Capability programme ) ដែលផ្តល់ការបណ្តុះបណ្តាលគន្លឹះ សម្រាប់ម្ចាស់សហគ្រាសធុនតូច និងមធ្យម (២) កម្មវិធីស្រ្តី និងតម្បាញ ធនាគារ មេយប៊ែង (Maybank Women Eco-Weavers programme) ដែលរួមបញ្ចូលការផ្តល់បរិយាបន្នហិរញ្ញវត្ថុតាមរយៈការបង្កើតការងារ និងវគ្គបណ្តុះបណ្តាលជំនាញសម្រាប់ សហគមន៍តម្បាញ ដែលមានកម្រិតជីវភាពខ្វះខាត និង (៣) កម្មវិធី បណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់កុមាររបស់ ធនាគារ មេយប៊ែង (Maybank CashVille Kidz programme) ដែលបានចូលរួមលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមសិស្សានុសិស្សថ្នាក់បឋមសិក្សា។
បន្ថែមពីនេះទៅទៀត ធនាគារ មេយប៊ែង ខេមបូឌា កាលពីពេលថ្មីៗនេះបានដាក់ដំណើរនូវ កម្មវិធីទំនួលខុសត្រូវសង្គមថ្មី ដែលមានឈ្មោះថាកម្មវិធី Reach Independence & Sustainable Entrepreneurship (R.I.S.E) ដែលជាកម្មវិធីមួយរួមចំណែកដល់ការលើកកម្ពស់ដល់សហគមន៍ខ្វះខាត និងជនដែលមានពិការភាព ដោយក្នុង នោះបានរួមបញ្ចូលនូវជំនាញសហគ្រិនភាព និងចំណេះដឹងផ្នែកហិរញ្ញវត្ថុតាមរយៈវគ្គបណ្តុះបណ្តាល ដើម្បីជួយដល់អ្នកចូលរួមក្នុងបង្កើនប្រាក់ចំណូល។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់ធនាគារ មេយប៊ែង ខេមបូឌា ចំពោះផលជះជាវិជ្ជមានដល់សង្គមប្រកបដោយចីរភាព និងការលើកកម្ពស់សហគមន៍។
បន្ថែមលើសមិទ្ធិផលផ្នែកហិរញ្ញវត្ថុ និងគំនិតផ្តួចផ្តើមសហគមន៍ ធនាគារ មេយប៊ែង ខេមបូឌា ក៏បានបង្កើនគុណភាពផ្នែកបទពិសោធធនាគាររបស់អតិថិជន តាមរយៈកិច្ចខិតខំប្រឹងប្រែងពង្រឹងផ្នែកទីផ្សារ និងពាណិជ្ជសញ្ញាប្រកបដោយភាពច្នៃប្រឌិត ដោយផ្តោតសំខាន់ទៅលើ អតិថិជនគ្រប់មជ្ឍដ្ឋាន និងស្រទាប់វ័យ។ ក្នុងនោះផងដែរ Maybank Pop Up គឺជាគំរូនៃគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើម ដែលបានរួមចំណែកក្នុងការទទួលបាននូវ ’ពានរង្វាន់ ផ្នែកទីផ្សារ និងពាណិជ្ជសញ្ញាប្រចាំឆ្នាំ’ នេះ។
Maybank Pop Up បម្រើតួនាទីជាធនាគារចល័ត និងមជ្ឈមណ្ឌលផ្សព្វផ្សាយ សម្រាប់បម្រើសេវាកម្មហិរញ្ញវត្ថុចម្រុះ រួមបញ្ចូលទាំង ការបើកគណនីសន្សំ ដល់ការស្នើសុំប័ណ្ណឥណពន្ធ/ឥណទាន ការបើកគណនីតាមកម្មវិធីធនាគារចល័ត និងការប្រឹក្សាពីកម្ចីផ្សេងៗ។ កម្មវិធីនេះក៏ធ្វើឡើងសម្រាប់គាំទ្រគំនិតផ្តួចផ្តើមសហគមន៍ ដោយបានបន្ថែមនូវការផ្សព្វផ្សាយពីឱកាសសម្រាប់ការងារ កម្មសិក្សា និងកម្មវិធីផ្សេងៗ ក៏ដូចជាអាហារូបករណ៍ សម្រាប់យុវជន។ ភាពជោគជ័យរបស់ Maybank Pop Up បានបង្ហាញឱ្យឃើញតាមរយៈកំណើនអតិថិជនចូលមកច្រើនជាងសាខាធម្មតារហូតដល់ជាង៨ដងក្នុងមួយថ្ងៃ ខណៈពេលដែលការចំណាយទៅការបង្កើតជាមណ្ឌលចល័តនេះ ទាបជាងការចំណាយលើការបង្កើតសាខាតូចទូទៅប្រមាណជា១០% ទៅ ១៦%។
ស្របពេលដែល ធនាគារ មេយប៊ែង ខេមបូឌា បន្តឆ្ពោះទៅមុខ ធនាគារនៅតែប្រកាន់ខ្ជាប់នូវការលើកកម្ពស់សេវាកម្មរបស់ខ្លួន និងគំនិតផ្តួចផ្តើមការចូលរួមសហគមន៍ ដោយប្តេជ្ញាពង្រឹងជំហររបស់ខ្លួនឱ្យក្លាយជាធនាគារអាស៊ានឈានមុខគេនៅកម្ពុជា។ ធនាគារ មេយប៊ែង នឹងបន្តនិន្នាការរបស់ខ្លួនក្នុងការសម្របខ្លួនទៅនឹងបញ្ហាប្រឈមជាសាកល ខណៈបន្តជំរុញការពង្រីកអតិថិជលគោលដៅរបស់ខ្លួន និងស្វែងរកកម្មវិធីប្រកបដោយភាពច្នៃប្រឌិតថ្មីៗដើម្បីវិវត្តន៍បែបផែនធនាគារ របស់ខ្លួន ឲ្យទាន់សម័យកាល ព្រមទាំងរក្សាកេរ្តិ៍ឈ្មោះរបស់ខ្លួនប្រកបដោយការប្តេជ្ញាចិត្ត ជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយនៅប្រទេសកម្ពុជា ។