មេដឹកនាំអាស៊ាន

អូស្ត្រាលីត្រៀមកញ្ចប់ថវិកាជិត៤២លានដុល្លារ ដើម្បីពង្រឹងសន្តិសុខរួមជាមួយអាស៊ាន


នៅមុនពេលដែលមេដឹកនាំអាស៊ាន និងអូស្រ្តាលីដឹកដៃគ្នាចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ចន្លោះពីថ្ងៃទី៤-៦ មីនា ឆ្នាំ២០២៤ រដ្ឋាភិបាលអូស្រ្តាលី បានបង្ហើបពីកញ្ចប់ជំនួយមួយ ដែលមានតម្លៃប្រមាណជិត៤២លានដុល្លារអាម៉េរិក សម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍។ ប៉ុន្តែគម្រោងនេះផ្តោតលើតែសន្តិសុខដែនសមុទ្ររវាងអាស៊ាន និងអូស្រ្តាលីប៉ុណ្ណោះ។
មេដឹកនាំអាស៊ាន
ដោយ

លោកស្រី ផេននី វង្ស (Penny Wong) រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី បាននិយាយកាលពីពេលថ្មីៗថា អូស្ត្រាលីនឹងវិនិយោគនូវទឹកប្រាក់ជិត៤២លានដុល្លារ ក្នុងរយៈពេល៤ឆ្នាំ ដើម្បីរួមចំណែកជួយលើកកម្ពស់សន្តិសុខ និងវិបុលភាពក្នុងតំបន់ ស្របតាមអាទិភាពនៃប្រទេសអាស៊ីអាគ្នេយ៍។ ព្រោះលោកស្រីយល់ឃើញថា បណ្តាប្រទេសឥណ្ឌូប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងការគំរាមកំហែងផ្នែកការពារជាតិយ៉ាងធ្ងន់ធ្ងរ ខណៈដែលខ្លួនបានត្រៀមថវិកាបន្ថែមទៀតសម្រាប់កិច្ចព្រមព្រៀងសន្តិសុខដែនសមុទ្រជាមួយបណ្តាប្រទេសអាស៊ាន ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលជាមួយអាស៊ាន។

លោកស្រី បាននិយាយនៅក្នុងសុន្ទរកថា នៅឯកិច្ចប្រជុំមួយថា អូស្ត្រាលី ក៏ដូចជាប្រទេសនៅក្នុងតំបន់អាស៊ានកំពុងប្រឈមមុខនឹងបញ្ហាអស្ថិរភាព ការបង្កហេតុ និងសកម្មភាពបង្ខិតបង្ខំ រួមទាំងការប្រព្រឹត្តមិនមានសុវត្ថិភាពនៅសមុទ្រ និងនៅលើអាកាស។ សម្រាប់មន្ត្រីជាន់ខ្ពស់រូបនេះ សេរីភាព និងការបើកចំហនៅសមុទ្រចិនខាងត្បូង គឺមានសារសំខាន់ណាស់សម្រាប់បម្រើឱ្យការធ្វើពាណិជ្ជកម្មនៅក្នុងតំបន់។ លោកស្រីបានលើកឡើងក្នុងសម្រង់សម្តីដើមថា «អ្វីដែលកំពុងកើតឡើងនៅសមុទ្រចិនខាងត្បូងនៅច្រកសមុទ្រតៃវ៉ាន់ ក្នុងអនុតំបន់មេគង្គ តំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺសុទ្ធតែប៉ះពាល់ដល់យើងទាំងអស់គ្នា»។

ជុំវិញបញ្ហានៅសមុទ្រចិនខាងត្បួង លោក អេនរិក ម៉ាណាឡូ ( Enrique Manalo) រដ្ឋមន្ត្រីការបរទេសហ្វីលីពីន បាននិយាយថា សមុទ្រចិនខាងត្បូងមានសារសំខាន់ជាយុទ្ធសាស្ត្រសម្រាប់អាស៊ាន។ បច្ចុប្បន្នប្រទេសចំនួន៤ នៅអាស៊ាន ដែលមានទំនាស់ជាមួយនឹងចិន នៅសមុទ្រចិនខាងត្បូង រួមមាន វៀតណាម ហ្វីលីពិន ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដែលជាតំបន់មានវិសាលភាពពាណិជ្ជកម្មមានតម្លៃរហូតដល់ជាង៣ទ្រីលានដុល្លារ។ ទន្ទឹមនេះហ្វីលីពីន និងវៀតណាមកំពុងតែបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងអ្វី ដែលខ្លួនពិពណ៌នាថា ជា"សកម្មភាពឈ្លានពាន" របស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។

មកដល់ពេលនេះគេដឹងថា អូស្រ្តាលី គឺជាដៃគូដ៏ចម្បងមួយរបស់អាស៊ាន ដោយពាណិជ្ជកម្មរវាងអាស៊ាន និងអូស្រ្តាលី មានតម្លៃប្រមាណជា១៧៨ពាន់លានដុល្លារ ហើយក្រៅពីនោះ អូស្រ្តាលី ក៏ជាមជ្ឈមណ្ឌលអភិវឌ្ឈន៍មូលធនមនុស្សដ៏ក្រាស់ក្រែលរបស់អាស៊ាន ដោយទីនោះបានទទួលនិស្សិតពីអាស៊ានប្រមាណជា១សែននាក់៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


វិស័យអលចនទ្រព្យនៅទីក្រុងហូជីមិញ ហាក់រើបឡើងវិញ ក្រោយនៅ២ខែឆ្នាំនេះរកចំណូលបានជិត២ពាន់លានដុល្លារ

ឈ្មួញកណ្តាលក្នុងវិស័យអចលនទ្រព្យនៅប្រទេសវៀតណាម បានអះអាងថា ស្ថានភាពនៃវិស័យអលចនទ្រព្យនៅទីក្រុងហូជីមិញ កំពុងបង្ហាញសញ្ញានៃការងើបឡើងវិញ។ ជាក់ស្…

ក្រុមហ៊ុនអូស្រ្តាលីមួយ ចង់វិនិយោគលើឧស្សាហកម្មចំណីអាហារនៅកម្ពុជា ដើម្បីនាំចេញ

ក្រុមហ៊ុន SPC Group របស់ប្រទេសអូស្រ្តាលី ដែលជាក្រុមហ៊ុនផ្ដោតលើវិស័យកសិ-ឧស្សាហកម្ម និងមានជំនាញលើការផលិតចំណីអាហារ និងការកែច្នៃវេចខ្ចប់ផ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ