
លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកការឆ្លើយតបរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយការបញ្ឈប់ឱ្យមានការចាក់បញ្ចាំងភាពយន្តថៃ នៅកម្ពុជា បានបង្ហាញពីកិត្យានុភាពរបស់កម្ពុជា ក្នុងការប្រឆាំងដាច់ខាតចំពោះការមើលងាយពីជាតិសាសន៍ណាមួយមកលើប្រទេសកម្ពុជា ក៏ដូចជាដើម្បីឆ្លើយតបនឹងការគំរាមគំហែងយ៉ាងគឃ្លើនរបស់ក្រុមជ្រុលនិយមថៃ ផងដែរ។ បន្ថែមលើនេះ វាជាផ្នែកមួយក្នុងការកាត់ផ្តាច់ការផ្សព្វផ្សាយវប្បធម៌របស់ថៃ មកលើពលរដ្ឋកម្ពុជា ព្រោះរាល់ខ្សែភាពយន្តទាំងអស់តែងតែមានបង្កប់ផ្នត់គំនិតផ្សព្វផ្សាយពីអំណាចទន់។
ជាមួយគ្នានេះ លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស បានបង្ហាញការគាំទ្រចំពោះចំណាត់របស់រដ្ឋាភិបាលដែលហាមមិនឱ្យមានការចាក់បញ្ចាំងភាពយន្តថៃ នៅកម្ពុជា ដ្បិតវាបានបង្ហាញពីការការពារកិត្យានុភាពរបស់កម្ពុជា ក្នុងការប្រឆាំងនឹងការមើលងាយរបស់ប្រទេសថៃ។ អ្នកជំនាញរូបនេះ កត់សម្គាល់ឃើញថា ពលរដ្ឋកម្ពុជា បានងាកមកគាំទ្រភាពយន្តខ្មែរកាន់ច្រើន ក្រោយថៃ បង្ហាញសកម្មភាពមិនឱ្យតម្លៃមកប្រជាជាតិកម្ពុជា ដែលកត្តានេះបានហុចឱកាសដល់ផលិតករ និងផលិតកម្មក្នុងស្រុកអាចបង្កើនទីផ្សាររបស់ខ្លួនបានច្រើនជាងមុន។ លោកបានបន្ថែមថា សម្រាប់ផលិតកម្មរបស់លោកកំពុងមានផែនការផលិតភាពយន្តបន្ថែមឱ្យបាន៦ភាពយន្តក្នុងមួយឆ្នាំ ហើយនឹងចាក់ផ្សាយតាមរោងកុនឱ្យបាន១ភាពយន្តក្នុងមួយខែ តែយ៉ាងណាលោកបានសំណូមពរដល់ពលរដ្ឋឱ្យជួយគាំទ្រភាពយន្តខ្មែរ ដើម្បីឱ្យវិស័យភាពយន្តកាន់តែរីកចម្រើន។
ទន្ទឹមនេះ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្ប:ភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រំពឹងថា ការឈប់ឱ្យចាក់ផ្សាយរឿងថៃ នៅកម្ពុជា វានឹងជួយលើកកម្ពស់សមត្ថភាពតែងនិពន្ធ និងទីផ្សារភាគភាពខ្មែរឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ លោកបានបន្តថា កន្លងមកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគាំពារដល់វិស័យភាពយន្តខ្មែរតាមរយៈការបណ្ដុះបណ្ដាលជំនាញភាពយន្តដោយផ្ដោតលើស្នាដៃតែងនិពន្ធ ការព្យួរកាតព្វកិច្ចបង់ពន្ធ ការសម្របសម្រួលទីតាំងថតដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋដូចជាតំបន់ប្រាសាទអង្គរវត្ត ក៏ដូចជាសម្របសម្រួលលក្ខខណ្ឌ និងពេលវេលា ដែលត្រូវឆ្លងកាត់ភាគីពាក់ពន្ធ័ច្រើនផងដែរ។
ពាក់ព័ន្ធបញ្ហានេះដែរ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានចាត់ទុកការឈប់ឱ្យចាក់ផ្សាយរឿងថៃ នៅកម្ពុជា មិនត្រឹមតែធ្វើឱ្យថៃ ប្រឈមនឹងការខាតបង់ប្រាក់នោះទេ ថែមទាំងបិទមិនឱ្យថៃ បានផ្សព្វផ្សាយវប្បធម៍របស់ខ្លួននៅកម្ពុជា ផងដែរ។ សម្រាប់សម្តេចតេជោ កម្ពុជា ចង់រក្សាទំនាក់ទំនងល្អជាមួយភាគីថៃ ប៉ុន្តែភាគីថៃ ហាក់បង្ហាញចេតនាមិនចង់ធ្វើមិត្តជាមួយកម្ពុជា នោះទេ ដូច្នោះកម្ពុជា ត្រូវតែឆ្លើយតបដោយម៉ឺងម៉ាត់ក្នុងឋាន:ជាជាតិសាសន៍មួយថ្លៃថ្នូរ។ តែយ៉ាងណា សម្ដេចតេជោ អំពាវឱ្យប្រជាពលរដ្ឋកុំធ្វើអំពើជ្រុលនិយមដូចជាបាតុកម្មប្រឆាំងស្ថានទូតថៃ ក្រុមហ៊ុនថៃ និងជនជាតិថៃ នៅកម្ពុជា និងកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ចំពោះជនជាតិថៃ ដែលភាគច្រើនលើសលប់ជាមនុស្សល្អ៕
អត្ថបទ៖ ជា ម៉ារ៉ា