គ្រឹះស្ថានធនាគារ

គ្រឹះស្ថានធនាគារគាំទ្រលើការបញ្ចុះអត្រាការប្រាក់កម្ចីសម្រាប់អភិវឌ្ឍលំនៅឋាន និងទិញអចលនទ្រព្យមកនៅត្រឹម៨%


គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាបានឯកភាពគាំទ្រគំនិតផ្តួចផ្តើមលើការបន្ធូរបន្ថយការប្រាក់លើកម្ចីសម្រាប់ការអភិវឌ្ឍលំនៅឋាន និងទិញអចលនទ្រព្យមកត្រឹម៨%ក្នុងមួយឆ្នាំ ដែលអត្រាការប្រាក់ថ្មីនេះនឹងផ្តល់ឱ្យអតិថិជនទិញលំនៅឋាននូវលទ្ធភាពអនុវត្តកាតព្វកិច្ចសងត្រឡប់កាន់តែមានភាពងាយស្រួល។ ការឯកភាពនេះ ធ្វើឡើងក្នុងកិច្ចពិភាក្សាការងារវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាមួយធនាគារជាតិនៃកម្ពុជា និងបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធមួយចំនួនទៀត។
គ្រឹះស្ថានធនាគារ
ដោយ

តើក្រុមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាមានការយល់ឃើញបែបណាជុំវិញគោលការណ៍នេះ?

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានជួបពិភាក្សាការងារជាមួយតំណាងធនាគារជាតិនៃកម្ពុជា និងធនាគារធំៗចំនួន៩នៅកម្ពុជា និងភាគីពាក់ព័ន្ធ មួយចំនួនទៀត ដើម្បីស្វែងរកការឯកភាពលើគោលការណ៍មួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈមនៃវិស័យលំនៅឋាន និងអចលនទ្រព្យ ដែលកំពុងមាន ជាពិសេសជួយសម្រួលបន្ទុកហិរញ្ញវត្ថុ ដែលជាកាតព្វកិច្ចក្នុងការទិញ-លក់លំនៅឋានរបស់ប្រជាពលរដ្ឋ។ ជាលទ្ធផលនៃជំនួបនេះ តំណាងធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់បានឯកភាពគាំទ្រគំនិតផ្តួចផ្តើមក្នុងការបន្ធូរបន្ថយការប្រាក់លើកម្ចីសម្រាប់ការអភិវឌ្ឍលំនៅឋាន និងទិញអចលនទ្រព្យមកនៅត្រឹម៨% ក្នុង១ឆ្នាំដែលអត្រាការប្រាក់ថ្មីនេះនឹងផ្តល់ឱ្យអតិថិជនទិញលំនៅឋាននូវលទ្ធភាពអនុវត្តកាតព្វកិច្ចសងត្រឡប់កាន់តែមានភាពងាយស្រួល ដែលនឹងផ្តល់ឱ្យអតិថិជន ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុបន្តដំណើរការទូទាត់កាន់តែមានសុវត្ថិភាព និងងាយស្រួល។

ពាក់ព័ន្ធបញ្ហានេះដែរ លោកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុន PropNex Cambodia បានគូសបញ្ជាក់ថា ការឯកភាពបន្ធូរបន្ថយការប្រាក់មកត្រឹម៨%ក្នុងមួយឆ្នាំ សម្រាប់ការអភិវឌ្ឍលំនៅឋាន និងទិញអចលនទ្រព្យនេះ វានឹងជួយសម្រួល និងជំរុញឱ្យវិស័យអចលនទ្រព្យនៅកម្ពុជាឱ្យមានភាពប្រសើរឡើងវិញបានមួយកម្រិត ពោលគឺជួយសម្រួលកាតព្វកិច្ចបង់ប្រាក់របស់អតិថិជនកាន់តែមានភាពងាយស្រួលជាងមុន។ តែយ៉ាងណា អ្នកជំនាញរូបនេះបានអះអាងថា គោលការណ៍ថ្មីនេះទំនងជាអាចជួយសម្រួលបានតែចំពោះអតិថិជនដែលទិញអចលនទ្រព្យយកមកប្រើប្រាស់តែប៉ុណ្ណោះ ខណៈអ្នកទិញសម្រាប់វិនិយោគហាក់មិនបានជំរុញតាមរយៈគោលការណ៍ថ្មីនេះនោះទេ។

ជាមួយគ្នានេះលោក ងួន ឆាយលាង អគ្គនាយក្រុមហ៊ុន Pointer បានគូសបញ្ជាក់ថា តាមរយៈការបន្ថយអត្រាការប្រាក់នេះ វានឹងអាចជួយជំរុញឱ្យការទិញ-លក់អចលនទ្រព្យនៅកម្ពុជា មានស្ថានភាពល្អប្រសើរឡើងវិញ ហើយប្រសិនបើមានការបន្ធូរបន្ថយនូវលក្ខខណ្ឌកម្ចីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួនបន្ថែមទៀតនោះ លោកជឿជាក់ថា វានឹងកាន់តែអាចជួយដោះស្រាយបញ្ហាប្រឈមនៃវិស័យលំនៅឋាន និងអចលនទ្រព្យនៅកម្ពុជាបានកាន់តែលឿនផងដែរ។

ជាមួយគ្នានេះ លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត បានវាយតម្លៃថា ការឯកភាពឱ្យមានការបន្ថយអត្រាការប្រាក់មកត្រឹម៨%ក្នុងមួយឆ្នាំនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសម្រួល និងជំរុញឱ្យវិស័យអចលនទ្រព្យនៅកម្ពុជាមានភាពប្រសើរឡើងវិញ ដ្បិតថាកន្លងមកអត្រាការប្រាក់កម្ចីសម្រាប់វិស័យអចលនទ្រព្យហាក់មានកម្រិតខ្ពស់ខ្លាំងចន្លោះពី១២% ទៅ១៨% ក្នុង១ឆ្នាំឯណោះ។

គួរជម្រាបថា នៅក្នុងកិច្ចពិភាក្សាខាងលើ ភាគីពាក់ព័ន្ធក៏បានសម្រេចឯកភាពលើកម្ចីដែលមានការប្រាក់ទាបលើវិស័យអចលនទ្រព្យ នឹងកាត់បន្ថយវិវាទដែលកើតឡើង ដោយសារអតិថិជនគ្មានលទ្ធភាពបំពេញកាតព្វកិច្ច ហើយការអនុវត្តគោលការណ៍ នឹងឈានទៅបញ្ចប់វិវាទបុរី ក៏ដូចជាការបើកទំព័រថ្មី សម្រាប់ការងើបឡើងនូវវិស័យអចលនទ្រព្យ និងការទិញលក់លំនៅឋាន។ បន្ថែមលើនេះ ភាគីទាំងអស់បានឯកភាពថា នឹងបន្តជួបពិភាក្សាលម្អិតលើគោលការណ៍ដោះស្រាយបញ្ហាប្រឈមនៃវិស័យលំនៅឋាន និងអចលនទ្រព្យនេះ នៅក្នុងកិច្ចប្រជុំរបស់ក្នុងក្របខ័ណ្ឌក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ "ឌ" វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នាពេលខាងមុខ ហើយចំពោះគ្រឹះស្ថានហិរញ្ញវត្ថុណាដែលមានលទ្ធភាពអនុវត្តបាន នឹងចាប់ផ្តើមអនុវត្តគោលការណ៍ថ្មីនេះជាបណ្តើរៗ៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ




អត្ថបទបន្ទាប់


ក្រុមហ៊ុនកូរ៉េ ចំនួន៥ បង្ហាញបំណងចង់វិនិយោគលើការប្រមូលទិញ និងបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ

វិស័យស្វាយចន្ទីរបស់កម្ពុជា បច្ចុប្បន្នហាក់ទទួលបានសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ ពោលគឺមានបណ្តាវិនិយោគិនជាតិ និងអន្តរជាតិ ជាច្រើន បានបង្ហាញបំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ