ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុនលោកស្រី សាណាអិ តាកាអ៊ិឈិ បានជួបពិភាក្សាគ្នាលើកដំបូងកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយបានសន្យារួមគ្នាថា នឹងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសន្តិសុខ និងសេដ្ឋកិច្ច។
សម្រាប់ផ្នែកសន្តិសុខលោកស្រី តាកាអ៊ិឈិ និងលោក ត្រាំ បានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពទប់ស្កាត់ជាមុន និងការឆ្លើយតបរបស់សម្ពន្ធមិត្តចំពេលមានបញ្ហាប្រឈមកាន់តែខ្លាំងបង្កឡើងដោយប្រទេសចិន និងកូរ៉េខាងជើង ខណៈទីក្រុងវ៉ាស៊ីនតោន កំពុងអំពាវនាវឱ្យសម្ពន្ធមិត្តចំណាយប្រាក់បន្ថែមទៀតលើវិស័យការពារជាតិ។ លោក ត្រាំ បាននិយាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួនថា ពេលនេះជប៉ុនកំពុងបង្កើនសមត្ថភាពយោធាជាខ្លាំង ហើយអាម៉េរិកបានទទួលការបញ្ជាទិញសព្វាវុធជាច្រើនពីជប៉ុន។ លោក ត្រាំ បានពេញចិត្តជាខ្លាំងចំពោះការបញ្ជាទិញអាវុធទាំងនេះ ហើយអាម៉េរិក ក៏ពេញចិត្តនឹងធ្វើពាណិជ្ជកម្មជាមួយជប៉ុនផងដែរ។
ពាក់ព័ន្ធវិស័យសេដ្ឋកិច្ចវិញ នៅមុនពេលអាហារថ្ងៃត្រង់ជុំគ្នា លោកស្រី តាកាអ៊ិឈិ និងលោក ត្រាំ បានចុះហត្ថលេខាលើឯកសារមួយចំនួនរួមទាំងឯកសារមួយស្តីពីកិច្ចការ ដើម្បីធានា និងផ្គត់ផ្គង់រ៉ែសំខាន់ៗរួមទាំងរ៉ែកម្រផងដែរ ក្នុងកិច្ចខិតខំដើម្បីបង្កើនសន្តិសុខសេដ្ឋកិច្ចទប់ទល់នឹងប្រទេសចិន។
នៅពេលចាប់ផ្ដើមនៃកិច្ចប្រជុំនេះ លោកស្រី តាកាអ៊ិឈិ ដែលជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ជប៉ុន បានសន្យាថា នឹងកសាងយុគសម័យមាសថ្មី នៃសម្ពន្ធភាពជប៉ុន-អាម៉េរិក និងបានចាត់ទុកទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបានក្លាយជាសម្ពន្ធភាពដ៏អស្ចារ្យបំផុតនៅលើពិភពលោក។
មេដឹកនាំទាំងពីរ ក៏ត្រូវបានគេរំពឹងដែរថា នឹងបញ្ជាក់ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានធ្វើឡើងក្នុងខែកក្កដា ដែលក្នុងនោះជប៉ុន ក៏បានប្តេជ្ញាចិត្តក្នុងការបោះទុនវិនិយោគចំនួន៥៥០ពាន់លានដុល្លារលើឧស្សាហកម្មសំខាន់ៗនៅសហរដ្ឋអាម៉េរិក ដូចជាឧបករណ៍បន្ទះឈីប រ៉ែសំខាន់ៗ និងការសាងសង់កប៉ាល់ ក៏ដូចជាការទិញផលិតផលកសិកម្ម និងផលិតផលផ្សេងៗទៀតរបស់សហរដ្ឋអាម៉េរិក៕
ដោយ៖ សុខ មង្គល