ប្លុកប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ខ្លាំង ហៅកាត់ថា BRICS ដែលមានសមាជិកស្ថាបនិកចំនួន៥រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា មហាយក្សចិន និងអាហ្វ្រិកខាងត្បួង កំពុងសម្លឹងរកឱកាសបញ្ចប់ការទូទាត់ពាណិជ្ជកម្មឆ្លងដែនតាមប្រព័ន្ធទូទាត់អន្តរជាតិ SWIFT ដែលប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិក ហើយមានបំណងងាកមកទូទាត់ជារូបិយប័ណ្ណក្នុងស្រុកវិញ។ ស្ថានការណ៍វិបត្តិនេះបានបន្ថែមសម្ពាធលើប្រព័ន្ធទូទាត់អន្តរជាតិ SWIFT ដែលនឹងឈានទៅរកការធ្លាក់ចុះនូវការទូទាត់ពាណិជ្ជកម្ម ដែលផ្អែកលើប្រាក់ដុល្លារអាម៉េរិក ពីសំណាក់ប្លុកប្រទេស BRICS។
លោក ម៉ាកូ រូប៊ីអូ (Marco Rubio) សមាជិកព្រឹទ្ធសភាមណ្ឌលរដ្ឋហ្វ្លរីដា បានក្លាយជាសមាជិកព្រឹទ្ធសភាអាម៉េរិកដំបូងគេ ដែលព្រមានថា ប្លុកប្រទេស BRICS បង្កការគំរាមកំហែងដល់ប្រព័ន្ធទូទាត់អន្តរជាតិ SWIFT និងប្រាក់ដុល្លារអាម៉េរិក ហើយថា ការពង្រីកប្លុកប្រទេស BRICS នឹងធ្វើឱ្យប្រទេសកាន់តែច្រើនកាត់ផ្ដាច់ទំនាក់ទំនងទាំងជាមួយប្រាក់ដុល្លារអាម៉េរិក និងប្រព័ន្ធទូទាត់អន្តរជាតិ SWIFT។
លោកនិយាយថា បណ្ដាសមាជិកនៃប្លុកប្រទេស BRICS នឹងបញ្ចេញរូបិយប័ណ្ណបរទេសបម្រុង ដើម្បីផ្ដល់កម្ចីក្នុងទំហំរាប់ពាន់លានដុល្លារ ជាមួយលក្ខខណ្ឌងាយស្រួលដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីប្រជែងជាមួយសហរដ្ឋអាម៉េរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត។ សមាជិកព្រឹទ្ធសភារូបនេះបានបន្ថែមថា ការពង្រីកប្លុកប្រទេស BRICS ក៏ធ្វើឱ្យពួកគេកាន់តែមានអំណាច ដើម្បីប្រកួតប្រជែងនឹងប្រព័ន្ធទូទាត់អន្តរជាតិ SWIFT និងប្រាក់ដុល្លារអាម៉េរិកផងដែរ។
លោក ម៉ាកូ រូប៊ីអូ (Marco Rubio) បានគូសបញ្ជាក់ថា ការពង្រីកប្លុកប្រទេស BRICS នឹងធ្វើឱ្យទំហំពាណិជ្ជកម្មរបស់ប្លុកនេះកើនឡើងទ្វេដង ដោយបង្កើនភាពទាក់ទាញរបស់ប្លុកនេះជាជម្រើសមួយជំនួសឱ្យប្រព័ន្ធទូទាត់អន្តរជាតិ SWIFT ដែលដឹកនាំដោយសហរដ្ឋអាម៉េរិក និងអឺរ៉ុប។
ទន្ទឹមនេះលោក ឌីក បូវ (Dick Bove) វ័យ៨៣ឆ្នាំ ជាអ្នកវិភាគជើងចាស់ទើបចូលនិវត្តន៍ថ្មីៗនៅសង្កាត់ហិរញ្ញវត្ថុដ៏ល្បីល្បាញ Wall Street បានលើកឡើងថា ប្រាក់ដុល្លារអាម៉េរិកបានក្លាយជាមូលដ្ឋានដ៏រឹងមាំ ឬជាសរសៃឈាមដ៏សំខាន់នៃប្រព័ន្ធពាណិជ្ជកម្ម និងហិរញ្ញវត្ថុពិភពលោកចាប់តាំងពីសង្គ្រាមលោកលើកទី២មកម៉្លេះ ប៉ុន្តែលោកជឿថា យុគសម័យដ៏រុងរឿងនៃប្រាក់ដុល្លារអាម៉េរិកជិតឈានដល់ទីបញ្ចប់ហើយ៕
ដោយ: តែម សុខុម